បិទវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្នាននៅខេត្តកំពត
ខេត្តកំពត៖នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោក សូ ភារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពតអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្នានដែលធ្វើឡើងនាខេត្តកំពត ។
លោកឃុនផានិតអ្នកគ្រប់គ្រងវគ្គវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋាននេះបានឲ្យដឹងថាវគ្គនេះធ្វើ
ឡើងក្រោមការគាំទ្រថវិកាពីក្រសួងអប់រំយុវជននិងកីឡា។វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល៥ថ្ងៃដែលមានគ្រូជំនាញចំនួន៥រូបជាមួយនឹងសិក្ខាកាមចំនួន២៦រូប(៩រូបជានារី)ក្រោយពីបញ្ចប់ការសិក្សាគ្រូឧទ្ទេសបានវាយតម្លៃថាមានសិក្ខាកាមចំនួន១០ភាគរយបានទទួលនិទ្ទេសល្អ៥០ភគរយបានទទួលនិទ្ទេសល្អបង្គួរនិង៤០ភាគរយបានទទួលនិទ្ទេសមធ្យម ។
សិក្ខាកាមគ្រប់រូបបានសិក្សាដោយអស់ពីដួងចិត្តគឺសិក្សាទាំងទ្រឹស្ដីនិងការអនុវត្តនៅលើទីលានដើម្បីទទួលនូវចំណេះដឹងនិងបទពិសោធន៍ សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាល ហ្វឹកហាត់ដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនី ទៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ជាមួយនឹងការបិទវគ្គបញ្ចប់ការសិក្សានេះ សហព័ន្ធបានឧបត្តម្ភ សម្ភារកីឡាវាយកូនឃ្លីលើតុ មួយចំនួនដូចជា៖ តុកីឡាវាយកូនឃ្លីលើតុ (តុប៉េងប៉ុង) ចំនួន ០២ និង សំណាញ់ ចំនួន ០២ រ៉ាកែតវាយកូនឃ្លីលើតុ ចំនួន ៤៨ រ៉ាកែត និងគ្រាប់បាល់ (គ្រាប់ប៉េងប៉ុង) ចំនួន ២០០ គ្រាប់ ។
លោក ស៊ុន សុទ្ធារិទ្ធបានមានប្រសាសន៍ថា តាងនាមលោកប្រធាន គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បានបង្ហាញនូវចិត្តរំភើបនិងរីករាយ ដែលទទួល បានការសហការណ៍និងគាំទ្រពីថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងសហរីទាំងអស់ បង្កលក្ខណៈដល់ភាពងាយស្រួល ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលបានដោយរលូន និងជោគជ័យ ៕