ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍

131

១)នៅព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃ១ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានរៀបចំឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយ ដែលមានលក្ខណៈកាន់តែងយស្រួល សំរាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទឹក និងដើម្បីជំរុញអោយឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលា និង
មិនមានការកកស្ទះចរាចរណ៍។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការបានរៀបចំឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា (ផ្លូវទឹក ផ្លូវថ្នល់ ផ្លូវរថភ្លើង និងផ្លូវអាកាស) ជំរុញធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលាដោយមិនមានការកកស្ទះចរាចរណ៍។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat) ដែលនាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាងមួយម៉ោងរវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាង រយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង។

ការធ្វើដំណើរមានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋចាប់ពីម៉ោង ៥៖៣០ព្រឹក រហូតដល់ម៉ោង ៦៖៣០ល្ងាច។ គិតចាប់ពីថ្ងៃដាក់ដំណើរការបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០,៦៤៧នាក់ ដែលជាមធ្យមមានអ្នកដំណើរប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។

២)ប្រជាជនមួយក្រុមរស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យបានប្រាប់ថា ផ្ទៃដីរដ្ឋដូចជាប្រឡាយមេ ត្រពាំង ស្រះទឹក អូរនៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យមានឈ្មញអ្នកមាន លុយម្នាក់ដឹកដីខ្សាច់ទៅចាក់លប់បំពេញ ប្រឡាយមេមួយខ្សែដើម្បីរំលោភទន្រ្ទាន យកទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ដោយគ្មានឃើញវត្តមានក្រុមសមត្ថកិច្ចអាជ្ញាធរសង្កាត់ ខណ្ឌណាមួយគាត់ចុះទៅពិនិត្យមើលឬ ទប់ស្កាត់សោះឡើយ ឬមួយត្រូវថ្នាំសណ្ដំរបស់ក្រុមឈ្មួញអស់ហើយទេ ដឹងបានជាមិនខ្ចីចុះទៅពិនិត្យសោះចឹង??។

ពួកអ្នកស្រុកគាត់រំលឹកថាប្រឡាយមេមួយខ្សែនេះ ដែលពួកក្រុមឈ្មួញគាត់កំពុង ចាក់ដីលប់ទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ គឺជាប្រឡាយដែលជីដូនជីតាគាត់បន្សល់ទុក អោយកូនចៅអ្នកស្រុកប្រើប្រាស់ក្នុងការរំដោះទឹក លិចលង់នារដូវវស្សាពេលមេឃភ្លៀងធ្លាក់មក ហើយនៅពេលនេះដល់គេចាក់ដីលប់យក ចឹងតើទឹករដូវវស្សានេះហូរចេញទៅតាមណា។
ប្រជាជនដែលមានដីកម្មសិទ្ធិស្រប ច្បាប់ពួកគាត់នៅជាប់ប្រឡាយមេនេះ គាត់និយាយថាក្រុមឈ្មួញនោះគាត់មិនត្រឹមតែចាក់ ដីលប់ប្រឡាយមេនោះទេគឺថែមទាំងចាក់ដីលប់លយ ចូលមកលើផ្ទៃដីពួកគាត់ទៀត សម្រាប់ធ្វើផ្លូវហើយបើក្រុមអាជ្ញាធរមូលដ្ឋាន មិនដោះស្រាយបញ្ហានេះគឺពួកគាត់ និងចាត់ការតាមផ្លូវច្បាប់ចំពោះរឿងនេះ ពោលគឺចាក់ដីលប់ប្រឡាយចូលដីគាត់។

ពាក់ព័ន្ធករណីនេះអាជ្ញាធរមូលដ្ឋានឆ្លើយថាមិនបានដឹង។
បោះឆ្នោតរួចហើយពលរដ្ឋរង់ចាំមើល មើសតើក្រុមអាជ្ញាធរសង្កាត់ ខណ្ឌគាត់ចាត់ការយ៉ាងម៉េចដែរចំពោះ ករណីក្រុមឈ្មួញចាក់ដីលប់ប្រឡាយមេ ដែលជាប្រព័ន្ធរំដោះទឹកនារដូវវស្សានោះ៕

៣)ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបាន បើកការជំនុំជម្រះផ្ទាល់ និង បានប្រកាសសាលក្រមភ្លាមៗសម្រេចផ្តន្ទា គ្រូបង្រៀន២នាក់ ដោយកាត់ទោសដាក់ពន្ធនាគារក្នុងម្នាក់៦ខែ តែទោសនោះត្រូវបានព្យួរទាំងអស់ ក្រោមការចោទប្រកាន់ពីបទលួច ពាក់ព័ន្ធនិងករណីលួចថ្នាំជ្រលក់ដៃរបស់គណកម្មការជាតិរៀបចំការបោះឆ្នោត ។

ជនជាប់ចោទម្នាក់ឈ្មោះ ទែន រតនា ភេទប្រុស អាយុ៤២ឆ្នាំ និង ម្នាក់ឈ្មោះ ជា សុធារី ភេទស្រី អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនជាប់ឈ្មោះ ជា សុធារី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ.លួច ចំណែកជនជាប់ឈ្មោះ ទែន រតនា ចោទប្រកាន់ពីបទ.សមគំនិតក្នុងអំពើលួច ទឹកខ្មៅជ្រលក់ចង្អុលដៃរបស់ គ.ជ.ប ។

ប្រភព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា កាលពីព្រឹកថ្ងៃទី៣១ កក្កដា សមត្តកិច្ចនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជូនគ្រូបង្រៀន ដែលជាជនជាប់ ចោទ២នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការធ្វើការសាកសួរ រឿងលួចទឹកខ្មៅជ្រលក់ចង្អុលដៃរបស់គ.ជ.ប ។

ប្រភពព័ត៌មានឲ្យដឹងទៀតថា ដំបូងសមត្តកិច្ចបានធ្វើការឃាត់ខ្លួនអ្នកគ្រូ ជា សុធារី តែម្នាក់ទេ ប៉ុន្តែក្រោយការសាកសួរយកចម្លើយអ្នកគ្រូ បានជាប់ពាក់ពន្ធទៅ និង លោកគ្រូម្នាក់ទៀត ទើបតំណាងអយ្យការតម្រូវឲ្យសមត្តកិច្ចនាំមកទាំងពីរនាក់តែម្ដង ។

នៅក្នុងសវនាការនាសាលា ដំបូងរាជធានីភ្នំពេញ អ្នកគ្រូបានសសរភាពថាបានជាគាត់លួចយកទឹកខ្មៅគ.ជ.ប នោះ ដោយសារលោកគ្រូបានពឹងពាក់ឲ្យគាត់ ជួយយកដបទឹកថ្នាំខ្មៅនោះមកជ្រលក់ដៃ ព្រោះលោកគ្រូជាប់រវល់នៅថ្ងៃបោះឆ្នោតមិនបានទៅបោះឆ្នោត និងគេ និងមិនមានស្នាមទឹកខ្មៅជាប់ចង្អុលដៃដូច ដូច្នោះបានជាគាត់យកឲ្យ ។

ចំណែកលោកគ្រូវិញបានបដិសេធទៅ និងសំដីអ្នកគ្រូ ដែលចោទប្រកាន់យ៉ាងដូច្នោះ ហើយលោកគ្រូក៏បានតបទៅអ្នកគ្រូវិញថា ខ្ញុំគ្រាន់តែនិយាយថា បើសិនជាខ្ញុំមិនបានទៅបោះឆ្នោត ខ្ញុំអាចសុំទឹកថ្នាំខ្មៅរបស់គ.ជ.ប មកជ្រលក់ចង្អុលដៃបានអត់ ?

ទោះបីលោកគ្រូបដិសេធក៏ដោយ ក៏តំណាងអយ្យការនៅតែតម្កល់ការចោទប្រកាន់ពីបទលួច ហើយស្នើអោយចៅក្រមសម្រេចតាមច្បាប់ ។

៤)ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «​Hang Meang khou» ដែលបង្ហោះព័ត៌មានបំភ្លៃរឿងស្រ្តីម្នាក់ ជាអ្នកលក់គុយទាវនៅស្រុកចុងកាល់ ទៅបោះឆ្នោតជ្រលក់ដៃ២ដង បានលុយ២ដងនោះ ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួនបានហើយ នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ ខណៈជននេះត្រៀមចេញទៅប្រទេសថៃ។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ ​លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានប្រាប់ ថា «កម្លាំងយើងបានឃាត់ខ្លួន ម្ចាស់គណនីហ្វេសប៊ុក បានហើយនៅវេលាម៉ោងជាង១១ នៅអន្លង់វែង មុនពេលរូបគេត្រៀមចេញទៅថៃ។ ក្រោយការសួរនាំនោះ បុរសរូបនេះ បានសារភាពថា រូបគេបាននិយាយខុសពីការពិត ហើយយកទៅបង្ហោះតាមហ្វេសប៊ុកនាំឲ្យមានការយល់ច្រឡំ ដូច្នេះគាត់បានសុំទោសដល់មហាជនទូទៅ ព្រមទាំងបានសន្យាបញ្ឈប់ សកម្មភាពបែបនេះទៅថ្ងៃក្រោយ»។

អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ បានសារភាពយ៉ាងដូច្នេះថា “រឿងខ្ញុំបង្ហោះថា បោះឆ្នោត២ដង បានលុយ២ដង គឺពាក្យនេះមិនពិតទេ ខ្ញុំសូមអាធ្យាស្រ័យ សុំទោសដល់មហាជនទាំងអស់គ្នា។ ថ្ងៃក្រោយ ខ្ញុំសូមសន្យាមិនបំភ្លៃព័ត៌មានតទៅទៀតទេ”។

ពាក់ព័ន្ធចំណាត់ការយ៉ាងណានោះ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា ក្រោយបញ្ចប់ការសួរនាំ និងសារភាពរបស់ជននេះ នគរបាលរបស់លោក បានអនុញ្ញាតឲ្យជននេះត្រឡប់ទៅវិញ បន្ទាប់ពីធ្វើកិច្ចសន្យា ព្រមទាំងបានអប់រំណែនាំកុំឲ្យប្រព្រឹត្តនូវទង្វើបែបនេះបន្តទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានព័ត៌មានយល់ច្រឡំមួយ ដែលបង្កើតឡើងដោយក្រុមប្រឆាំង នៅក្នុងប្រទេសកម្ពុជា យកទៅបង្ហោះជាមួយនឹងរូបភាពស្ដ្រីម្នាក់ នៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការជ្រលក់ដៃ២ដង (ចង្អុលដៃឆ្វេង និងដៃស្ដាំ) នៅពេលស្ដ្រីរូបនេះទៅបោះឆ្នោត ដោយក្រុមប្រឆាំងសរសេរថា «ស្ដ្រីរូបនេះបានទៅបោះឆ្នោត២ដង និងបានលុយ២ដងផងដែរ»។

ក្រោយពីមានការបង្ហោះព័ត៌មានខុសពីការពិត ដែលនាំឲ្យមានការយល់ច្រឡំពីមហាជនទូទៅ នៅលើគណនី Facebook ឈ្មោះ «​Hang Meang khou» ដែលជាសកម្មជនម្នាក់របស់អតីត គណបក្សសង្គ្រោះជាតិនោះ អាជ្ញាធរ និងសមត្ថកិច្ចខេត្តឧត្ដរមានជ័យ បានចាប់ផ្ដើមធ្វើការស្រាវជ្រាវ ហើយចុះទៅសួរនាំផ្ទាល់ ជាលទ្ធផលទើបដឹងការពិតច្បាស់ មិនមែនដូចការចោទប្រកាន់ និងខ្លឹមសារបង្ហោះនៅក្នុងបណ្ដាញសង្គម Facebook នោះឡើយ។

ស្ដ្រីរូបនេះឈ្មោះ ជឿយ ចាន់នី អាយុ៥១ឆ្នាំ មានមុខរបរជាអ្នកលក់គុយទាវ និងបបរ ស្ថិតនៅភូមិគោកវត្ត ឃុំ-ស្រុកចុងកាល ខេត្ដឧត្ដរមានជ័យ ដែលត្រូវបានគណនី Facebook ឈ្មោះ «​Hang Meang khou» បង្ហោះរូបថតគាត់មួយសន្លឹកដោយលើកចង្អុលដៃ ប្រឡាក់ទឹកថ្នាំបោះឆ្នោតទាំង២ អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ព្រឹកនេះនៅតាមដងផ្លូវទៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ខ្ញុំបានឈានចូលញាំអាហារពេលព្រឹក​ បងស្រីបង្ហាញចង្អុលដៃទាំងពីរ របស់គាត់ឲ្យខ្ញុំមើល​ គាត់សួរខ្ញុំថាហេតុអ្វីប្អូនអត់ទៅបោះឆ្នោត​​? ហើយគាត់អួតប្រាប់ខ្ញុំថា​ ចំណែកខ្ញុំបោះឆ្នោតបានពីរដង​ បានលុយពីរដង​»។

អ្នកស្រី ជឿយ ចាន់នី បានលាតត្រដាងពីហេតុការណ៍យ៉ាងដូច្នេះថា នៅថ្ងៃបោះឆ្នោតអ្នកស្រី ពិតជាបានទៅចូលរួមបោះឆ្នោតប្រាកដមែន ហើយពេលជ្រលក់ទឹកថ្នាំត្រូវបានមន្ដ្រី គ.ជ.ប នៅក្នុងការិយាល័យបោះឆ្នោត ចាប់ចង្អុលដៃខាងស្ដាំរបស់អ្នកស្រីឲ្យជ្រលក់ ប៉ុន្ដែដោយសារចង្អុលដៃរបស់អ្នកស្រី នៅជាប់ខ្លាញ់សាច់ជ្រូក ក៏មន្ដ្រី គ.ជ.ប គិតថា ខ្លាចមិនប្រឡាក់ខ្លាំង ក៏ឲ្យអ្នកស្រីលូកចង្អុលដៃខាងស្ដាំនេះម្ដងទៀត។ ប៉ុន្ដែដោយស្ដាប់មិនទាន់ ស្រាប់តែអ្នកស្រីយកចង្អុលដៃខាងឆ្វេង ទៅលូកដោយខ្លួនឯងទើបធ្វើឲ្យចង្អុលដៃរបស់អ្នកស្រី ប្រឡាក់ទាំង២យ៉ាងដូច្នេះ។

អ្នកស្រី ជឿយ ចាន់នី បានបញ្ជាក់ទៀតថា លុះព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ចន្លោះម៉ោង៧ ទៅម៉ោង៨ ស្រាប់តែមានមនុស្ស៤នាក់ ជិះឡានមួយគ្រឿង ទិសដៅពីខេត្តសៀមរាប មកខេត្តឧត្តរមានជ័យ ហើយចូលហូបគុយទាវនៅហាងរបស់អ្នកស្រី។ ពេលដែលចូលហូបនោះ ពួកគេបានឃើញចង្អុលដៃប្រឡាក់ទាំង២ ក៏បានសួរនាំ រួចបានថត​ ហើយយកទៅបង្ហោះតាម Facebook ខុសពីការពិតយ៉ាងដូច្នេះ ដោយអ្នកស្រីមិនបាននិយាយទាល់តែសោះថា «បោះឆ្នោតពីរដង បានលុយពីរដងនោះឡើយ» គឺខុសពីការពិតទាំងស្រុង ដែលនាំឲ្យមជ្ឈមដ្ឋាននានា មានការយល់ច្រឡំមកលើលោកស្រី៕

៥) សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មខ្លាំងៗតបទៅក្រុមប្រឆាំង ដែលបានកាត់តសំឡេងឡាយវីដេអូឃ្លីប របស់តារាចម្រៀង ម៉េង កែវពេជ្ជតា ថាមើលងាយប្រជាជនកម្ពុជា ល្ងង់ ក្រ ជាដើម តាមពិត តារាចម្រៀង ពេជ្ជតា និយាយសំដៅទៅលើតែក្រុមប្រឆាំងមួយក្រុមនោះទេ មិនមែនលើប្រជាជនកម្ពុជាទាំងអស់នោះទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងការពារឃ្លីបវីដេអូតារាចម្រៀង ម៉េង កែវពេជ្ជតា ផងដែរ ដែលត្រូវអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ យកទៅកាត់តកែកាឡៃសំឡេងថា មើលងាយប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ អំពាវនាវប្រជាពលរដ្ឋកុំឲ្យចាញ់បោក ការកាត់តរបស់ក្រុមអ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ។

ក្នុងពេលជួបជាមួយកម្មករោងចក្រ នៅព្រឹកថ្ងៃទី២ខែសីហានេះ បន្ទាប់ពីការបោះឆ្នោត ត្រូវបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “នៅកម្មវិធីព្រឹកនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា មកដែរឬអត់ ? ខ្ញុំបានមើល រឿងមិនគួរកើតឡើងនោះទេ តារាចម្រៀងដែលល្បីឈ្មោះនៅទីនេះ ។ នៅពេលដែលកូនឯងឡាយក្នុងហ្វេសប៊ុកនោះ ពុកបានមើលផ្ទាល់តែម្តង ពេលនោះគ្នាទើបតែមកពីហែគណបក្សនៅខេត្តត្បូងឃ្មុំ ដែលមានពាក់អាវគណបក្ស និងមានក្រមាបង់ក និងមានរូបសញ្ញាគណបក្ស​ប្រជាជនកម្ពុជាទៀតផង។ ហើយក្រុមប្រឆាំងបានយកសំឡេងឡាយទៅកាត់តថាម៉េង កែវពេជ្ជតា មើលងាយប្រជាជនខ្មែរ “ថាល្ងង់ ថាក្រ” ក៏ប៉ុន្តែបើឃ្លីបនេះ បើតាមខ្ញុំតាមដានមើលការឡាយផ្ទាល់ គឺក្រុមប្រឆាំងបានចូលមកជេរៗតែម្តង តែកែវ ពេជ្ជតា បានតបវិញថា និយាយបែបនេះ គឺមិនមែនឆ្កូតទេ គឺល្ងង់តែម្តង ហើយនាងថា ខាងនេះ គេមានមនុស្ស និងអ្នកចេះដឹង គេមិនមែនប្រើមនុស្សល្ងង់ដូចអ្នកឯងទេ ។ ស្រាប់តែវាយកទៅកាត់តភ្លាមៗ បង្កើតបានរឿងមួយថ្មីទៀត ធ្វើឲ្យស្អប់ចំពោះសិល្បករ សិល្បការិនី ។ គ្រាន់តែរឿងប៉ុណ្ណឺង បានបង្កើតទៅជារឿងថ្មីមួយ ធ្វើឲ្យអាប់ឱនកិត្តិយសសិល្បករ សិល្បការិនី ដែលគ្រាន់តែប្រើសិទ្ធិខាងនយោបាយ ។ អ្នកណាគាំទ្រគេ គេថាស្នេហាជាតិ ឯកអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា គឺក្បត់ជាតិទាំងអស់” ។

សម្តេចតេជោ បានថ្លែងថា “សូមប្រយ័ត្នក្មួយៗដែលមិនបានដឹង មកជឿឃ្លីបវីដេអូនេះ កាត់តថាម៉េង កែវពេជ្ជតាមើលងាយប្រជាជនខ្មែរថា “ល្ងង់ ក្រ” ហើយសូមបងប្អូនត្រូវមើលឃ្លីបវីដេអូដើម។ ពាក្យថាល្ងង់នេះ មិនមែនចោទទៅលើប្រជាជនកម្ពុជាល្ងង់នោះទេ គឺសំដៅទៅលើមនុស្សមួយក្រុមនោះដែលល្ងង់”។

គណបក្សប្រជាជនកម្ពុជា ត្រូវមានការទទួលខុសត្រូវចំពោះសមាជិកសមាជិការដែលគាំទ្ររបស់ខ្លួនដែរ មិនត្រូវទុកឲ្យគេប្រមាថនោះទេ ហើយសមាជិកសិល្បករសិល្បការិនី បានចូលរួមច្រើនណាស់ ហើយយើងក៏មិនត្រូវទុកឲ្យសិល្បករសិល្បការិនី ដែលមានប្រជាជនរាប់លាននាក់ បាននិយមចូលចិត្ត ត្រូវគេប្រមាថ ភូតកុហកបោកប្រាស់ ឲ្យក្លាយទៅជារឿងដែលសង្គមស្ងប់ខ្ពើមនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា “រឿងគេ និយាយអីចេះ វាយកទៅកាត់អីចុះ”។

៦)សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “សុខសប្បាយជាទេបងប្អូនកូនក្មួយ? ថ្ងៃនេះពូសប្បាយចិត្តណាស់ ដែលបានបន្តចុះជួបសួរសុខទុក្ខកូនក្មួយកម្មករ តាមការសន្យារបស់ពូ កាលមុនបោះឆ្នោត គឺប្រសិនបើគណបក្សប្រជាជន ឈ្នះឆ្នោត ពូនឹងបន្តចុះជួបសួរសុខទុក្ខ កូនក្មួយកម្មករ ជាបន្តនៅទូទាំងប្រទេស”។

សម្តេចតេជោ បានថ្លែងថា “ខ្ញុំសូមអរគុណបងប្អូនប្រជាពលរដ្ឋ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងចំពោះកូនក្មួយកម្មករ ទូទាំងប្រទេសដែលបានទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ បងប្អូនជនរួមជាតិ បានចូលរួមនៅក្នុងដំណើរការ ប្រជាធិបតេយ្យតាមរយៈការទៅបោះឆ្នោត ដែលមានអត្រាជាង (៨២%) ដែលមានសារសំខាន់បំផុតសម្រាប់ប្រទេសជាតិយើង។ សូមអរគុណម្ចាស់រោងចក្រទាំង២៤ ដែលបានផ្តល់ឱកាស ឲ្យកូនក្មួយបានមកជួបជុំខ្ញុំ និបានឈប់សម្រាកនៅរសៀលថ្ងៃនេះ ។ ពូសូមអរគុណកូនក្មួយកម្មករទាំងអស់ ដែលបានស្វាគមន៍បដិសណ្ឋារកិច្ច ពូយ៉ាងរាក់កក់ក្តៅនៅព្រឹកថ្ងៃនេះ ដែលបង្ហាញអោយឃើញពីការគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងគាំទ្ររបស់ក្មួយៗមកលើរូបពូ។ ពូជូនពរក្មួយៗមានការងារធ្វើជាប់លាប់ល្អៗ មានសុខភាពល្អ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ អរគុណក្មួយៗដែលបានបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា លេខ២០ ដើម្បីឲ្យពូមានឱកាសនៅ បន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ក្រោមម្លប់ដ៏ត្រជាក់ នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”។

សម្តេចតេជោ បានលើកឡើងថា បងប្អូនធ្វើដំណើរតាមកាណូត និងតាមរថភ្លើងអត់យកប្រាក់ FREE ។ កាលពីម្សិលមិញថ្ងៃទី ១ សីហា ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញសម្ពោធ ចំណតកាណូត នៅទីតាំងចំណតឫស្សីកែវ ដែលបានដាក់ឲ្យសាធារណជនប្រើប្រាស់រួចហើយ។ ទន្ទឹមនឹងនេះ ផ្លូវរថភ្លើងពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានតភ្ជាប់រួចហើយ បានដាក់ឲ្យដំណើរការរួចហើយដែរ កាលពីពេលថ្មីៗនេះ ដើម្បីបម្រើដល់ការធ្វើដំណើរ និងក្នុងការដឹកជញ្ជូនទំនិញផ្សេងៗ របស់ពលរដ្ឋ និងអាជីវករឲ្យកាន់តែងាយស្រួលនិងមានតម្លៃថោក”។

សូមអញ្ជើញបងប្អូនធ្វើដំណើរតាមកាណូត (ពីភ្នំពេញទៅតាខ្មៅ) និងតាមរថភ្លើង (ពីភ្នំពេញទៅប៉ោយប៉ែត បន្ទាយមានជ័យ) ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០១៨ នេះ គឺមិនយកថ្លៃជិះឡើយ (Free)។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏កំពុងស្នើសុំទៅក្រុមហ៊ុន Royal Railway របស់ អ្នកឧកញ៉ា គិត ម៉េង ដើម្បីបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ តាមរថភ្លើង មិនគិតថ្លៃនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ តាមរយៈខ្សែរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្មករ កម្មការនី ដែលនឹងជួបសំណេះសំណាលជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានចំនួន ១៤.៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ដែលក្នុងនោះមកពីក្រុមហ៊ុនប្រទេសចិនចំនួន១៩ កូរ៉េចំនួន២ សិង្ហបុរីចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២១ ផលិតស្បែកជើងចំនួន២ និងបោកគក់ចំនួន១។ ផលិតផលទាំងអស់ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទៅលើទីផ្សាក្នុងប្រទេស៕

៧)នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងពីការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ នៅរាជធានីភ្នំពេញ បន្ទាប់ពីការដាក់ឲ្យដំណើរកាល ចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រភេទសេវាដែលអង្គភាពច្រកចេញចូលតែមួយ នឹងផ្ដល់ជូនមានដូចជា ប្រភេទសេវានីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង), ផ្នែករដ្ឋបាល និងក្នុងវិស័យសុខាភិបាល, វិស័យទេសចរណ៍, វិស័យសាធារណការ និងដឹកជញ្ជូន, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យព័ត៌មាន, វិស័យបរិស្ថាន, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម, វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង, វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា សម្រាប់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ សិប្បករ ក៏ដូចជាវិស័យឯកជន ដែលកំពុងរស់នៅ និងប្រកបរបរទទួលទានផ្សេងៗ នៅរាជធានីភ្នំពេញ អញ្ជើញមកទំនាក់ទំនងស្នើសុំសេវារដ្ឋបាលតាមវិស័យដូចបានរៀបរាប់ខាងលើ នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ៕

៨)លោស្រី ឆាយ សុវណ្ណ និងស្វាមី ឈ្មោះ ធន សារ៉ាយ ប្រធានសមាគមអាដហុក (ADHOC) ត្រូវបានគេប្តឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយចោទប្រកាន់ថា បានគេចវេសមិនព្រមបង់ពន្ធថ្លៃឈ្នួលផ្ទះ ជូនរដ្ឋលើថ្លៃឈ្នួលផ្ទះរបស់ខ្លួន ដែលបានជួលឲ្យសមាគមអាដហុក កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់បន្ថែមថា “យើងបានទទួលពាក្យប្តឹង (ពីបុគ្គលធ្វើការនៅ NGO ) ថាប្តីប្រពន្ធលោធន សារាយ បានប្រព្រឹត្តពុករលួយ ដោយមិនបង់ប្រាក់ពន្ធថ្លៃជួលផ្ទះ (ពន្ធកាត់ទុក) (ពាក្យប្តឹងថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៨) ដើម្បីមានមូលដ្ឋានឲ្យ អ.ប.ព បើកការស៊ើបអង្កេតបាន ឬអត់ អ.ប.ព បើកការស្រាវជ្រាវប្រមូលព័ត៌មន ហើយព័ត៌មាន ឯកសារ ភស្តុតាង ដែលយើងប្រមូលបានបង្ហាញថា ៖ ១) នេះមិនមែនជាករណីពុករលួយទេ ព្រោះលោក ធន សារាយ មិនបានសូកអ្នកណា ហើយមន្រ្តីពន្ធដារមិនបានទារសំណូល ឬទារប្រាក់អ្វីបន្ថែមអ្វីដែរ ។ ប្រសិនបើអ្នកទាំងពីរប្តីប្រពន្ធមិនបានបង់ពន្ធមែន វាជាបទល្មើស ស្ថិតក្នុងសមត្ថកិច្ចអគ្គនាយកដ្ឋានពន្ធដារ មិនស្ថិតក្នុងសមត្ថកិច្ច អ.ប.ពទេ។ អ្នកទាំងពីរ ពិតជាបានជួលផ្ទះរបស់ខ្លួនឲ្យទៅអង្គការរបស់ខ្លួនមែន ហើយបានបង់ពន្ធកាត់ទុកគ្រប់ចំនួន នេះបើយោងតាមប្រព័ន្ធកំព្យូទ័រ ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦មក។ មូលដ្ឋានពីរខាងលើ មិនអាចឲ្យ អ.ប.ព អាចបើកការស៊ើបអង្កេត តាមពា្យប្តឹងនេះបានទេ។

ចំណែកអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសផងដែរថា ផ្អែកលើមូលដ្ឋានច្បាប់ នៅពេលសហគ្រាលអ្នកជាប់ពន្ធណាមួយ ត្រូវបានរកឃើញថាអនុវត្តកាតព្វកិច្ចពន្ធដារមិនបានត្រឹមត្រូវ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការជូនដំណឹងដល់អ្នកជាប់ពន្ធនោះ អំពីកង្វះខាតក្នុងការបំពេញ កាតព្វកិច្ចពន្ធដាររបស់ខ្លួន ឬជូនដំណឹងស្តីពីការចុះធ្វើសវនកម្មពន្ធដារ តាមវិធានការនិងនីតិវិធី ដែលបានកំណត់ដោយច្បាប់។ ដូច្នេះ អគ្គនាយកដ្ឋានពន្ធដារមិនមានហេតុផលណាមួយ ទាំងផ្នែកទិដ្ឋភាពច្បាប់ ទាំងក្នុងការអនុវត្តជាក់ស្តែង ក្នុងការប្តឹងអ្នកជាប់ពន្ធទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយគ្រាន់តែការខនខានមិនបានបង់ប្រាក់ពន្ធ លើថ្លៃឈ្នួលផ្ទះបែបនេះ នោះឡើយ។ ជាក់ស្តែង សូម្បីតែលោកធន សារាយ ផ្ទាល់ ដែលជាប្រធានសមាគមអាដហុក ក៏បានបញ្ជាក់ច្បាស់តាមរយៈបទសម្ភាសន៍ របស់លោកថានេះមិនមែនជាបណ្តឹងធ្វើឡើយដោយអគ្គនាយកដ្ឋានពន្ធដារទេ គឺអាចជាបុគ្គលិកណាម្នាក់ ជាអតីតបុគ្គលិករបស់សមាគមអាដហុក ដែលមានការថ្នាំងថ្នាក់ នឹងសមាគម ទើបបណ្តាលឲ្យគាត់សម្រេចចិត្តធ្វើបែបនេះ។ អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នអនុវត្តច្បាប់ មានបេសកកម្មប្រមូលចំណូលពន្ធ ហើយក៏មិនមានចេតនានយោបាយ ឬចេតនាផ្លូវច្បាប់ណាមួយ ដើម្បីរកលេសក្នុងបំណងបង្អាក់សកម្មភាពការងាររបស់អង្គការសមាគម និងសារព័ត៌មានឯករាជ្យ ដូចការចោទប្រកាន់ នាពេលកន្លងមកនោះទេ។

៩) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប​បានចេញសេចក្តីបំភ្លឺទៅនឹងការចោទប្រកាន់ខុសទំនងរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ថា គ.ជ.ប បានលួចបំប៉ោងសំឡេងឆ្នោតក្នុងទម្រង់១១០៩ ឱ្យគណបក្សប្រជាជនកម្ពុជា ដោយបង្ហោះនៅលើគណនី Facebook របស់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

តាមសេចក្តីបំភ្លឺរបស់ គ.ជ.ប នៅរសៀលថ្ងៃទី៤ ខែសីហានេះបានឱ្យដឹងថា ទម្រង់១១០៩ គឺជាតារាងលទ្ធផលនៃការបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ត្រូវស្រង់តួលេខបញ្ចូលក្នុងទម្រង់នេះ ពីទម្រង់១១០២ នៃការិយាល័យទាំងអស់នៅក្នុងឃុំ-សង្កាត់នេះ។

ក្នុងដំណើរការរៀបចំលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ទម្រង់១១០៩ គឺជាឯកសារមួយក្នុងចំណោមឯកសារសំខាន់ៗដទៃទៀត ដែលប្រើប្រាស់ដើម្បីរៀបចំលទ្ធផលនេះ។ យន្តការត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ន ធ្វើឡើងជាពីថ្នាក់៖

១៖ ការត្រួតពិនិត្យ និងបូកសរុបលទ្ធផលបណ្តោះអាសន្ន នៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប)

២៖ ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់លទ្ធផលបណ្តុះអាសន្ននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សូមបញ្ជាក់ថា តួលេខដែលត្រូវបានប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ផ្អែកជាសំខាន់ និងតែមួយគត់លើកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត គឺទម្រង់១១០២៕

១០) ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវអបអរសាទរចំពោះ ប្រាសាទអង្គរវត្តរបស់កម្ពុជា បន្ទាប់ពីទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) បានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត ដោយចាត់ទុកថា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុត ក្នុងចំណោមទីសំណង់ប្រវត្តិសាស្ដ្រដ៏ល្បីៗ ក្នុងពិភពលោកចំនួន២៥ សម្រាប់ឆ្នាំ២០១៨។ នេះជាសេចក្ដីជូនដំណឹង របស់កក្រសួងទេសចរណ៍ នៅថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០១៨នេះ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨ បានលេចចេញតាមរយៈ ការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ របស់ទីភ្នាក់ងារប្រឹក្សាយោបល់ លើការធ្វើដំណើរ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា វាជាឆ្នាំទី៥ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរទូទាំងពិភពលោកបោះឆ្នោតគាំទ្រ ហើយកន្លងមកក៏ទទួលបានចំណាត់ថ្នាក់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗទៀតផងដែរ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏សូមអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ស្ថាប័នពាក់ព័ន្ធ និងបណ្ដាក្រុមហ៊ុនឯកជន អញ្ជើញចូលរួមអបអរសាទរ ក្នុងការទទួលទានរង្វាន់នេះ នៅក្រុងសៀមរាប ខាងមុខបរិវេណប្រាសាទអង្គរវត្ត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ខាងមុខ។

១១)មានអីតែឧកញ៉ាៗល្បីៗនោះ សូម្បីតែតារាចម្រៀង ខេមរៈ សេរីមន្ត ដែលជាអ្នកមានជំនាន់ថ្មី ក៏អាចជិះឧទ្ធម្ភាគចក្រទៅលក់ដីបានដែរ ។ តារាចម្រៀងរូបនេះ បានចាប់ដៃគូរវិនិយោគ ឧកញ៉ាជើងថ្មី ឡេង ណាវ៉ាត់ត្រា ក្នុងការបើកគម្រោងលក់ដីឡូតិ៍ ហើយរាល់អតិថិជនទិញដីមួយឡូត៍ នឹងថែមជូន សំបុត្រយន្តហោះទៅសាំងហ្គាពួ ពីយប់បីថ្ងៃ ។ នេះជាមុខរបរថ្មីមួយទៀតរបស់ខេមរៈ សេរីមន្ត បន្ថែមលើអាជីពច្រៀងនាពេលបច្ចុប្បន្ន។ ពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ វាមិនឆ្ងាយទេ ជិះរថយន្តក៏ដល់ដែរ ប៉ុន្តែ សេរីមន្ត ចង់បង្ហាញថាឥឡូវនេះខ្លួនមានលុយច្រើនហើយ ហើយក៏មានសមត្ថភាព អាចជួលឧទ្ធម្ភាគចក្រជិះបានដែរ ។

ទើបនឹងចាប់ដៃគូជាមួយតារាចម្រៀងព្រាប សុវត្ថិ ចាយទុនជាង៥លានដុល្លារ មិនបានប៉ុន្មានផង តារាចម្រៀង លោក ​លោក ឡេង ណាវ៉ាត់ត្រា បានប្រកាសការចាប់ដៃគូជាមួយតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដែលការប្រកាសចាប់ដៃគូថ្មីនេះ មានដើមទុនសរុបប្រមាណជាង១០លានដុល្លារ។
នេះគឺជាលើកទី១របស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានប្រកាសចាប់ផ្តើមជំនួញផ្នែកអចលនទ្រព្យ ដែលការប្រកាសបើកមុខលក់ដូរជំនួញ ចាយទុនរាប់លានដុល្លារនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ នៅទីតាំងដីឡូតិ៍ផ្ទាល់នាភូមិ ក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា បច្ចុប្បន្នជំនួញលើផ្នែកអចលទ្រព្យមានការរីកចម្រើនខ្លាំង ហើយលោកពិតជាសប្បាយចិត្ត ដែលបានសហការរកស៊ីរួមគ្នា ជាមួយលោកឧកញ៉ា ឡេងណាវ៉ាត់ត្រា ដែលធ្លាប់មានកេរ្តិ៍ឈ្មោះ លើជំនួញដីធ្លី និងលំនៅដ្ឋាន ហើយក៏ដោយសារសង្កេតឃើញពិតម្រូវការនៃដីធ្លី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មានការកើនឡើងកាន់តែខ្លាំង។ លោកបញ្ជាក់ដែរថា លោកបន្តថាបើទោះបីជាបើកជំនួញថ្មី ប៉ុន្តែលោកនៅតែបន្តការងារសិល្បៈជាធម្មតា ហើយលោករំពឹងថាជំនួញថ្មី ដែលមានទីតាំងល្អជាប់រោងចក្រផ្ទាល់នេះនឹងទទួលបានជោគជ័យជាក់ជាមិនខាន។

លោក ឡេង ណាវ៉ាត់ត្រា បញ្ជាក់ថា គម្រោងវិនិយោគជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត លើផ្ទៃដីសរុបប្រមាណ៤០ហិចតា ដែលចាយទុនប្រមាជាង១០លានដុល្លារ ដែលមានភាគហ៊ុនលោក ៥០ភាគរយ និងលោក ខេរៈ សិរី​មន្ត ៥០ភាគរយដែលចែកចេញជា៣គម្រោងប៉ុន្តែនេះគឺជាការផ្តើមគម្រោងទី១សិន។

តារាចម្រៀងព្រាប សុវត្ថិ កាលពីចុងខែកក្កដាកន្លងទៅនេះក្រោមទុនប្រមាណជាង៥លានដុល្លារអាមេរិក
វិនិយោគជាមួយឧកញ៉ា លោក ឡេង ណាវ៉ាត់ត្រា លើគម្រោង ពុះឡូតិ៍នៅតំបន់ខេត្តកំពង់ស្ពឺនេះដែរ លើផ្ទៃដីចំនួម១៣ហិកតា ។

១២) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែវិស័យកីឡាទេ ដែលអាចអនុវត្តន៍តាមស្តង់ដារអន្តរជាតិតែមួយ ប៉ុន្តែនិយាយពីនយោបាយវិញ មិនអាចនិយាយ ពីស្តង់ដារអន្តរជាតិបាននោះទេ ព្រោះគ្រប់ប្រទេសទាំងអស់ មានរបបនយោបាយផ្សេងៗគ្នា។

សម្តេចតេជោ បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនឹងប្រតិភូកីឡាសរុបជាង ៧០នាក់ មុនចាកចេញ ទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅវិមាននាយករដ្ឋមន្រ្តីថា អ្នកលើកឡើងពីការគោរពស្តង់ដារអន្តរជាតិ លើផ្នែកនយោបាយ គឺជាទស្សនៈមនុស្សឆ្កួតលីលា។

ចំពោះស្ថានការនយោបាយ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បើគ្មាន អ្វីកែប្រែនោះទេ កម្ពុជាក្នុងនីតិកាលទី៦ នឹងរៀបចំប្រជុំសភាលើកដំបូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយបេក្ខភាពតំណាងរាស្ត្រទាំងអស់ នឹងស្បថចូលកាន់តំណែងសភា នៅល្ងាចទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ គឺនឹងបង្កើតរាជរដ្ឋាភិបាលថ្មី។ នៅពេលល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីស្បថចូល កាន់តំណែងជាផ្លូវការ។ បន្ទាប់មកថ្ងៃព្រឹកថ្ងៃទី ២១ ប្រជុំគណៈរដ្ឋមន្ត្រីថ្មី។ ប្រសិនបើរាជរដ្ឋាភិបាលថ្មី បានបង្កើតនៅក្នុងខែសីហា ២០១៨ នេះ គឺ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅថ្លែងសុន្ទរកថា​ ជាផ្លូវការ នៅអង្គការសហប្រជាជាតិ (UN) ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមអ្នកប្រឆាំងថា លទ្ធផលឆ្នោតជាការកេងបន្លំ ជាការបំប៉ោងទិន្នន័យ ជាសណ្តានរបស់មនុស្សឆ្កួត ហើយជាលេសចុងក្រោយរបស់ក្រុមប្រឆាំង ដើម្បីវាយប្រហារការបោះឆ្នោតនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកថា លទ្ធផលបោះឆ្នោតនៅកម្ពុជា មានការបំប៉ោង និងបំភិតបំភ័យនោះ ហ៊ានស្បថឲ្យរន្ទះបាញ់ ឬ ទេវតាបរាមុខឲ្យងាប់តៃហោងដែរឬទេ?

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់គ្រប់ទម្រង់នៃគ្រោះថ្នាក់ទាំងអស់ ទៅលើលទ្ធផលបោះឆ្នោត ដែលត្រូវបានគេចោទថា មានការបំប៉ោងទិន្នន័យនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងករណីដែលអតីត មេបក្សប្រឆាំងចោទ ប្រកាន់អំពីការ ដែលពលរដ្ឋមានចំនួនច្រើន លើសលុបទៅបោះឆ្នោតនោះថា ជារឿងភូតភរកុហក បោកប្រាស់។ ពួកអ្នកឯងហ៊ាន ស្បថឲ្យរន្ទះបាញ់ទេ ដែលដោយចោទអំពីការបោះឆ្នោត ។ ខ្ញុំក៏ហ៊ានស្បថ ឲ្យងាប់តៃ ហ៊ោងក៏បានដែរ សុខចិត្តងាប់តៃហ៊ោង ងាប់ប្រភេទណាក៏បានដែរ ឲ្យទេវត្តាបរាមុខ តៃហ៊ោងតែម្តង ហ៊ានអត់។ ស្បថឲ្យងាប់គ្រប់ទម្រង់។ប្រជាពលរដ្ឋទៅបោះឆ្នោត មួយប្រទេសហើយហ្នឹង។ ការឈ្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ដោយសារតែអត់វត្តមានគណបក្សសង្គ្រោះជាតិនោះ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា ចុះការបោះឆ្នោតប៉ុន្មានអាណត្តិមុននោះម៉េចក៏មិនដែលឈ្នះ?

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នឹងគ្មានការលើកលែងឲ្យលោក សម រង្ស៊ី នោះឡើយ ហើយប្រសិនបើគេចង់មានការពិចារណា លើការលើកលែងទោសនេះត្រូវមកចូលគុកនៅកម្ពុជាជាមុនសិន។ ប្រសិនទណ្ឌិត សម រង្ស៊ី មិនហ៊ានស្បថចំពោះការលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាជាការបំប៉ោងទិន្នន័យ គឺជាការចុះចាញ់ និងមិនហ៊ានទទួលស្គាល់ការពិត។ ក្រុមដេកផ្ទះឈ្នះឯងពូកែ តែខាងចោទ គេខាងលួចបន្លំភ្នែករឿង សន្លឹកឆ្នោត ដែលប្រជាពលរដ្ឋទៅបោះឆ្នោត។ ពួកនេះពូកែណាស់ខាងភូតកុហក ពួកគេតែអីចឹង គឺពួកអាចង្រៃ។ បើអាចនឹង រៀបចំបង្កើតរដ្ឋាភិបាលថ្មីនៅចុងខែសីហា ឬនៅដើមខែកញ្ញា ក៏បានដែរ បើគ្មានបណ្តឹង តវ៉ាណាមួយអំពីបក្ស នយោបាយផ្សេង អំពីការបោះឆ្នោត។ មិនចាំបាច់ ឲ្យប្រទេសណា ប្រថាប់ត្រានោះទេ គឺមានព្រះមហាក្សត្រ ប្រថាប់ត្រាទទួលស្គាល់ គឺគ្រប់គ្រាន់ហើយ៕

១៣)លោក ញ៉ែម សុគន្ធ តារាសម្ដែង និងជាពិធីករដ៏ល្បីឈ្មោះ លើវិស័យសិល្បៈនៅកម្ពុជា បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេដឹកបញ្ជូនដោយដឹកបញ្ជូន
ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ ក្រោយពីមានហេតុការគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុករះរបាំងថ្មកណ្ដាលទ្រូងផ្លូវ លើផ្លូវម៉ៅសេទុង យ៉ាងពេញទំហឹងនោះ។

គ្រោះថ្នាក់​ចរាចរណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៥០នាទីយប់ ថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួនលើមហាវិថីម៉ៅសេទុង កែងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ដែលស្គាល់ថា ជាតារាសិល្បៈឈ្មោះ ញ៉ែម សុគន្ធ បានបើករថយន្តម៉ាក Toyota Highlander មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ដោយមិនដឹងថា មានមូលហេតុអ្វី ស្រាប់តែគេឃើញរថយន្តរបស់លោក ញ៉ែម សុគន្ធ បានរេចង្កូតទៅបុករះក្បាលនាគកណ្ដាលទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្ដង បណ្ដាលឲ្យតារាសម្ដែងរូបនេះ រងរបួសធ្ងន់ ដោយបានហោះផ្លោងទៅបុកផ្ទប់នឹងកញ្ចក់រថយន្ត ហើយត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តវិញ បានផ្ទុះពោងសុវត្ថិភាពទាំងអស់ និងខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្ដង ខណៈរបាំងថ្មជាច្រើនកង់បានបាក់ខ្ទេច និងខ្ទាតចេញពីជួររបាត់រប៉ាយពេញផ្លូវ។

បើតាមសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះដល់កន្លែងកើតហេតុ បានបញ្ជាក់អោយដឹងថា អ្នកបើកបររថយន្តបង្ក នៅមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ឡើយ ព្រោះក្រោយពេលកើតហេតុនោះ អ្នកបើកបរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាត់ហើយ មុនពេលសមត្ថកិច្ចចុះមកដល់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយសំណងខូចខាតទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធី៕

១៤) អភិបាលខេត្តកំពង់ចាម លោកគួច ចំរើនបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បើទោះបីទឹកទន្លេមេគង្គនៅខេត្តកំពង់ចាមបានស្រកចុះមកនៅត្រឹមជាង១៥ម៉ែត្រ ក៏ដោយ។
ការអំពាវនាវបែបនេះរបស់លោកគួច ចំរើនបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ខណៈដែលលោកដឹកនាំមន្ត្រីនិងអាជ្ញាធរដែនដីចុះសួរសុខទុក្ខនិងពិនិត្យមើលស្ថានភាពទឹកជំនន់តាមបណ្តាលឃុំមួយចំនួន នៅស្រុកកោះសូទិន ដែលរងគ្រោះដោយសារទឹកជំនន់។
លោកគួច ចំរើនបានអោយដឹងថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានស្រកមកនៅត្រឹម១៥.០៥ម៉ែត្រ នារសៀលថ្ងៃអាទិត្យនេះ តែបណ្តាភូមិឃុំក្នុងខេត្តកំពង់ចាមនៅតែទទួលរងគ្រោះដោយទឹកជំនន់ ដូច្នេះលោកសូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែល​បណ្តាល​​ឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេស​​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ កុមារ ជនពិការ និងចាស់ជរា។
លោកសូមអោយមានការប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វអសិរពិសនានាចឹក ក្នុងករណីមានសត្វអសិរពិសចឹកសូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាល៕

១៥)រថយន្តNISSAN មួយគ្រឿងប្រភេទធុនធំដឹកទំនិញ បានបើកទាល់តែដាច់កង់ ក្រោយ ខ្ទាតទៅបុកមនុស្សស្លាប់ម្នាក់ និង ម្នាក់ទៀតរងរបួសធ្ងន់ស្រាល នៅថ្ងៃអាទិត្យទី៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ លើផ្លូវជាតិលេខ ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៩.១៩០ ស្ថិតនៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តម៉ាក់នីសាន់ពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ2B-2335 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានដាច់កង់ផ្នែកខាងក្រោយ ហើយខ្ទាតទៅបុកឈ្មោះ ថន ប៊ុនធឿន ភេទស្រីអាយុ ៤៦ឆ្នាំ ជាតិខ្មែរ នៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ និង ឈ្មោះសេង ម៉ាប់ ភេទប្រុស អាយុ ៤០ឆ្នាំជាតិខ្មែរនៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ របួសស្រាល ក្នុងខណៈដែលជនរងគ្រោះកំពុង អង្គុយបូមខ្យល់ម៉ូតូនៅក្រោមសំយាបមុខផ្ទះ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ ហេតុការណ៍បណ្តាលឲ្យម៉ូតូ២គ្រឿងខូចខាតកម្រិតស្រាល
រីឯរថយន្តបង្ក ត្រូវបានកម្លាំងជំនាញ ដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

១៦)យោធា មានតួនាទីជា នាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ ដែលដកកាំភ្លើង វាយក្បាលអ្នកលក់ ប្រហិតចៀន បែកក្បាល ដោយសាររឿងគ្រោះថ្នាក់ចររាចរណ៍ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវបាន សមត្ថកិច្ចខណ្ឌសែនសុខ បញ្ជូន ទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់។

ប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា មូលហេតុ ដែលភាគីទាំង សងខាង សម្របសម្រួលគ្នា មិនបាន ដោយសារ ភាគីជនសង្ស័យ អាងអំណាច សងលុយទៅជនរងគ្រោះតិចតួច ចំណែកភាគីជនរងគ្រោះ ទាមទារជំងឺចិត្តច្រើនពេក ដូច្នេះការចរចាមិនត្រូវគ្នា សមត្ថកិច្ចជំនាញ សម្រេចបញ្ជូនសំណុំរឿង ទៅតុលាការ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ នួន ប៉ូ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ យោធាពាក់ស័ក្តិ ៤កន្លះ មានតួនាទីនាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ មានអត្តលេខ ០៥៩០៥១។ ជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ប្រហិតចៀនតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។

គួររំលឹកថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ដោយសារ យកអាវុធខ្លី ម៉ាក P08 លេខ ៥៨៥៤ វាយក្បាល ជនរងគ្រោះ។
មូលហេតុដែលឈានដល់ ការប្រើអំពើហិង្សា នេះផ្តើមចេញពី គ្រោះថ្នាក់ចរាចរ ដោយសារមិត្តភក្តិរបស់ជនសង្ស័យ បើកបរ រថយន្តម៉ាកកាមេរីបាឡែន ក្រោមស្ថានភាពស្រវឹង ទៅបុក រ៉ឺម៉កប្រហិតរបស់ជនរងគ្រោះ ដែលកើតឡើងនៅចំណុចមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បន្ទាប់មក ជនសង្ស័យបានជិះរថយន្តម៉ាកព្រូស មកជួយអន្តរាគមន៍ រហូតឈានដល់ការបង្កហិង្សាលើជនរងគ្រោះតែម្តងទៅ៕
១៧) បុរសម្នាក់ដែលប្រកបរបរ​នេសាទដោយឧបករណ៍អេឡិចត្រូនិច ឆក់​ត្រី ធ្វើឲ្យ​ខុស​បច្ចេកទេស​ បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លាប់​ក្នុង​ស្រែ។ ​សាកសព​បុរស​ម្នាក់នេះត្រូវបានប្រទះឃើញ ​នៅ​ក្នុង​ស្រែ​មានទឹក​ ដោយ​មាន​ឧបករណ៍​ឆក់​ត្រី​មួយ​សម្រាប់​នៅ​ជាប់​នឹង​ខ្លួន​ នៅ​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៨​​ព្រឹក​ នៅ​ចំណុច​វាល​ខាងត្បូង​ភូមិ​កំ​ប៉ា​ល​ ឃុំ​សណ្តែក​ ស្រុក​បា​ធា​យ​ ចំងាយ​៥០០​ម៉ែត្រ។​

​នគរបាលមូលដ្ឋាន បានឲ្យដឹងថា សាកសព​ឈ្មោះ​ ចែ​ម​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​កំ​ប៉ា​ល​ ឃុំ​សណ្តែក​ ស្រុក​បា​ធា​យ​ បាន​ចេញ​ទៅ​ឆក់​ត្រី​កាលពី​យប់​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ ហើយ​ក៏​ត្រូវ​ឧបករណ៍​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​តែ​ម្តង​។​

​ឆ្លង​តាម​ការ​ពិនិត្យ​សាកសព​ ផ្នែក​ក្បាល​ ក​ ដងខ្លួន​ និង​អវយវៈ​ ពុំ​មាន​ស្នាម​បែក​ ឬ​បាក់ឆ្អឹង​ឡើយ​ ។​ ហើយ​នៅ​បាតដៃ​ខាងស្តាំ​មាន​ស្នាម​ខ្លោច​១​កន្លែង​ មាន​ទំហំ​៤​ស​.​ម​×២​ស​.​ម​។​

​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ឈ្មោះ​ ចែ​ម​ រិ​ទ្ធ​ គឺ​ពិតជា​ស្លាប់​ដោយសារ​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួនឯង​ពិតប្រាកដ​មែន​៕

១៨)ព្រឹកថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា រវាង កាណាដា និង UNDP លើកិច្ចព្រមព្រៀងថវិកាជំនួយ លើវិស័យបោសសំអាតមីននៅកម្ពុជា។ រដ្ឋាភិបាលកាណាដា បានប្រកាសបន្ដ ​ជំនួយគាំទ្រការបោសសំអាតមីន នៅកម្ពុជា ដើម្បីសម្រេចគោលដៅកម្ពុជា គ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។

បើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់អាជ្ញាធរមីន បានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៤ មករដ្ឋាភិបាលកាណាដា បានចូលរួមវិភាគទានប្រមាណ៥០ដុល្លារ លើកកិច្ចការងារបោសសម្អាតមីន និងថវិកាបន្ថែម​សម្រាប់ជំនួយជនរងគ្រោះ។ រដ្ឋាភិបាលកាណាដា មានក្ដីរីករាយក្នុងការបន្ដរួមចំណែកលើវិស័យមីន នៅកម្ពុជានេះ។

រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញធ្វើយ៉ាងណាសម្រេចគោលដៅ កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥​ដោយ បានរួមសហការ
យ៉ាងរឹងមាំ ជាមួយនឹងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីទទួលបានជោគជ័យលើកិច្ចការនេះ។ ដើម្បីជួយសម្រេចគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥ រដ្ឋាភិបាលកាណាដា បានប្រកាសបន្ដ​​ជំនួយគាំទ្រ ការបោសសំអាតមីន នៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន បានដកស្រង់សំដីរបស់ លោកស្រី Allison Stewart ភារៈធារីនៃការិយាល័យកិច្ចការ ស្ថានទូតកាណាដា ដោយអ្នកស្រីបានថ្លែងថា ចាប់ពីឆ្នាំ១៩៩៤មក រដ្ឋាភិបាលកាណាដា បានចូលរួមវិភាគទានប្រមាណ៥០លានដុល្លារ លើកកិច្ចការងារបោសសម្អាតមីន និងថវិកាបន្ថែម​សម្រាប់ជំនួយជនរងគ្រោះ។ រដ្ឋាភិបាលកាណាដា មានក្ដីរីករាយក្នុងការបន្ដរួមចំណែកលើវិស័យមីន នៅកម្ពុជានេះ។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្ដែងការកោតសសើរ​ចំពោះសកម្មភាពមនុស្សធម៌ របស់រដ្ឋាភិបាលកាណាដា ដែលបានបន្ដផ្ដល់នូវការគាំទ្រ លើវិស័យសកម្មភាពកំចាត់មីន នៅកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញធ្វើយ៉ាងណាសម្រេចគោលដៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥​ដោយ បានរួមសហការគ្នាយ៉ាងរឹងមាំជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីទទួលបានជោគជ័យលើកិច្ចការនេះ៕

១៩)គណៈរដ្ឋមន្ត្រីថ្មីអណត្តិទី៦នេះនឹងមានរដ្ឋមន្ត្រីវ័យក្មេងច្រើន ឯរដ្ឋមន្ត្រីចាស់ៗខ្លះត្រូវដូរចេញដាក់មន្ត្រីចាស់ មិនដែលធ្វើរដ្ឋមន្ត្រីជំនួស? ដោយអតីតរដ្ឋមន្ត្រីទាំងនោះ យកទៅធ្វើជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីវិញ និងទៅធ្វើជាអ្នកតំណាងរាស្ត្រម្ដង ហើយអ្នកតំណាងរាស្ត្រចាស់ខ្លះ មកធ្វើជារដ្ឋមន្ត្រីវិញនេះជាវប្បធម៌​ចែករំលែករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ចែកគ្នាធ្វើរដ្ឋមន្ត្រីកុំឱ្យម្នាក់ៗ​ធ្វើរដ្ឋមន្ត្រី៤ទៅ៥អណត្តិមិនឈប់សោះនោះ​ គណបក្សប្រជាជនអីតែឯងឬដូចពាក្យមួយឃ្លាថ្មីគេថាលីឯង លុយអញ ស៊ីអញ សែង ឯង នេះបើតាមប្រភពគួរឱ្យជឿទុកចិត្តបាន។
អ្នកខ្លះចំអកថាមានមន្ត្រីខ្លះឱ្យប្រពន្ធរកគ្រូទាយ​​ និងម៉ិហុងស៊ុយថាតើរូបគេអាចធ្វើរដ្ឋមន្ត្រីដែរឬទេ? ដោយគេមិនគិតដល់សម្ដេចព្រះ គ្រូធំនៅជិតវិមានឯករាជ្យសោះ ដែលជាអ្នកតែងតាំងក៏ប៉ុន្តែនៅពេលតែងតាំង គាត់មិនសូវនៅវិមានឯករាជ្យទេច្រើន នៅក្រុងតាខ្មៅខេត្តកណ្ដាលមិនសូវឮសម្លេងរថយន្តមកសុំបុណ្យស័ក្ត។
មន្ត្រីលួចខ្សឹបប្រាប់ថា៖ ក្នុងនោះគេមើលឃើញមន្ត្រីយោធាជាន់ខ្ពស់៣រូប ដែលទើបជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រថ្មី ជាគោលដៅធ្វើរដ្ឋមន្ត្រីនិងជាឧបនាយករដ្ឋមន្ត្រី មាននាយឧត្ដមសេនីយ៍ប៉ុល សារឿន នាយឧត្ដមសេនីយ៍គន់ គីម និងនាយឧត្ដមសេនីយ៍មាស សុភា ជាដើម ដោយមន្ត្រីទាំង៣រូបនេះមិនដែលបានធ្វើរដ្ឋមន្ត្រីម្ដងទេ៦អណត្តិមកហើយ។តែទោះបីជាយ៉ាងណាមកដល់ពេលនេះនៅមិនទាន់នណាម្នាក់ដឹងថា៖ រដ្ឋសភាថ្មីឥស្សរៈជនណាខ្លះ ជាអ្នកតំណាងរាស្ត្រនៅឡើយទេ បើទោះបីមានបញ្ជីរឈ្មោះស្រាប់តែក្នុងនោះ មានអ្នកខ្លះត្រូវចេញទៅធ្វើរដ្ឋមន្ត្រី។ចំណែកបញ្ជីរឈ្មោះគណៈរដ្ឋមន្ត្រីថ្មី ក៏មិនទាន់ដឹងនៅឡើយដែរទេកំពុងស្ថិត នៅក្នុងដៃសម្ដេចតេជោកំពុងគូសវាស និងចាត់ចែងនៅឡើយ។
មកដល់ពេលនេះ ប្រហែលបញ្ជីរឈ្មោះបណ្ដោះអាសន្ន មានហើយមើលទៅនៅតែសម្រេចចុងក្រោយ តែប៉ុណ្ណោះពីព្រោះអីដោយសារតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា៖ពេលព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ប្រជុំសភាដំបូងក្រោមអធិបតីភាពព្រះមហាក្សត្រ ពេលល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ សមាជិកសភាស្បថចូលកាន់តំណែង ពេលព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បង្កើតក្បាលម៉ាស៊ីនសភា អាណត្តិទី៦ និងរាជរដ្ឋាភិបាលថ្មីពេលល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គណៈរដ្ឋមន្រ្តីថ្មីស្បថចូលកាន់តំណែងពេលព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជុំគណៈរដ្ឋមន្រ្តីថ្មីដំបូង
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៧សីហាសម្តេចបានចូលគាល់ព្រះមហាក្សត្រ សុំព្រះរាជទានលើកយកការប្រជុំរដ្ឋសភា លើកដំបូងមកធ្វើនៅថ្ងៃពុធ ទី០៥ ខែកញ្ញា ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ។ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា បង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល ហើយព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អាណត្តិទី៦ លើកដំបូង។បើតាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា សំណើសុំព្រះរាជទានលើកកាលបរិច្ឆេទក្នុងការប្រជុំលើកដំបូងនៃរដ្ឋសភា ក៏ដូចជាបង្កើតរាជរដ្ឋាភិបាល និងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ ត្រូវបានព្រះមហាក្សត្ររាជានុញ្ញាតរួចរាល់ហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ការលើកកាលបរិច្ឆេទកោះប្រជុំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាលនេះ មិនខុសច្បាប់នោះទេ។ មិនខុសនោះដោយយោងលើសំអាងច្បាប់ចំនួន៣រួមមាន៖ កោះប្រជុំរដ្ឋសភាក្រោមរាជាធិបតីព្រះមហាក្សត្រ, ២. ការកោះប្រជុំនេះមិនឲ្យលើសពី ៦០ថ្ងៃក្រោយថ្ងៃបោះឆ្នោត និងទី៣. កោះប្រជុំក្រោយពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបេក្ខជនជាប់ឆ្នោត៕

២០)បុរសម្នាក់ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល បានអាមេកាំភ្លើង គំរាមរកបាញ់បុរសម្នាក់ទៀត ដែលជាគូជម្លោះរបស់ខ្លួប បង្កការភ្ញាក់ផ្អើលជាខ្លាំង ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ។

យោងតាមប្រភព ហ្វេសប៊ុក ឈ្មោះ Thai Sothy Vong បានបង្ហោះ វីដេអូឃ្លីបមួយ កាលពីវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងសង្កាត់បសងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបង្ហាញ ពីសកម្មភាព បុរសម្នាក់ ដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល ហើយ បានដកកាំភ្លើងអាមេគំរាម រកបាញ់ជនស៊ីវិលម្នាក់ ដែលជាគូជម្លោះពាក្យសម្តីរបស់ខ្លួន ក្នុងនោះបន្ទាប់ ពីវីដេអូ ត្រូវបានគណនីយហ្វេសប៊ុកខាងលើ បង្ហោះហើយនោះ ត្រូវបានគេទម្លាយថា បុរសដែលមានកាំភ្លើង និងអាមេឡាន់សំឡេង គួរអោយញ៉ាក់សាច់នេះ មានឈ្មោះ លន់ ស៊ីវថេង ឋាន្តរស័ក្តិ អនុសេនីយ៍ទោ អត្តលេខ៧៥៣៣២ ។

បើតាមរយៈវីដេអូ ដែលថតបានពីខាងលើ គឺត្រូវបានម្ចាស់ហ្វសប៊ុក មោះ Thai Sothy Vong បានបង្ហោះ បន្ទាប់ពីបានប៉ះពាក់សម្តី និងដកកាំភ្លើង អាមេគំរាមបាញ់គេហើយ បុរសអះអាងជាមន្ត្រីនគរបាល និងបក្ខពួកក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់សម្រោលតែមង្ត។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែតាម ស្រាវជ្រាវរករឿងហេតុ និងជនរងគ្រោះ ដើម្បីដាក់វិន័យទៅលើបុរស អះអាងជាមន្ត្រីនគរបាលនេះ ទៅតាមវិន័យរបស់នគរបាលជាតិផងដែរ។

គួរអោយដឹងថា ខណៈមកដល់ព្រឹកនេះ សមត្ថកិច្ច នៅមិនទាន់ បានទទួលពាក្យបណ្តឹង ពីបុរសរងគ្រោះដែលប្រជាពលរដ្ឋបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ថាត្រូវគេគំរាមភ្ជង់ដោយសារ មានជំលោះនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង