ផ្ទៃដីត្រឹមតែ២៥០ម៉ែត្រការ៉េ បានប្រាក់ចំណូល៨០ម៉ឺន រៀលក្នុងមួយខែ របស់ប្រជាកសិករ ភ្នំព្រឹកខេត្ដបាត់ដំបង
បាត់ដំបង៖ លោក ផេង សុផុន ប្រធានក្រុមផ្នែកសហគមន៍ពន្លឺថ្មីពេជ្រចិន្តា ស្ថិតក្នុងស្រុកភ្នំព្រឹក បានឲ្យដឹងនៅថ្ងៃទី២២មករានេះថា កន្លងមកបងប្អូនធ្លាប់ ដាំបន្លែនៅទីវាល ដែលវាពិបាកទាំងការថែទាំនិង ពិបាករកទីផ្សារ ប៉ុន្តែការដាំតាមបច្ចេកទេសថ្មី ងាយស្រួលនិងទទួលបានផល ច្រើន ហើយស្រួលលក់។
បងប្អូនកសិករ បានបន្តថា ដោយមិនអាចទទួលបានផលល្អក្នុងការដាំបន្លែនៅទីវាល ពួកគាត់ក៏បានចាប់ផ្ដើមស្វែងរកការដាំដុះបន្លែមានទីផ្សារល្អវិញ ទើបសម្រេចរៀន បច្ចេក ទេសដាំបន្លែសុវត្ថិភាពក្នុងរោងសំណាញ់យូវី ពីមន្ត្រីកសិកម្ម និងអ្នកជំនាញ កសិកម្មនៅសហគមន៍តាសីសាមគ្គី ស្ថិតក្នុងស្រុកថ្មគោល ខណៈសហគមន៍មួយនេះ ក៏បានរកទីផ្សារនៅរាជធានីភ្នំពេញឱ្យ និងលក់បានតម្លៃសមរម្យ ទូទាត់នឹងការចំណាយ បាន ហើយសល់ប្រាក់ខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ និងធ្វើការដាំដុះបន្តទៀត ។
លោកផេង សុផុន ប្រធានក្រុមផ្នែកបន្លែ នៃសហគមន៍ពន្លឺថ្មីពេជ្រចិន្តា បានលើកឡើងថា សម្រាប់បន្លែសុវត្ថិភាពដាំក្នុងរោងសំណាញ់នៅសហគមន៍នេះ មិនទាន់ឆ្លើយតបនឹង តម្រូវការទីផ្សារនៅឡើយទេខណៈ មានការបញ្ជាទិញច្រើនពីសំណាក់ក្រុមហ៊ុនដៃគូ។
លោកបានបន្ថែមថា ដោយសារមានទីផ្សារល្អបែបនេះ កាលចាប់ផ្ដើមដំបូងក្នុង សហគមន៍មានត្រឹម៩ រោងសំណាញ់ ហើយបានបង្កើនឡើងដល់ជាង២០ រោងខណៈ មានពលរដ្ឋមួយចំនួនទៀតកំពុងចូលរួមជាសមាជិកក្នុងការដាំបន្លែសុវត្ថិភាពនេះជាបន្តបន្ទាប់ ។
សមាជិកក្នុងសហគមន៍នេះ បានបញ្ជាក់ថា សម្រាប់ទីផ្សារវិញ បន្លែប្រភេទនេះ ក្នុងមួយគីឡូក្រាម អាចលក់បានក្នុងចន្លោះពី ៣៥០០រៀលទៅ៥០០០ រៀល ដែលជា តម្លៃជាក់លាក់ និងមានការចុះកិច្ចព្រមព្រៀងត្រឹមត្រូវ និងដឹងឮ ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ៕. សំរិត