ខេត្ដពោធិ៏សាត់ ប្រែមុខមាតថ្មី លើដីចាស់ ដោយសារថ្នាក់ដឹកនាំល្អ មានសួនច្បារ ផ្លូវ កៅស៊ូ ភ្លើងស្ដុប ផ្លូវបេតុង ស្ពាន មានប្រព័ន្ធលូ មានប្រឡាយទឹក
ពោធិ៍សាត់ ៖ បើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ គឺមិនយូរទេ សមិទ្ធផលថ្មី សួនពោធិ៍សាត់ ដែលជាអតីតសួនច្បារ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត មានទីតាំងជាប់ស្ពានថ្ម ឆ្លងស្ទឹងពោធិ៍សាត់ ប្រសព្វផ្លូវលេខ ១០១ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹងត្រូវលេចចេញជារូបរាងឡើងដើម្បីលើកកម្ពស់សោភណភាព ក្រុងពោធិ៍សាត់ស្អាត ស្រស់បំព្រង នេះដោយសារស្នាដៃ ថ្នាក់ដឹកនាំល្អចេះគិតគូរ ពីពីភាពរីក ចម្រើន ។
បើតាមលោក ឃុត ឧសភា នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅថ្ងៃទី១៨មករានេះថា ទន្ទឹមនឹងសួនពោធិ៍សាត់ ដែលត្រូវបាននិងកំពុងស្ថាបនានោះ ស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារមន្ទីរខេត្តពោធិ៍សាត់ក៏នឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ពីលើសមិទ្ធផលដែលបានធ្វើរួច មានដូចជាសួនច្បារផ្លូវលេខ១០១ ទល់មុខសាលាខេត្ត អគាររដ្ឋបាលសាលាខេត្តភ្លើងស្តុប ផ្លូវក្រាលកៅស៊ូ បេតុង ភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ដំបូលផ្សារថ្មី ទំនប់បង្ហៀរក្បាលហុង ។
លោកនាយករដ្ឋបាលបន្ថែមថា៖ សួនច្បារ នេះមិនត្រឹមតែលើកកម្ពស់សោភណភាព និងមុខមាត់ខេត្តពោធិ៍សាត់ក្នុងការទាក់ទាញនូវ ភ្ញៀវជាតិ អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ ប្រាណផងដែរ។ ទាំងនេះយើងធ្វើបានគឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ថា សួនច្បារ១៤មករាពីមុនត្រូវបានស្ថាបនាឡើងក្នុងអំឡុងអាណត្តិដឹកនាំរបស់លោក អ៊ុង សាមី អតីតអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ហើយត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង។
ដោយបច្ចុប្បន្នសួនច្បារនេះមានសភាពចាស់ទ្រុឌ ទ្រោម និងស្មៅដុះទ្រុបនោះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិ បាលខេត្តពោធិ៍សាត់បច្ចុប្បន្ន បានស្ថាបនាឡើងវិ ញ ដោយបែងចែកជាទីធ្លាការ៉ូឡា សួនច្បារ បង្គោលភ្លើង និងបង់អង្គុយ សម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត និងហាត់ប្រាណផងដែរ៕.សំរិត