គំនិតឡឺកឺ ៖ អ្នកខ្លាំងដែលបាក់អំណួត
ភ្នំពេញ៖នៅលើលោកនេះគ្មានអ្វីស្ថិតនៅជាអមតៈឡើយ ។ថ្ងៃនេះយើងជាអ្នកខ្លាំងតែថ្ងៃក្រោយទៅយើងមិនប្រាកដថានេះខ្លាំងដដែលនោះឡើយ ។
មានរឿងព្រេងនិទានខ្មែរជាច្រើនបានបង្ហាញពីសត្វដែលទន់ខ្សោយបំបាក់អំណួតអ្នកខ្លាំង ។សត្វខ្លាំដែលជាជាប្រភេទមាំសាហារសត្វ(សត្វដែលស៊ីសាច់ឆៅជាអាហារ)បែរជាត្រូវសត្វគីង្គក់បំបាក់អំណួតបាន ។រឿងនិទានពីសត្វខ្លា និង គីង្គក់នេះតំណាលថាថ្ងៃមួយសត្វខ្លាដែលស្វែងរកចាប់សត្វម្រឹគជាអាហារនោះបានជួបសត្វគីង្គក់ដែលកំពុងតែលោតមួយៗយ៉ាងលំបាកនោះបានចំអកថាបងមាំងកាយេទៅណាហ្នឹង ?
ឮសំដីបែបមើលងាយរបស់សត្វខ្លាគីង្គក់ក៏តបទៅវិញថាខ្ញុំទៅលេងអង្គរវត្តណាបងខ្លា ! សត្វខ្លាឮបែបនេះក៏ចំអកថាជើងខ្លីៗលោតមួយបែបនេះថ្ងៃណាទើបដល់ ? គីង្គក់តបថាខ្ញុំទៅវិលវិញល្ងាចនេះឯង ។ឮ បែបនេះខ្លាសើចរលាក់របៀបចំអក ឯ គីង្គក់ធ្វើមុខស្មើហើយតបទៅថាបងខ្លាឯងកុំមើលងាយខ្ញុំបើបងឯងមិនជឿទេតោះយើងភ្នាល់គ្នាលោតឆ្លងស្តឹងនេះសាកមើលនរណាលោតបានឆ្ងាយជាង ។
ក្រោយពីត្រូវរ៉ូវគ្នាពួកគេទាំង២ក៏ប្រុងប្រៀបលោតចំពោះគីង្គក់មកឈរពីក្រោយខ្លា ។ក្រោយពីរាប់ដល់៣ហើយខ្លាក៏លោតភ្លាមឯគីង្គក់ក៏ខាំកន្ទុយខ្លាធ្វើឲ្យខ្លាភ្ញាក់រលាស់កន្ទុយដូចគ្រវែងគីង្គក់ទៅខាងមុខយ៉ាងអញ្ចឹង ។ក្រោយពីលោតហើយខ្លាក៏ស្រែទៅគីង្គក់ថាបងបងឯងលោតមក ។គីង្គក់ដែលនៅខាងមុខក៏តបថាខ្ញុំនៅខាងមុខឯណេះបង ។ខ្លាដឹងថាខ្លួនចាញ់គីង្គក់ក៏ទម្លាក់កន្ទុយដើរចេញទៅបាត់ ។
នេះជារឿងមួយនៅមានរឿងជាច្រើនទៀតដូចជារឿងទន្សាយចង់ស៊ីចេក ។ មនុស្សគឺជាអ្នកមានប្រាជ្ញាជាងគេតែបែរជានៅចាញ់ប្រាជ្ញាសត្វទន្សាយ ។សត្វទន្សាយដោយសារតែចង់ស៊ីចេកពេកក៏ធ្វើពុតជាស្លាប់នៅកណ្ដាលផ្លូវ ។យាយលក់ចេកក៏ដើរមកឃើញក៏លាន់មាត់ថាយីទន្សាយស្លាប់ទេតើថ្ងៃនេះអញបានស៊ីសម្លម្ជូរគ្រឿងទន្សាយហើយ ។
យាយក៏រើសទន្សាយនោះមកដាក់ក្នុងល្អីចេកហើយទូលដើរទៅផ្ទះ ។លុះទៅដល់ផ្ទះក៏ដាក់ល្អីចុះទន្សាយក៏រត់ប្រូចចូលព្រៃបាត់យាយក៏ភ្លាត់មាត់ថាអញ ! ចាញ់ប្រាជ្ញាអាទន្សាយទេតើ ?
សត្វទន្សាយដែលនៅក្នុងរឿងព្រេងនិទានខ្មែរគឺជាតំណាងឲ្យសត្វដែលឆ្លាតវាងវៃនិងយុត្តធម៌តែទន្សាយចាញ់ប្រាជ្ញាខ្យងរហូតផឹកទឹកសន្សើមទលសព្វថ្ងៃនេះ ។
ថ្ងៃមួយទន្សាយចុះទៅផឹកទឹកក្នុងត្រពាំងក៏ត្រូវខ្យងរារាំងនិងបន្ទោសថាមុននឹងផឹកម៉េចក៏បងទន្សាយឯងមិនសុំខ្ញុំជាមុនសិនព្រោះខ្ញុំជាម្ចាស់ត្រពាំងនេះ ។ទន្សាយខឹងក៏បង្អាប់ខ្យងថាយី ! អាវារគឺមៗ សំដីថ្លោសណាស់ហ្ន ។ខ្យងក៏តបថាបងទន្សាយឯងពិតជារត់លឿនហើយតែបើប្រណាំងគ្នាខ្ញុំមិនខ្លាចឡើយ ។
ទន្សាយតបថាមិនទៅខ្លាចអាសត្វវារគឺមៗបែបឯងនេះទេ ។ខ្យងក៏តបថាបើបងទន្សាឯងចាញ់ឈប់ផឹកទឹកត្រពាំងនេះហ្នា ?
ទន្សាយថាបើយើងចាញ់ពីពេលនេះទៅយើងផឹកតែទឹកសន្សើមប៉ុណ្ណោះ ។ក្រោយពីត្រូវរ៉ូវគ្នាហើយខ្យងក៏រាយបណ្ដាក់គ្នាជុំវិញត្រពាំង ។
ការចេញដំណើរក៏ចាប់ផ្ដើម ។រត់ៗ ទន្សាយក៏ស្រែកហៅខ្យង ឯ ខ្យងខាងមុខតបថាគូក ទន្សាយក៏បន្តរត់ទៀតហើយតែងតែស្រែកហៅរហូត ឯខ្យងខាងមុខឆ្លើយរហូត។ទីបំផុតទន្សាយចុះចាញ់ហើយក៏លែងផឹកទឹកត្រពាំងចាប់ពីពេលនោះមក ។
នេះជារឿងនិទានដែលបង្កប់ដោយគតិអប់រំ ។អ្នកខ្លាំងមិនប្រាកដថាខ្លាំងគ្រប់អ្វីៗទាំងអស់នោះឡើយដូច្នេះអ្នកខ្លាំងទាំងឡាយនៅលើលោកនេះកុំចេះតែមើលងាយអ្នកទន់ខ្សោយឲ្យសោះប្រយ័ត្នលទ្ធផលវាអាក្រក់បែបនេះចំពោះខ្លួនឯង ៕