លោក ផាន់ សុភាព៖ ពិការភាព និងការជម្នះលើការរើសអើង
ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចកម្ពុជា នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ បានចេញផ្សាយព័ត៌មានថា កុមារភាពរបស់ ផាន់ សុភាព បានជួបនូវការរើសអើង និងមាក់ងាយ ដោយសារពិការភាពរបស់គាត់ បណ្តាលមកពីជំងឺស្វិតដៃជើង។
ពេលខ្លះ កុមារមួយចំនួនក្នុងភូមិរបស់គាត់ បានសើចចំអក និងធ្វើត្រាប់តាមដំណើររបស់គាត់។ ទោះបីជាគាត់មិនត្រូវបានលើកទឹកចិត្តឱ្យទៅរៀនក៏ដោយ ក៏កុមារ ផាន់ សុភាព មិនបានបោះបង់ចោលការសិក្សាឡើយ ហើយព្យាយាមជម្នះគ្រប់ឧបសគ្គ និងបន្តការសិក្សា រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា។
តាមរយៈអង្គការជនពិការកម្ពុជា ដែលជាដៃគូររបស់កម្មវិធី ACCESS ដែលឧបត្ថម្ភដោយរដ្ឋាភិបាល អូស្រ្តាលី លោក ផាន់ សុភាព ទទួលបានវគ្គបណ្តុះបណ្តាលជំនាញ រចនាក្រាហ្វិក ការនិយាយជាសាធារណៈ និងការតស៊ូមតិ។ បច្ចុប្បន្ន សុភាព មានហាងហ្វូតូកូពី និងបោះពុម្ពផ្ទាល់ខ្លួន ដែលចូលរួមចំណែកពង្រឹងជីវភាពរបស់គាត់ បានប្រសើរជាងមុន ហើយគាត់បាននឹងកំពុងរៀបចំផែនការ ពង្រីកអាជីវកម្មរបស់គាត់ នៅពេលខាងមុខ។
នាពេលថ្មីៗនេះ លោក Luke Arnold ឯកអគ្គរាជទូតរង នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានទៅទស្សនកិច្ចនៅហាងបោះពុម្ពរបស់សុភាព នៅខេត្តបាត់ដំបង។ លោក Luke Arnold បានសម្តែងការអបអរចំពោះសមិទ្ធផលរបស់សុភាព ដោយលោកបានបញ្ជាក់ថា៖ «ប្រវត្តិ និងសមិទ្ធផលរបស់សុភាព ពិតជាគួរឱ្យស្ងប់ស្ងែង និងជាការលើកទឹកចិត្តដល់អ្នកដទៃទៀត។ ខ្ញុំសង្ឃឹមថាអ្នកនឹងបន្តធ្វើជាគំរូដល់អ្នកដទៃ»។ សុភាព បាននិយាយថា៖ «សូមចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព និងចូលរួមលុបបំបាត់គ្រប់ទម្រង់ នៃការរើសអើងជនមានពិការភាព»៕