ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ​២០២០​ប្រៃសណីយ៍​កម្ពុជា រកចំណូលបាន​៦.៥​លាន​ដុល្លារ​, ធ្លាក់ចុះ​៤៦​ភាគរយ

94

 

​ភ្នំពេញ​៖ លោក អោក បូរ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា ពេញ​មួយឆ្នាំ​២០២០ ប្រៃសណីយ៍​កម្ពុជា រកចំណូលបាន​៦.៥​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​៤៦​ភាគរយ ដោយសារតែ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ការបញ្ជាក់​បែបនេះ ធ្វើឡើង​ក្នុង​កម្មវិធី​ចុះ​អនុស្សារណៈ ត្រីភាគី រវាង​ប្រៃសណីយ៍​កម្ពុជា សមាគម​ពាណិជ្ជកម្ម​ដឹកជញ្ជូន ទំនិញ និង​ក្រុមហ៊ុន ស៊ូ​ភើ​អេប តិច​ណូ​ឡូ​ជី ភីអិលស៊ី ក្នុង​គោលបំណង​ដើម្បី​ពង្រឹង ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុងស្រុក ឲ្យ​កាន់តែ​ប្រសើរឡើង​។ ពិធី​នេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។​

​លោក អោក បូរ៉ា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចំណូល​ពី​ខែមីនា ទៅដល់​ខែកក្កដា គឺ​០​ភាគរយ​។ អីចឹង​ដាច់​ឆ្នាំនេះ ចំណូល​ប្រៃសណីយ៍ ធ្លាក់ចុះ​៤៦​ភាគរយ​។ ឆ្នាំ​២០១៩ ទទួលបាន​ប្រមាណ​១៣​លាន​ដុល្លារ និង​ដាច់​ឆ្នាំ​២០២០ ទទួល​បានតែ​៦.៥​លាន​ដុល្លារ​ប៉ុណ្ណោះ​»​។​

​លោក អោក បូរ៉ា បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០ ចាប់ពី​ខែមីនា រហូតដល់​ខែកក្កដា បាន​បិទ​ទាំងស្រុង បញ្ញើ​ទៅ​អន្ដរជាតិ ព្រោះថា ប្រៃសណីយ៍​កម្ពុជា ពឹង​ផ្អែកលើ​មធ្យោបាយ ក្រុមហ៊ុន​ដឹកជញ្ជូន​អន្ដរជាតិ ហើយ​នៅពេលនោះ ជា​ពេលដែល​កូ​វីដ​-១៩ រាល​ត្បាល​ខ្លាំង ដែល​ធ្វើ​ជើងហោះហើរ ត្រូវបាន​បិទ​ទាំងស្រុង​។​

​បន្ថែម​ពី​នោះ​ទៀត អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បាន​អះអាងថា បើសិនជា​ស្ថានភាព​កូ​វីដ​-១៩ នៅតែ​បន្ដ​ប្រៃសណីយ៍​កម្ពុជា ប្រឈម​នឹង​បញ្ហា​ខ្លាំង ដោយសារតែ​កម្ពុជា ពុំទាន់​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ ក្នុងការ​សម្រួល​មធ្យោបាយ​ដឹកជញ្ជូន ពាក់ព័ន្ធ​នឹង​បញ្ញើ​។​

​ចំពោះ​ផែនការ ដើម្បី​បង្កើន​ចំណូល ក្នុងឆ្នាំនេះ ត្រូវបាន​លោក អោក បូរ៉ា ប្រាប់​ឲ្យ​ដឹងថា ដើម្បី​ពង្រឹង​ចំណូល​ឡើងវិញ គឺ​មានតែ​ស្រូប​បញ្ញើ ក្នុងស្រុក ដោយ​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុងស្រុក ដូច​ថ្ងៃនេះ បាន​ចាប់​ដៃគូ​សហការ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុងស្រុក​។​

​លោក​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បាន​គូសបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ប្រៃសណីយ៍​កម្ពុជា ពឹង​ផ្អែកលើ​អន្ដរជាតិ ប្រមាណ​៩៥​ភាគរយ ដូច្នេះហើយ នៅពេលដែល​បិទ​ជើងហោះហើរ ប្រៃសណីយ៍​កម្ពុជា គឺ​ស្លាប់​តែម្ដង​។​

​លោក អោក បូរ៉ា បាន​បន្ថែមថា ប្រៃសណីយ៍​កម្ពុជា បាន​ខិតខំ​ស្វែងរក​ភ្នាក់ងារ ដើម្បី​ជួយប្រមូល​បញ្ញើ ក្នុងការ​សាង​បច្ចេកទេស​រឹងមាំ ក្នុង​គោលបំណង​ពង្រីង​ចំណូល ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩​។ លោក​ថា ធ្វើ​ដូច្នេះ ប្រៃសណីយ៍​កម្ពុជា នឹង​អាច​កើន​ចំណូល​ពី​១៥ ទៅ​២០​ភាគរយ ក្នុង​ឆ្នាំ​២០២១​។​

​លោក អោក បូរ៉ា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គិតថា ចំណូល​ក្នុងស្រុក បើសិន​បើ​យើង​ពង្រឹង​ភ្នាក់ងារ​បាន ធ្វើបាន​ស្រប​នឹង​អ្វី ដែល​បច្ចេកទេស​មាន ស្រប​នឹង​បាន សហការ ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន ក្នុងស្រុក​ទៀត ខ្ញុំ​គិតថា យើង​អាច​កើន​ពី​១៥ ទៅ​២០​ភាគរយ សម្រាប់​បញ្ញើ​ក្នុងស្រុក នៅ​ឆ្នាំ​២០២១»៕​

អត្ថបទដែលជាប់ទាក់ទង