ប្រមុខរាជរដ្ឋាភិបាល តែងតាំង លោកអ៊ុក រ៉ាប៊ុន និង លោកលឹម គានហោ ជាអនុប្រធានអនុវត្តគម្រោងស្ថាបនា ៣៨ខ្សែ ក្រុងសៀមរាប
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេច តែងតាំង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា សហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។
បើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាព CEN ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមករា ២០២១ ត្រង់ចំណុច ប្រការ ៣ មានខ្លឹមសារថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី , រដ្ឋមន្ត្រីក្រសួងការពារជាតិ , រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន , រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ , ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៨ខ្សែ ក្នុងខេត្តសៀមរាប និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
នៅមុននេះមាន ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង, ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ ។
ងាកមកពិនិត្យមើលការស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ឯណេះវិញ នាពេលថ្មីៗនេះ ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាព នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលធ្វើឡើងនៅទីស្តីការគណ:រដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ បានជំរុញឱ្យ
គណៈកម្មការអន្តរក្រសួង ត្រូវធ្វើការត្រួតពិនិត្យតាមដានការងារ ព្រមទាំងធ្វើការដោះស្រាយកែតម្រូវចំណុចខ្វះចន្លោះឱ្យបានហ្មត់ចត់ ដើម្បីធានាថា ការស្ថាបនាផ្លូវ-ហេដ្ឋារចនាសម្ព័ន្ធ គឺពិតជាមានគុណភាពតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចប់សព្វគ្រប់ ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន ៣៨ខ្សែនេះ មានប្រវែងជាង ១០៨គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ៕