ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់លែងៗយកតែលុយ អ្នកចាប់មុខដដែល អ្នកលក់មុខដដែល ករណីបង្រ្កាបបទល្មើសជួញដូរសត្វព្រៃ នៅខេត្តមណ្ឌលគិរី

67

មណ្ឌលគិរី៖ បទល្មើសនៃការជួញដូរសត្វព្រៃ នៅក្នុងខេត្តមណ្ឌលគិរី នៅតែបន្កកើតមានជារៀងរាល់ថ្ងៃ បើទោះបីជាកម្លាំងសមត្ថកិច្វ និងមន្ត្រីជំនាញ ព្រមទាំងអង្គការអភិរក្សសត្វព្រៃ បានសហការគ្នាចុះបង្ក្រាបជាជារឿយៗក្តី ធ្វើឲ្យមហាជនជាច្រើន នាំគ្នាងឿងឆ្ងល់ថា ហេតុអ្វីបទល្មើសនេះនៅតែមាន? ហើយម្យ៉ាងទៀត អ្នកសាច់សត្វព្រៃមុខដដែលៗ។
ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺជនល្មើសដែលកម្លាំងចម្រុះចុះចាប់ឃាត់ខ្លួនបាននោះ បែរជាត្រូវបានគេដោះលែងវិញ ដោយគ្រាន់តែពិន័យជាទឹកប្រាក់តែប៉ុណ្ណោះ។

ជាក់ស្តែង កាលពីថ្ងៃទី៨សីហា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WILDLIIFEALLIANCE រួមជាមួយនិងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ បានចុះចាប់ទីតាំងជួញដូរសត្វព្រៃចំនួន២កន្លែង នៅកណ្តាលក្រុងសែនមនោរម្យ ដោយដកហូតបានសាច់សត្វព្រៃជាច្រើនប្រភេទ មានទំងន់សរុប៧៦,៧គីឡូក្រាម និងឃាត់ខ្លួនអ្នកលួចជួញដូរសាច់សត្វទាំងនោះ បានចំនួន២នាក់។

យោងតាមរបាយការណ៍សមត្ថកិច្ច ដែលចុះបង្ក្រាបបទល្មើសខាងលើនេះ បានអោយដឹងថា ទីតាំងទី១ស្ថិតនៅក្នុងផ្សារគុម្ពឫស្សី ម្ចាស់ឈ្មោះ សោម គឹម សាង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅក្នុងភូមិ កណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចធ្លាប់បានចុះចាប់ម្តងរួចមកហើយ កាលពី៥ខែមុន និងទីតាំងទី២ គឺចាប់នៅក្នុងផ្ទះរបស់ឈ្មោះ សាំង វុទ្ធី ភេទប្រុស ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ។

មន្ត្រីជំនាញបានឲ្យដឹងថា សត្វព្រៃដែលចាប់រួមមាន កាំប្រម៉ា ៧.២០គីឡូ សាច់ជ្រូកព្រៃជាង៤០គីឡូ ក្តាន់ញ៉ែង ៥ក្បាលស្មើនឹង៧,៥០ គីឡូក្រាម សាច់ឈ្លូស១៦គីឡូក្រាម ក្រពះប្រម៉ាចំនួន២ សាច់សត្វព្រៃទាំងអស់នេះ ត្រូវបានប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី យកទៅដុតកម្ទេចចោល។

លោក ជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ ប្រាប់ឲ្យដឹងថា “ជនល្មើសទាំង២នាក់ មិនត្រូវបានបញ្ជូនទៅសាលាដំបូង ព្រោះបទល្មើសនេះជាប្រភេទសត្វព្រៃធម្មតា មិនចាត់ចូលជាប្រភេទសត្វព្រៃកម្រ ដូច្នេះ ត្រឹមតែពិន័យអន្តរកាលប៉ុណ្ណោះ”។

ជនល្មើសទាំង២នាក់ដែលកម្លាំងចម្រុះចាប់ឃាត់ខ្លួនបាននោះ បែរជាត្រូវបានគេដោះលែងវិញ ដោយគ្រាន់តែពិន័យជាទឹកប្រាក់ សរុបចំនួន៧.៥៤៤.០០០រៀលប៉ុណ្ណោះ។ ការអនុវត្តច្បាប់របស់មន្ត្រីជំនាញបែបនេះ ទើបជាមូលហេតុ ធ្វើឲ្យបទល្មើសជួញដូរសត្វព្រៃ នៅតែមាន ព្រោះវិធានការផាកពិន័យ គ្មានប្រសិទ្ធភាពលើក្រុមឈ្មួញនោះទេ ជាក់ស្តែងដូចជា ស្ត្រីឈ្មោះ សោម គឹម សាង ធ្នាប់ត្រូវសមត្ថកិច្ចចាប់បាន និងពិន័យជាប្រាក់ និងព្រមានម្តងរួចមកហើយ នៅតែបន្តលួចរកស៊ីជួញដូរសត្វព្រៃនេះដដែល រហូតដល់ចាប់បានជាលើកទី២ នៅតែត្រូវដោះលែងទៀត ដូច្នេះបានន័យថា ចាប់លែងៗ ត្រឹមតែផាកពិន័យប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង