គំនិតបញ្ញវ័ន្ដ ៖ អ្នកចេះគួរតែធ្វើល្ងង់ខ្លះដើម្បីសេចក្ដីសុខ
ភ្នំពេញ៖មនុស្សដែលសព្វថ្ងៃនេះមានអាយុកន្លះសតវត្សសុទ្ធតែធ្លាប់ឆ្លងកាត់យុគសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃដែលដឹកនៃដោយមេ
ឃាតករប៉ុល ពត ។
យុគសម័យនោះអ្នកចេះដឹងជាច្រើនត្រូវគេបោកប្រាស់យកទៅសម្លាប់ដោយគ្រាន់តែកូនក្មេងដែលស្ពាយកាំភ្លើងនៅដើរអូសដីនៅឡើយនោះនិយាយបោកប្រាស់ថានរណាចេះអីប្រាប់អង្គការត្រង់ៗទៅដើម្បីអង្គការបញ្ជូនឲ្យទៅបម្រើការងារឲសមតាមជំនាញព្រោះអង្គការ
ត្រូវការអ្នកចេះដឹង ។
ទីបំផុតខ្លះជាវេជ្ជបណ្ឌិត ជាសាស្ត្រាចារ្យ គ្រូពេទ្យ វិស្វករត្រូវគេយកទៅសម្លាប់អស់ស្ទើរតែគ្មានសល់ក្រោមលេសបោសសម្អាត
សំណល់ពីរបបចាស់ ។តែអ្នកខ្លះដែលចេះធ្វើជាមនុស្សល្ងង់បែរជាបាននៅរស់ទល់សព្វថ្ងៃ ។ខ្លះគ្រាន់តែជាកម្មដែលបម្រើការងារនោះរោងចក្រទឹកក្រូចបេ ហ្ស៊េ អ៊ី(B G I) ហើយខ្លះធ្វើការនៅរោងចក្រផលិតសំបកកង់អេស កា ប៉េ(S K P)ក៏ត្រូវគេចោទប្រកាន់ថាពួកអាបេ ហ្ស៊េ អ៊ី ពួកអាអេស កា ប៉េនេះសុទ្ធតែជាពួកអាកា ហ្ស៊េ បេ(K G B) ដែលជាភ្នាក់ងារស៊ើបការរបស់អតីតសហភាពសូវៀត សុទ្ធតែពួកសេ អ៊ី អា(C I A)
ដែលជាភ្នាក់ងារស៊ើបការរបស់អាមេរិកហើយអូស ក យកទៅសម្លាប់គ្មានសល់ ។
បែបនេះហើយបានជានៅក្នុងសៀវភៅប្រជុំនិទានជាតករបស់ខ្មែរបានទូន្មានថា<អ្នកប្រាជ្ញគួរធ្វើល្ងង់ខ្លះដើម្បីសេចក្ដីសុខ> ។
រឿងនិទានជាតកនោះបានសរសេរថានៅក្នុងព្រៃមួយមានសំបុកសត្វចំនួន៣នៅក្បែរគ្នាគឺសត្វក្ងោក សារិកាកែវ និង សត្វកុក ។ កូនសត្វនៅក្នុងសំបុកនោះមានតែមួយក្បាលប៉ុណ្ណោះ ។
មានព្រានព្រៃ៣នាក់ផ្ទះនៅក្បែរគ្នាតែងតែចូលព្រៃនោះដើម្បីបរបាញ់សត្វរៀងរាល់ថ្ងៃ ។ល្ងាចពេលត្រឡប់មកផ្ទះវិញព្រានទាំង
៣នាក់ក៏ប្រទះឃើញសំបុកសត្វទាំង៣ដែលមានកូននៅក្នុងនោះ ។ពួកគេក៏យកកូនសត្វនោះម្នាក់មួយៗមកចិញ្ចឹម ។
ព្រានដែលចិញ្ចឹបក្ងោកបានបង្រៀនក្ងោកឲ្យចេះពង់ ចេះក្រាបសំពះ រួមជាមួយនឹងកាយវិការទន់ភ្លន់ដទៃទៀត ។អ្នកចិញ្ចឹមសារិកា
បានបង្រៀនសារិកាឲ្យចេះនិយាយ និង ចេះបញ្ចេញកាយវិការគោរពចំពោះមនុស្សទៅតាមការបញ្ជា ។ចំពោះអ្នកចិញ្ចឹមកុកទោះជាខិតខំ
បង្រៀនកុកនោះយ៉ាងណាក៏សត្វកុកនោះនៅតែរក្សាទម្លាប់ដើមរបស់វាពីធម្មជាតិដដែល ។
ចំណេរក្រោយមកដោយចង់បានទទួលគុណសម្បត្តិពីព្រះមហាក្សត្របុរសទាំង៣រូបនោះបានបបួលគ្នាយកកូនសត្វនោះទៅ
ថ្វាយស្ដេច ។នៅចំពោះមុខស្ដេចបុរសដែលចិញ្ចឹបក្ងោកបានបញ្ចាក្ងោកឲ្យពង់ ឲ្យក្រាបសំពះ ក្ងោកក៏ធ្វើតាម ។ស្ដេចពេញចិត្តក៏ប្រាប់អាមាត្យឲ្យយកក្ងោទៅចងទុកក្បែរនោះ ។
ដល់វេនបុរសចិញ្ចឹបសារិកាបុរសនោះបានបញ្ជាឲ្យសារិកានិយាយសម្លេងមនុស្ស ឲ្យសំដែងការគួរសមសារិកាក៏ធ្វើតាមស្ដេចក៏
សព្វព្រះរាជហឬទ័យទៀតក៏ប្រាប់អាមាត្យឲ្យចងទុកទៀត ។
ដល់វេនបុរសចិញ្ចឹបកុកបុរសនោះក៏ត្អូញត្អែរទូស្ដេចថាអាសត្វកុកនេះល្ងង់ណាស់ទូលបង្គំបង្រៀនវាដូចគេដូចឯងដែរតែវាចេះ
តែស្រែកតាមភាសាវាដដែល ។ឮដូច្នោះស្ដេចក៏ប្រាប់អាមាត្យឲ្យដោះលែងសត្វកុកដ៏ល្ងង់ខ្លៅនេះ ។
បន្ទាប់ពីមានសេរីភាពសត្វកុកទៅទុំលើចុងឈើហើយស្រែកប្រាប់ស្ដេចថាខ្ញុំមិនមែនល្ងង់ទេតែបើខ្ញុំធ្វើចេះគឺត្រូវបាត់បង់សេរីភាព
ដូចក្ងោក និង សារិកាអញ្ចឹង ។ចំពោះសារិកា និង ក្ងោកដែលជាប់ចំណងនោះបានត្រឹមតែកើតទុក្ខប៉ុណ្ណោះ ។មហាក្សត្រឮដូចនោះក៏កើត
មានទសពិធរាជធម៌ចំពោះសត្វទាង២ក្បាលទើបបញ្ជាឲ្យអាមាត្យដោះលែងឲ្យមានសេរីភាពទៅ ។
អញ្ចឹងហើយទើបក្នុងសៀវភៅប្រជុំនិទានជាតិជាតកបានផ្ដល់នូវគតិអប់រំដល់បណ្ដាអ្នកចេះដឹងទាំងឡាយឲ្យចេះធ្វើជាល្ងង់តាម
កាលវេលាខ្លះដើម្បីសេចក្ដីសុខខ្លួនឯង ៕