ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា ៖​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ត្រូវ​ខំប្រឹង​ឲ្យ​ខ្លាំង​ចេញពី​ខ្លួន​យើង​ទើប​អាច​កែប្រែ​វាសនា​ខ្លួន​ឲ្យ​ត្រដែត​ដូច​វីរ​កីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និង​ស្រ៊ាង សូ​រ៉ា​ឃីម​

84

​ភ្នំពេញ​៖​ក្រុម​កីឡាករ​-​កីឡាការិនី​ប៉េតង់​ចំនួន​៣៥០​នាក់​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នៅ​ទីលាន​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ប្រើប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ក្នុង​ឳ​កាស​បើក​ការប្រកួត​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​ប្រធាន​សមាគម​-​ក្លិប​កីឡា​ប៊ូល​និង​ប៉េតង់ នៅតាម​ក្រសួង ស្ថាប័ន រាជធានី​-​ខេត្ត​។​

​លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ឆ្នាំនេះ​មាន​គណៈប្រតិភូ​ចំនួន​៥០​នាក់ គ្រូបង្វឹក​ចំនួន​៥២​នាក់ និង​ក្រុម​កីឡាករ​-​កីឡាការិនី​ប៉េតង់​ចំនួន​៣៥០​នាក់​សរុប​ចំនួន​៤៥២​នាក់ ។  វិញ្ញាសា​វិញ​មាន​ចំនួន​៦ រួមមាន​៖ ១-​វិញ្ញាសា​បុរស ៣​នាក់​ទល់​៣​នាក់ (​ពាន​ធំ​) ,​វិញ្ញាសា​នារី ៣​នាក់​ទល់​៣​នាក់​, យុវជន​អាយុ​១៨​ឆ្នាំ​ចុះ ៣​នាក់​ទល់​៣​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០០២), យុវនារី​អាយុ​១៨​ឆ្នាំ​ចុះ ២​នាក់​ទល់​២​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០ ០២), យុវជន​អាយុ​១៥​ឆ្នាំ​ចុះ ១​នាក់​ទល់​១​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០០៥) និង​វិញ្ញាសា អាយុ​១៥​ឆ្នាំ​ចុះ ១​នាក់​ទល់​១​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០០៥)​។​

​លោក ស សុខា បាន​មានប្រសាសន៍ថា សូម​ឲ្យ​ការប្រកួត​ពានរង្វាន់​ថ្នាក់ជាតិ​នេះ​ប្រកបដោយ​តម្លាភាព សុក្រឹតភាព និង​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស​ពិតៗ ជាពិសេស​ការ​កាត់សេចក្ដី​មិន​លម្អៀង​តាមរយៈ​ខ្សែ​នោះឡើយ ព្រោះថា បើ​យក​ខ្សែ​អត់​មាន​សមត្ថភាព​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ធ្វើ​មិនបាន​ល្អ ច្បាស់​ជា​ខ្មាស់​គេ​ហើយ​។ យើង​ត្រូវ​ប្រកួត​ឲ្យ​អស់​សមត្ថភាព ហាម​យោគយល់​គ្នា ឬ​ប្រកួត​លំៗ ទោះ​ស្គាល់គ្នា​ក្ដី ព្រោះថា​លទ្ធផល ឈ្នះ​លំៗ ដែល​ដៃគូ​ម្ខាង​ទៀត បន្ធូរ​=jy​មិនអាច​យកទៅ​ប្រជែង​លើ​ឆាក​អន្តរជាតិ​បានទេ​។

​លោក​បាន​បន្ត​ថ កីឡាករ​-​កីឡាការិនី​វ័យក្មេង​ក៏ត្រូវ​ប្រឹង​ឲ្យ​ខ្លាំង​ដូចគ្នា ឬ​អាច​និយាយបានថា ការប្រកួត​លើក​នេះ អាច​កែប្រែ​វាសនា​ខ្លួន​ឲ្យ​ត្រដែត​ដូច​វីរ​កីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និង​ស្រ៊ាង សូ​រ៉ា​ឃីម​។  ការ​ខំប្រឹង​ចេញពី​ខ្លួន​យើង គឺមាន​តម្លៃ​ណាស់ ហើយ​សូម​មើល​គន្លង​វីរ​កីឡាការិនី កែ ឡេង មានជីវិត​តស៊ូ​មកពី​ខេត្ត​រហូត​ក្លាយជា​វីរនារី​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​របស់​យើង និង​ឈ្នះ​ជើងឯក​ពិភពលោក​៤​សម័យ រួមទាំង​មេដាយ​កម្រិត​អាស៊ី​ជាច្រើន​ទៀត​៕​

អត្ថបទដែលជាប់ទាក់ទង