លោក ប្រាក់ សុខុន បង្ហាញពីប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ លោក ប្រាក់ សុខុន បង្ហាញពីប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនប្រកបដោយប្រសិទ្ធភាព។ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ (17th Ministerial Meeting of the Asia Cooperation Dialogue – ACD) បានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលមានលោក ម៉េវលុត ឆាវូស៊ូលុ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋតួកគី ជាប្រធាន។
តាមលទ្ធផលនៃកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្រោមមូលបទ “ទេសចរណ៍តាមគន្លងថ្មី មានសុវត្ថិភាព និងសុខភាពល្អ” (The New Normal and Safe and Healthy Tourism) ។ នៅក្នុងកិច្ចប្រជុំនោះ ប្រទេសជាសមាជិក ACD បានទទួលស្គាល់នូវភាពចាំបាច់បន្ទាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងបានឯកភាពរួមគ្នាដោះស្រាយផលប៉ះពាល់លើបញ្ហាសង្គម-សេដ្ឋកិច្ច រួមទាំងវិស័យទេសចរណ៍ តាមរយៈអភិក្រមពហុវិស័យ។ កិច្ចសហការរួមគ្នានេះ រួមបញ្ចូលទាំងវិធានការចាំបាច់ទាំងអស់ក្នុងការការពារសុខភាព និងសុវត្ថិភាព ការពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមក ការរួមកម្លាំងក្នុងកិច្ចខិតខំប្រឹងប្រែងស្តារនិងអភិវឌ្ឍទេសចរណ៍ជាតិឡើងវិញ ការចែករំលែកចំណេះដឹងនិងឧត្តមានុវត្តន៍ ក៏ដូចជាការជំរុញលំហូរវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខផ្នែកសុខាភិបាល និងការស្ដារឡើងវិញប្រកបដោយចីរភាព។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចែករំលែកអង្គប្រជុំនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការដាក់ចេញនូវផែនការចាក់វ៉ាក់សាំងថ្នាក់ជាតិ ជូនប្រជាជនប្រកបដោយប្រសិទ្ធភាព និងផែនការស្ដារឡើងវិញ វិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែធានានូវការស្ដារប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស នៃក្បាលម៉ាស៊ីនជំរុញកំណើនដ៏សំខាន់សម្រាប់ជាតិនោះទេ ថែមទាំងរួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវដល់ការស្ដារវិស័យទេសចរណ៍ និងវិស័យផ្សេងទៀត ក្នុងតំបន់ទាំងមូល។
ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មី នូវការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកទាំងអស់ ដើម្បីបន្តឱ្យ ACD ឈានទៅជាវេទិកាពហុភាគីដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការពឹងផ្អែកគ្នាទៅវិញទៅមកនៅគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។
រដ្ឋមន្រ្តីការបរទេស និងតំណាងជាន់ខ្ពស់របស់ ACD ក៏បានសម្តែងនូវការកោតសរសើរដល់ប្រទេសតួកគី ក្នុងតួនាទីជាប្រធានប្រកបដោយជោគជ័យសម្រាប់អាណត្តិ ២០១៩-២០២០ និងការបន្តធ្វើជាប្រធានរហូតដល់ខែកញ្ញា ឆ្នាំ២០២១៕