ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អណ្ដើក​ហ្លួង​ដ៏​កម្រ​ចំនួន ១០ ក្បាល​ត្រូវបាន​រដ្ឋបាល​ជលផល​និង​អង្គការ​WCS ប្រលែង​ក្នុង​ទីជម្រក​ធម្មជាតិ​វិញ​។​

49

 

​ខេត្ត​ព្រះសីហនុ ៖ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា​(WCS) និង នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ឧទ្យាន​សត្វព្រៃ​សឹង្ហ​បុរី (Wildlife ReservesSingapore-WRS) បាន​លែង​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ ចំនួន ១០​ក្បាល​​ដែលជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត ចូលក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្ថិតក្នុង​ឃុំ​ចំការ​ហ្លួង​ស្រុក​កំពុងសីលា ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី ២៨ ខែមករា​ឆ្នាំ ២០២១​នេះ​។​
​ពិធី​លែង​នេះ បានធ្វើ​ឡើង​ក្រោម​គម្រោង​មួយ​ដែល​គាំទ្រ​រួមគ្នា​ដោយ​សហភាព​អឺរ៉ុប​(EU), ឧទ្យាន​សត្វព្រៃ​WRS, Rainforest Trust, US Forest Service និង TSA​អនុវត្ត​ដោយ​អង្គការ WCS ប្រចាំ​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​

​ការលែង​អណ្តើក​ហ្លួង​នេះ គឺជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​ក្នុង​​ការការពារ​សំបុក អណ្តើក ការយកចិត្តទុកដាក់​មើលថែទាំ​កូនអណ្ដើក​ទាំងអស់​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ លូន​កោះកុង និង​ការការពារ​សត្វ​អណ្តើក​នៅក្នុង​សហគមន៍​តាម​ដងព្រែក​ស្រែអំបិល​។ នេះ​គឺ​ជា​ការលែង​អណ្តើក​ហ្លួង​លើក​ទី​ប្រាំ​ចូលក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល បន្ទាប់ពី​ការលែង​​លើក​ទី ១ ទី​២ និង​ទី​៣ ក្នុង​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០២០ ដែល​សរុប​ទាំង​បួន​លើក មាន​ចំនួន ៩៦​ក្បាល​។​

​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល បាន​មានប្រសាសន៍ថា ចំពោះ​ការចូលរួម ថែរក្សា​និង​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​ជា​ប្រភេទ​សត្វ​កម្រ​នេះ ចូលទៅក្នុង​បឹង​ធម្មជាតិ វិញ​គឺមាន​ការចូលរួម ពី​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​មូលដ្ឋាន បងប្អូន​ប្រជាពលរដ្ឋ និង​ជាពិសេស អង្គការ WCS ដែល​បាននិងកំពុង​ស្តារ​ប្រភេទ សត្វ​ជិត​ផុត​ពូជ មាន​ក្នុង​ដែនទឹក​ធម្មជាតិ​នេះ​ឡើងវិញ​។​លោក ក៏បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​កិច្ច​ការស្តារ​ប្រភេទ​អណ្តើក ព្រមទាំង​ក្រើនរំលឹក​ដល់​ជនល្មើស​មួយចំនួន​ដែល​នៅតែ​បន្ត​ជួញដូរ​ប្រភេទ​សត្វ​នេះ នឹងត្រូវ​ទទួលទោស​ចំពោះមុខ​ច្បាប់​។​

​លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​អណ្ដើក​ហ្លួង​នៃ​អង្គការ​WCS ក៏បាន​ឱ្យដឹង​ដែរ​ថា អណ្តើក​ហ្លួង​ទាំង ១០​ក្បាល​(​ឬ​ហៅ​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Southern RiverTerrapin (Batagur affinis)) ដែល​បាន​លែង​នៅថ្ងៃនេះ ត្រូវបាន​ក្រុម​អភិរក្ស​ប្រមូល​
​យក​ក្រោយពី​វា​បាន​ញាស់​នៅក្នុង​សំបុក​របស់​វា​នៅតាម​ដងព្រែក​ស្រែអំបិល និង​ព្រែក​កំពុង​លើ​ស្ថិតក្នុង​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ ចន្លោះ​ពី​ឆ្នាំ ២០០៦ ដល់ ២០១៥​បន្ទាប់មក​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​លូន​កោះកុង​ដែល​ស្ថិតនៅ​ភូមិ​ទួល​គរ​គី ឃុំ​ទួល​គរ​គី ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​ដើម្បី​ចិញ្ចឹម​ថែទាំ​ឲ្យ​ធំ​លូតលាស់​មុននឹង​លែង​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​។​

​ក្រុម​អ្នក​អភិរក្ស​ជឿថា អណ្តើក​ហ្លួង​ឬ​អណ្តើក​សរសៃ​បាន​ផុត​ពូជ​អស់ហើយ​នៅក្នុង​ប្រទេស​កម្ពុជា តែ​រហូត ដល់​ឆ្នាំ ២០០០ រដ្ឋបាល​ជលផល​និង​អង្គការ WCS បាន​រកឃើញ​សាជាថ្មី​នូវ​ប្រភេទ​អណ្ដើក​ហ្លួង​នេះ​មួយចំនួន​តូច​នៅ​សេសសល់​តាម​ដង​ព្រែ​ស្រែអំបិល​។ ចាប់តាំងពី​ពេលនោះ​មក អង្គការ WCS និង​រដ្ឋបាល​ជលផល បាន​សហការគ្នា​ការពារ​ប្រភេទ​សត្វ​អណ្តើក​នេះ​កុំឱ្យ​ផុត​ពូជ​។
​លោក កែន សេរី​រដ្ឋា នាយក​អង្គការ WCS បាន​មានប្រសាសន៍ថា «​កម្មវិធី​ការពារ​សំបុក​អណ្តើក ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ការពារ​ប្រភេទ​សត្វ​អណ្តើក​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​ទាំងនេះ តាមរយៈ​ការលើកទឹកចិត្ត​អោយមាន​ការចូលរួម​ពី​ប្រជា​សហគមន៍​មូលដ្ឋាន​ក្នុងការ​ការពារ​និង​ថែរក្សា​សំបុក​អណ្តើក រហូត​ដល់ពេល​កូនអណ្តើក ញាស់​ចេញ​ដោយ​ជោគជ័យ​៕​

អត្ថបទដែលជាប់ទាក់ទង