ផ្លូវចំនួន៨ខ្សែថ្មីដំណើរការអ៊ុតកៅស៊ូAC ក្នុងចំណោម១៦ខ្សែ ដែលជួសជុលនៅខណ្ឌដូនពេញជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យអង្គភាពជំនាញរដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជំរុញការងារជួសជុលផ្លូវឡើងវិញក្រោយទឹកជំនន់ឆ្នាំ២០២០ដោយធ្វើគ្រឹះក្រោមរួចហើយដំណើរការចាក់អ៊ុតកៅស៊ូបេទីមមីណឺហៅថាACជាក់ស្ដែងនៅពេលនេះក្នុងខណ្ឌដូនពេញមានផ្លូវដែលអ៊ុតកៅស៊ូប្រភេទACនេះមានចំនួន៨ខ្សែ ក្នុងចំណោម១៦ខ្សែ សម្រាប់ក្នុងខណ្ឌដូនពេញ ដែលត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដាក់ផែនការឱ្យមន្ទីរជំនាញអនុវត្តគម្រោងឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួសជុលផ្លូវឲ្យបានល្អប្រសើរ ។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងមន្ត្រីជំនាញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូប្រភេទAC កម្រាស់០.៥សង់ទីមែត្រ ចំនួន៨ខ្សែ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ក្នុងនោះលោក សុខ ពេញវុធ ក្នុងនាមប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ នៅខណ្ឌដូនពេញសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍ មូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ៕