រយៈពេល៧ថ្ងៃនគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង បញ្ចេញសំឡេងលើសកម្រិតខុសច្បាប់ ១០០ គ្រឿងយកមកអប់រំ
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយព័ត៌មានថា ក្នុងរយៈពេល៧ថ្ងៃដែលកម្លាំងនគរបាលរាជធានីភ្នំពេញទទួលបានការផ្សព្វផ្សាយស្តីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទរួចហើ យនោះ នគរបាលរាជធានីភ្នំពេញបានចុះអនុវត្តចាប់ឃាត់ម៉ូតូ១០០គ្រឿងកែច្នៃបំពង់ស៊ីម៉ាំងខុសបញ្ចេកទេសបង្កការរំខានដល់ប្រជាពលរដ្ឋ ខណៈដែលឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការគរបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំបន្តជំរុញកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ត្រូវអនុវត្តលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តឱ្យមានប្រសិទ្ធភាពក្នុងការចូលរួមថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សារធារណៈ ។
សេចក្តីរាយការណ៍ដឹងថា ក្នុងចំណោមម៉ូតូ១០០គ្រឿងកែច្នៃបំពង់ស៊ីម៉ាំងមាន៦០គ្រឿង ត្រូវបាននគរបាលចាប់ឃាត់កំពុងធ្វើដំណើរតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ចំណែក៤០គ្រឿងទៀតត្រូវបាននគរបាលមូលដ្ឋានកំណត់អត្តសញ្ញាណដាក់ទុកនៅតាមខ្នងផ្ទះ ។ នៅពេលកម្លាំងនគរបាលចាប់ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង សមត្ថកិច្ចក៏បានតម្រូវឱ្យដោះបំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសនោះចេញ ដោយឱ្យយកបំពង់ស៊ីម៉ាំងដើមផលិតចេញពីរោងចក្រមកដាក់ប្រើប្រាស់វិញហើយឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបន្តទៀត ។
សូមបញ្ជាក់ថា ជុំវិញនៃការអនុវត្តន៍សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនៃការអនុវត្តវិធានការលុបបំបាត់ការបង្កសំឡេងរំខានលើសកម្រិតដោយយានយន្តគ្រប់ប្រភេទដែលមានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញនិងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រាជធានីភ្នំពេញ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំឱ្យលោកស្នងការរងទទួលដឹកនាំបញ្ជាពង្រឹងការងារតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ លោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤និងលោកនាយការិយាល័យចរាចរណ៍ ត្រូវចុះអនុវត្តសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ និងធ្វើជាប្រចាំហើយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃដោយប្រកាន់ខ្ជាប់នូវឥរិយាបថ ក្រមសីលធម៌ វិជ្ជាជីវៈ ចៀសវាងអនុវត្តលើសពីគោលការណ៍ច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ បង្កបញ្ហាធ្វើឲ្យមានការថ្នាំងថ្នាក់ និងរងការចោទប្រកាន់ពីប្រជាពលរដ្ឋ អំឡុងពេលបំពេញភារកិច្ច ។ ការអនុវត្តនេះផងដែរ ត្រូវយកវិធានការអប់រំជាចម្បង ។
ឯកឧត្តម ឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា ពិតណាស់ហើយការអនវត្តនេះ គឺមានប្រជាពលរដ្ឋខ្លះលោកមិនសប្បាយចិត្តបញ្ចេញទស្សនៈតាមបណ្តាញព័ត៌មានសង្គមរិះគន់សមត្ថកិច្ចដោយការិះគន់នោះមិនយល់អំពីច្បាប់ និងការបង្កផលប៉ះពាល់រំខានដល់សិទ្ធិអ្នកដទៃ និងការប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងបរិស្ថាន ថែមទៀតផង ។
ជុំវិញវិធានការនេះផងដែរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យចុះត្រួតពិនិត្យកំណត់គោលដៅទីតាំងដែលកែច្នៃបំពង់ស៊ីម៉ាំងយានយន្តគ្រប់ប្រភេទខុសបច្ចេកទេស ខុសច្បាប់និងធ្វើបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការគ្រប់គ្រងនិងអប់រំឱ្យធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងបញ្ឈប់សកម្មភាព ៕