រដ្ឋមន្ត្រីកសិកម្ម ណែនាំឲ្យក្រុមហ៊ុន Khmer Holding Group ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ
ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា អំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងវិនិយោគ លើការដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យស្ថានស្រាវជ្រាវ រុក្ខជាតិឱសថ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ក្រុមហ៊ុន Khmer Holding Group ដែលបានរាយការណ៍ពីវឌ្ឍនភាពសំខាន់ៗរបស់គម្រោងនាពេលនេះ ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែប្រឈមនឹងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងបានវាយតម្លៃខ្ពស់ចំពោះលោកឧកញ៉ា និងក្រុមការងារដែលបានខិតខំប្រឹងប្រែងរៀបចំគម្រោងវិនិយោគលើកម្មវត្ថុសំខាន់បីគឺ៖ ទី១- ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ទី២- បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងទី៣- បង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា គម្រោងវិនិយោគដែលជាជំនួយរបស់រដ្ឋាភិបាលចិននេះ ពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឲ្យកាន់តែស៊ីជម្រៅ រឹងមាំ គ្រប់ជ្រុងជ្រយ និងស្ថិតស្ថិរយូអង្វែងថែមទៀត។
លោកឧកញ៉ា ឆាវ អ៊ីនទ័រ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចសហការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយ៉ាងល្អប្រសើរក្នុងឆន្ទៈចូលរួមអភិវឌ្ឍន៍វិស័យរុក្ខជាតិឱសថកម្ពុជា ក៏ដូចជាវិស័យកសិកម្មនាពេលអនាគត។
លោកាឧកញ៉ា បានបញ្ជាក់ថា បន្ទាប់ពីបានទទួលអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបានចុះសិក្សាស្រាវជ្រាវលើគុណភាពដី ប្រភពទឹក ស្ថានភាពក្សេត្របរិស្ថាន ផ្លូវគមនាគមន៍ នៅតាមបណ្តាខេត្តគោលដៅមានខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹង ត្រែង និងខេត្តកោះកុងដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានដាំដុះ និងស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។ ដោយឡែកខេត្តកំពង់ស្ពឺជ្រើសរើស រកទីតាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រើឲ្យវិស័យកសិ-ឧស្សាហកម្ម។ បច្ចុប្បន្នទីតាំងមួយចំនួនត្រូវបានជ្រើសរើសជាអាទិភាពរួច រង់ចាំវាយតម្លៃចុងក្រោយ ហើយក៏កំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច។
អ្វីដែលសំខាន់ចង់ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះផងដែរ គឺគម្រោងនេះទទួលបានកិច្ច សហការពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ផ្លូវ និងខ្សែក្រវាត់មួយដោយមានតំណាងអញ្ជើញមកចូលរួមផងដែរ។
បានជ្រាបពីវឌ្ឍនភាពរបស់គម្រោង ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលសម្រេចទទួលបានលទ្ធផលជាវិជ្ជមាន។ ខ្លឹមសារនៃជំនួបនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចឲ្យឃើញពីគោលបំណងរបស់ក្រុមហ៊ុនគឺ៖ ទី១- ធ្វើការវិនិយោគដាំដុះរុក្ខជាតិឱសថ ចំរាញ់ កែច្នៃ និងផលិត ទី២- បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងទី៣- បង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវ ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមស្វាគមន៍ គាំទ្រ និងសហការពេញទំហឹងដើម្បីរួមចំណែកអភិវឌ្ឍន៍រុក្ខជាតិឱសថ និងវិស័យកសិកម្មនាពេលអនាគត។ លោកបានបន្តថា កសិកម្មកម្ពុជាមានសក្តានុពល តែយើងនៅខ្វះវិនិយោគិនក្នុង និងក្រៅប្រទេស ដើម្បីប្រើប្រាស់សក្តានុពលដែលយើងមានឲ្យអស់លទ្ធភាព សំដៅលើកស្ទួយផលិតភាពផលិតកម្ម ប្រកួតប្រជែក កែច្នៃ និងនាំចេញឆ្លើយតបតាមតម្រូវការទីផ្សារគឺស្តង់ដារផលិត ធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែងតម្លៃ។
ដើម្បីឲ្យគម្រោងនេះអនុវត្តទៅរលូន និងជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានជូនយោបល់ថា៖
– តារយ:លោកស្រីប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ខ្សែក្រវាត់ និងផ្លូវគួររៀបចំសំណើ ផែនការអភិវឌ្ឍន៍គម្រោងឲ្យបានត្រឹមត្រូវ និងជាផ្លូវការ បន្ទាប់រៀបចំឯកសារ MOU បង្កើតក្រុមការងារ រួចចាប់ផ្តើមអនុវត្តគម្រោងទៅតាមផែនការ។
– ជំហានដំបូងគឺទីតាំងដីទាំងដីរបស់ឯកជន និងដីសម្បទានរបស់រដ្ឋ និងស្វែងរកដៃគូសហការ
– ចំពោះការបង្កើតវិទ្យាស្ថានស្រាវជ្រាវ គួរជ្រើសរើសយកសកលវិទ្យាល័យភូមិន្ទកសិកម្មជាជម្រើសទី១ ឬនៅខេត្តស្ទឹងត្រែងដែលជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាជម្រើសទី២
– ដោយឡែកតំបន់សេដ្ឋកិច្ចពិសេស គួរពិនិត្យមើលទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជម្រើសដ៏ល្អ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះបំណងវិនិយោគនេះ និងបានផ្តល់ក្តីសង្ឃឹមថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការគ្រប់ពេល និងពេញលេញធ្វើយ៉ាងណាឲ្យគម្រោងនេះ បានដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ នាពេលអនាគត៕