ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្រ ដែលមានទឹកប្រាក់ ជាង១៧លានដុល្លារ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងបង្កើតរោងចក្រផលិតប្រអប់ក្រដាសកាតុង និងផលិតផលវេចខ្ចប់ពីក្រដាសគ្រប់ប្រភេទដែលមានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ២១៤កន្លែង។ ក្រុមហ៊ុននោះឈ្មោះ CITY PRINTING (CAMBODIA) COMPANY LIMITED ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ថ្មីនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអនុម័តគម្រោងដទៃទៀតរួមមាន៖ គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន NEW ERA (CAMBODIA) CASHMERE TEXTILE CO., LTD ស្ថិតនៅផ្លូវជាតិលេខ ២១A ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៥១កន្លែង។
គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៣កន្លែង។
គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ២, ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង។