បង្ក្រាបទីតាំងល្បែងភ្នាល់ ជល់មាន់ តាមអនឡាញ និងឡូតូ ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ នៅសង្កាត់ទឹកល្អក់ទី៣
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក្រោយពីទទួលបានបទបញ្ជា ពីលោក ឯក ឃុនដឿន អភិបាលនៃគណះអភិបាលខណ្ឌ បានចុះបង្ក្រាបជាក់ស្ដែងទីតាំងល្បែងភ្នាល់ តាមអនឡាញ ជល់មាន់និងឡូតូ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ រួមទាំងសម្ភារៈមួយចំនួន។
ប្រតិបត្តិការការនេះធ្វើឡើងកាលពីវេលាម៉ោង
៣រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះលេខ៦៤ ផ្លូវលេខ១៨៦ កែងនឹងផ្លូវលេខ២៥៧ មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា មនុស្សប្រុសស្រីទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន រួមមានទី១ ឈ្មោះ សូខ ខៀន ភេទប្រុស អាយុ៧៦ឆ្នាំ។ទី២ ឈ្មោះ សុខ ថាវរី ភេទស្រី អាយុ៣០ឆ្នាំ ។ និងទី៣ មានឈ្មោះ ភឹម សុខខេង ភេទស្រី អាយុ ២៧ឆ្នាំ ។
មន្រ្តីជំនាញបានបញ្ជាក់អោយដឹងបន្ថែមថា ទីតាំងបើកល្បែងភ្នាល់ តាមអនឡាញ ជល់មាន់និងឡូតូ ត្រូវបានមន្រ្តីជំនាញមូលដ្ឋានបានចុះធ្វើកិច្ចសន្យានិងបិទម្ដងរួចមកហើយ តែមិនបានប៉ុន្មានផង ម្ចាស់ទីតាំងនៅតែផ្កើននិងបញ្ជារបស់ថ្នាក់ដឹកនាំ ទើប
នៅរសៀលថ្ងៃទី២៣ខែធ្នូ នេះ លោក ឯក ឃុនដឿន អភិបាលនៃគណះអភិបាលខណ្ឌ បានបញ្ជាអោយកម្លាំងគណះបញ្ជាការឯកភាពចុះបង្រ្កាបជាក់ស្ដែងតែម្ដងដោយឃាត់ខ្លួនមនុស្ស៣នាក់ និងដកហូតទូរទស្សន៍ចំនួន៣គ្រឿង កំព្យូទ័រ១គ្រឿង ម៉ាស៉ីនព្រីនបុងចាក់១គ្រឿង។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានលើកឡើងថា លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានធ្វើការព្រមានរួចហើយថា ផ្សារណាអនុញ្ញាតអោយមានកត់កន្ទុយលេខក្នុងផ្សារ ត្រូវដកប្រធានផ្សារចេញ ទោះមន្ត្រីខ្សែធំប៉ុណ្ណាក៏ដោយ អោយតែពុករលួយ កាងពួកល្បែងខុសច្បាប់ និងគ្រឿងញៀន នឹងត្រូវប្រើអភិក្រមរបស់សម្ដេច វះកាត់ ដកចោលភ្លាមៗតែម្តង។
ក្រោយប្រតិបត្តការកម្លាំងគណះបញ្ជាការឯកភាពបាននាំខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតានីតិវិធី៕