ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរ​ ប្រាសាទអង្គរវត្តជាប់លេខ១ ជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យ​បំផុត លើពិភពលោកឆ្នាំ២០១៨

57


សៀមរាប​ :​ នៅរសៀលថ្ងៃទី​៩​ខែសីហា​ ឆ្នាំ២០១៨​ ប្រទេសកម្ពុជា បានធ្វើកម្មវិធីអបអរសាទរ ប្រគល់ទទួលពានរង្វាន់ប្រាសាទអង្គរវត្ត ឈ្នះជ័យលាភីលេខ១ ជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យ​ បំផុតលើពិភពលោកឆ្នាំ២០១៨​ ។

ដោយទទួលបានការចាប់អារម្មណ៍ដ៏លើសលប់ពីអ្នកធ្វើដំណើរ និងទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត លើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរ ចំពោះសំណង់អច្ឆរិយរបស់ខ្មែរ។

ពិធីប្រគល់-ទទួលពានរង្វាន់នេះ ត្រូវបានធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកស្រី សារ៉ា ម៉ាធ្យូស៍ ប្រធាន TripAdvisor និងមានការចូលរួមពីមន្ត្រីរាជការ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាច្រើននាក់។

សូម​រំឭក​ថា ប្រាសាទ​អង្គរវត្ត​កម្ពុជា ត្រូវ​បាន​ភ្ញៀវ​ទេស​ចរ​រាប់លាន​នាក់​ជុំវិញ​ពិភពលោក បោះឆ្នោត​ជូន​ ជា​ទី​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត ដោយ​ការ​បោះឆ្នោត​បាន​ប្រើប្រាស់​ពេល ១២​ខែ គិត​មក​ទល់​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៨។​

នេះ​ជា​ឆ្នាំ​ទី៥ ហើយ ដែល​ប្រាសាទ​អង្គរវត្ត ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ តាម​រយៈ​វេបសាយ​ល្បីល្បាញ មាន​ជា​អាទិ៍៖
១- កាលពី​ឆ្នាំ​២០១៤ ប្រាសាទ​អង្គរវត្ត បាន​ជាប់​លេខ​១ នៅ​លើ​វេបសាយ ArchaeoMadness ជា​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទាញ​បំផុត​លើ​ពិភពលោក។
២- នៅ​ដើម​ឆ្នាំ​២០១៥ ប្រាសាទ​អង្គរវត្ត ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ម្ដង​ទៀត ពី​វេបសាយ TripAdvisor ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​លើ​ពិភពលោក។
៣- នៅ​ឆ្នាំ​២០១៦ ប្រាសាទ​អង្គរវត្ត បន្ត​ជាប់​លេខ​១ បន្ថែម​ទៀត នៅ​លើ​វេបសាយ Lonely Planet ជា​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ដ៏​ល្បីល្បាញ​លើ​ពិភពលោក។
៤- នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ២០១៨នេះ TripAdvisor បាន​បន្ត​ផ្ដល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទ​អង្គរវត្ត ក្នុង​ឋានៈ​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក។

គិតមកដល់បច្ចុប្បន្នកម្ពុជា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិយើងពោរពេញដោយសុខសន្តិភាព និង សុខសុវត្ថិភាពសាធារណៈ ដែលធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប បាននឹងកំពុងបន្តបោះជំហ៊ានទៅមុខ ស្របនឹងវិស័យផ្សេងៗទៀត ហើយមិនថាតែនៅខេត្តសៀម​រាបនោះទេ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ដូចគ្នា គឺបាននឹង កំពុងអភិវឌ្ឍឈានឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះថា វិស័យទេស​ចរណ៍មិនអាចអភិវឌ្ឍបានទេ ប្រសិនបើប្រទេសជាតិមួយគ្មានសន្តិភាព​នោះ ហើយជាការពិត កម្ពុជាពិតជាមានឧត្តមភាពប្រកួតប្រជែងខ្ពស់ខាងវិស័យទេសចរណ៍ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាព ដែលជាគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍន៍។

ប្រាសាទអង្គរវត្តជាប់ជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យ​បំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨នេះ​ គឺដោយសារមានការចូលរួមចំណែក​ ដ៏សកម្មពីយើងទាំងអស់គ្នាផងដែរ។

លោកអភិបាលខេត្ត ឃឹម ប៊ុនសុង បានឱ្យដឹងថា កន្លងមកកម្ពុជាក៏ធ្លាប់បានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោក ពីស្ថាប័នវាយតម្លៃអន្តរជាតិផ្សេងៗទៀត នៅឆ្នាំ២០១៤ អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតលើពិភពលោក នៅលើគេហទំព័រ ArcheaoMadness។ នៅឆ្នាំ២០១៦ អង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញលើពិភពលោក នៅលើគេហទំព័រ Lonely Planet។ នៅឆ្នាំ២០១៨នេះ រាជធានីអង្គរក៏ទទួលបានជ័យលាភីជារាជធានីទេសចរណ៍ និងវប្បធម៌ពិភពលោកផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ពិតជាមិនអាចកាត់ផ្តាច់ចេញ ពីការបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយគុណភាព ទាំងកម្រិតតំបន់ និងពិភពលោក ព្រមជាមួយការដឹកនាំប្រកបដោយភាពវៃឆ្លាត។ កម្ពុជាបានទទួលជ័យលាភីជាគោលដៅទេសចរណ៍ ដែលមានភាពស្និទ្ធស្នាលបំផុតសម្រាប់ភ្ញៀវទេសចរបរទេស តាមរយៈការសិក្សាស្រាវជ្រាវរបស់គេហទំព័រ Expat Insider។

លោករដ្ឋមន្ត្រី​បានថ្លែងថា ក្រសួងទេសចរណ៍ប្តេជ្ញាចិត្ត បន្តដឹកនាំវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្នយ៉ាងទូលំទូលាយ ហើយលោកបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការងារផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនៅលើឆាកអន្តរជាតិ ពិសេសសហការជាមួយ TripAdvisor។

លោក សុខ សង្វារ បានលើកឡើងថា តាមរយៈការផ្ដល់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកនេះ តំបន់រមណីយដ្ឋានអង្គរទាំងមូល នឹងទទួលបានកំណើនភ្ញៀវទេសចរអន្តរជាតិជាច្រើនបន្ថែមទៀត ហើយកម្ពុជាក៏កាន់តែផ្សព្វផ្សាយ ទៅកាន់ពិភពលោកកាន់តែទូលំទូលាយទៀតផងដែរ។

លោកស្រី សារ៉ា ម៉ាធ្យូស៍ បានលើកឡើងថា ការផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុត ក្នុងឆ្នាំ២០១៨ ធ្វើឡើងតាមរយៈការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

បន្ទាប់ពីបញ្ចប់ពិធីប្រគល់-ទទួលពានរង្វាន់ពីប្រធានគេហទំព័រអន្តរជាតិដ៏ល្បីមួយនេះហើយ គណៈអធិបតី ប្រតិភូ TripAdvisor រួមជាមួយភ្ញៀវទេរសចរ ក៏បាននាំគ្នាជិះកង់រ៉ឺម៉ក ដង្ហែបន្តទៅចូលរួមកម្សាន្តសប្បាយ នៅក្នុងពិធីជប់លៀងនៅ Pub Street នាពេលរាត្រី៕

អត្ថបទដែលជាប់ទាក់ទង