វ៉ាក់សាំងកូវីដ-១៩ របស់ចិននេះ ឈ្មោះ ស៊ីណូហ្វាម មានប្រសិទ្ធិភាព ៧៩,៣៤ភាគរយ និងបានចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសផ្សេងៗជាង ២២៣លានដូស រួចហើយ
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជាកំលុង ខែកុម្ភៈ ឆ្នាំ២០២១ ហើយការមកដល់ដំណាក់កាលដំបូងនៃវ៉ាក់សាំងនេះ គឺប្រមាណ ៣០ម៉ឺនដូស។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល ឱ វណ្ណឌីន ដែលផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា វ៉ាក់សាំងកូវីដ-១៩ របស់ចិននេះ ឈ្មោះ ស៊ីណូហ្វាម មានប្រសិទ្ធិភាព ៧៩,៣៤ភាគរយ និងបានចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសផ្សេងៗជាង ២២៣លានដូស រួចហើយ, វាមានប្រសិទ្ធភាព អាចរារាំង និងទប់ស្កាត់វីរុសកូវីដ-១៩ មិនឱ្យជ្រាបចូលទៅក្នុងខ្លួនរបស់យើងបាន នៅពេលដែលយើងប្រើប្រាស់វា បូករួមជាមួយនឹងវិធានការផ្សេងៗ ។
– វ៉ាក់សាំងកូវីដ-១៩ របស់ចិន ឈ្មោះ ស៊ីណូហ្វាម នេះ គឺជាផលិតផលរបស់ក្រុមហ៊ុនវិទ្យាសាស្ត្រឱសថដ៏ធំក្នុងចំណោមក្រុមហ៊ុនធំៗឯទៀតក្នុងប្រទេសចិន ហើយត្រូវបានរដ្ឋាភិបាលចិនទទួលស្គាល់ចំពោះវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស៊ីណូហ្វាម នេះ ហើយវាក្លាយទៅជាការចែករំលែកក្នុងទិសដៅរួមគ្នាការពារសុខភាពសាធារណៈ រវាងសាធារណរដ្ឋប្រជាមានិតចិន-កម្ពុជា ។
អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលមមាញឹករូបនេះ ដំបូងបានពន្យល់អំពី ÷
– អត្ថន័យរបស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩នេះ ÷ គឺជាប្រភេទមេរោគម្យ៉ាង ដោយបានយកវាចូលក្នុងមន្ទីរពិសោធន៍ដកភាពសាហាវនៃមេរោគនេះចេញ បង្កើតវាឲ្យមានអង្គបដិបក្ខ ហើយបន្សាំវាឲ្យស៊ីគ្នានឹងសរីរ:រាងកាយរបស់មនុស្ស ដើម្បីប្រឆាំងនឹងមេរោគផ្សេងៗ ដែលបានចូល ឬកំពុងចូលទៅក្នុងសរីរ:រាងកាយមនុស្ស ធ្វើឱ្យយើងមានអាការៈឈឺចុកចាប់ ព្រឺរងា ក្តៅខ្លួន ឬមិនស្រួលខ្លួន ឬឈឺធ្ងន់ធ្ងរ ជាដើម… ដូច្នេះ មេរោគអង្គបដិបក្ខ នឹងច្រានចេញ ឬកម្ចាត់មេរោគជំងឺនោះចោល ។
– ប្រសិទ្ធភាព ÷ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស៊ីណូហ្វាម នេះ វាមានប្រសិទ្ធិភាព ៧៩,៣៤ភាគរយ គឺត្រូវបានក្រុមអ្នកជំនាញវិទ្យាសាស្ត្រសុខាភិបាល ចាត់ទុកថា ជាវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់មួយ ព្រោះថា វ៉ាក់សាំងរបស់បណ្ដាប្រទេសផ្សេងៗទៀត ក៏មានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នានេះដែរ ហើយក្រុមជំនាញផលិតវ៉ាក់សាំងនេះ ក៏ចង់បាននូវប្រសិទ្ធភាពខ្ពស់ជាងនេះផងដែរ ប៉ុន្តែផលិតភាពរបស់គ្រូពេទ្យជំនាញ ធ្វើមិនទាន់បាន ហើយត្រូវការពេលវេលា តទៅទៀត ។
– ស្របនឹងបរិយាកាស ÷ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម នេះ វាមានលក្ខណៈស្របទៅតាមបរិយាកាសនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី ដោយវាតម្រូវឲ្យការថែរក្សាក្នុងសកម្មភាព +២ ទៅ +៨ ប៉ុណ្ណោះ ដូចជាប្រទេសកម្ពុជា ក៏ត្រូវនឹងបរិយាកាសនេះដែរ អាចរក្សាទុកដាក់បាន ។ ដោយឡែកវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសមួយចំនួនទៀត តម្រូវអោយរក្សាទុកដាក់ក្នុងសីតុណ្ហភាព -៦០ ទៅ -៨០ អង្សាសេ ដូច្នេះ វាមិនសមស្របនឹងបរិយាកាសនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីនោះទេ ។
– ប្រទេសប្រើប្រាស់បាក់សាំងនេះ ÷ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ត្រូវបានប្រើប្រាស់នៅបណ្ដាប្រទេសជាច្រើនក្នុងមជ្ឈិមបូព៌ា អេហ្ស៊ីប , ក្រិក , អាប៊ីសាអូឌីត … ចិនខ្លួនឯង , ឃើញថាវាមានប្រសិទ្ធភាព ព្រោះបានចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសផ្សេងមានចំនួន ២២៣លានដូស រួចហើយ។
– ប្រើប្រាស់បានទៅលើមនុស្សវ័យណាខ្លះ ? ÷ គឺអាចចាក់បានទៅលើមនុស្សវ័យ ១៦ឆ្នាំ ឡើងទៅ ហើយត្រូវចាក់ពីរដង, ដោយការចាប់ផ្ដើមចាក់១ដង ត្រូវប្រើពេលវេលា រយ:ពេល ២១ថ្ងៃ ទើបអាចចាក់ជាលើកទី២ បាន ។
– ផលប៉ះពាល់ ÷ ផលប៉ះពាល់គឺ តែងតែមាន ប៉ុន្តែមិនគ្រោះថ្នាក់នោះទេ… ដូចជាយើងធ្លាប់ចាក់វ៉ាក់សាំងកន្លងមកច្រើនរួចហើយ ដូចជា វ៉ាក់សាំងប្រឆាំងមេរោគផ្តាសាយជាដើម… វាតែងតែធ្វើឲ្យសរីរៈរាងកាយយើងមានការឈឺព្រឺរងា ក្តៅខ្លួន ឬមិនស្រួលខ្លួន ប៉ុន្តែមិនមានភាពគ្រោះថ្នាក់នោះទេ ហើយប៉ុន្មានថ្ងៃក្រោយមក វានឹងរលុបបាត់អាការៈឈឺនោះ ៕