រដ្ឋសភាទទួលស្គាល់តំណាងរាស្ត្រថ្មីពីររូប ជំនួសតំណាងរាស្ត្រ ដែលចេញទៅកាន់តួនាទីថ្មី
ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ចេទ បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈចំនួនពីរ គឺការប្រកាសសុពលនៃអាណត្តិតំណាងរាស្ត្រទាំងពីររូប មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន ដែលបានសុំលាលែង និងឯកឧត្តម សៅ ស៉ារ៉ាត់ ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួស លោកជំទាវ បាន ស្រីមុំ ដែលបានលាលែង។
ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ នឹងរៀបចំបោះឆ្នោតជ្រើសតាំង ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជ្រើសតាំងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ៕