ព្រឹកនេះ កកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់.ថ្មី និងផ្លូវជាតិលេខ១ តំបន់ច្បារអំពៅ
ភ្នំពេញ៖ព្រឹកនេះ គឺថ្ងៃទី២៧ខែមករាឆ្នាំ២០២១ ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ តំបន់ច្បារអំពៅ និងនៅលើស្ពានព្រះមុនីវង្សចាស់.ថ្មី ដោយចរាចរណ៍មានការមមាញឹកជាខ្លាំង គឺបណ្ដាលអោយមានការកកស្ទះពេញផ្លូវ ដោយបើកទៅមុខមិនរួចថយក្រោយមិនរួច គឺយានយន្តគ្រប់ប្រភេទមិនអាចវិលកង់បានលឿន ដូចបំណងអ្នកបើកបរឡើយ។ តែមិនថ្វីនោះទេ គឺពេលនេះក្រុមសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ បានបញ្ចេញកម្លាំងចុះសម្របសម្រួល ការកកស្ទះចរាចរណ៍ខាងលើនេះផងដែរ។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានប្រាប់អោយដឹងថា មូលហេតុដែលបណ្ដាលកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ តំបន់ច្បារអំពៅនិងលើស្ពានព្រះមុនីវង្សចាស់.ថ្មី នាសព្វថ្ងៃនេះ គឺដោយសារកត្តាយានយន្តច្រើន និងការធ្វើដំណើរបត់ឆ្វេងដៃផងដែរ។ រីឯសមត្ថកិច្ចប៉ូលិសចរាចរណ៍ខណ្ឌច្បារអំពៅ ដែលឈរជើងប្រចាំការសម្របសម្រួលចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ១ បាននិយាយស្រដៀងលោកចៅសង្កាត់ច្បារអំពៅទី១ដែរ ចំពោះបញ្ហាកកស្ទះចរាចរណ៍នាសព្វថ្ងៃ ហើយលោកបន្តទៀត មូលបណ្ដាលកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ពិសេសនៅពេលព្រឹកល្ងាច គឺកត្តាយានយន្តច្រើននិងនៅច្បារអំពៅមានបុរី និងផ្ទះល្វែងច្រើន គឺគ្រាន់តែបុរីមួយនៅតាមដងផ្លូវជាតិលេខ១ មួយព្រឹកឡានចេញមិនទាន់អស់ផង តែមិនថ្វីនោះទោះបីកកស្ទះចរាចរណ៍មមាញឹក យ៉ាងណាក្ដីក៏ក្រុមសមត្ថកិច្ចខិតខំសម្របសម្រួល នៃការកកស្ទះចរាចរណ៍នេះអោយបានល្អប្រសើរផងដែរ៕