ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីចុះទៅពិនិត្យ ស្ថានភាពអគ្គីភ័យឆេះឃ្លាំងស្តុកទំនិញបណ្តាលអោយមនុស្សស្លាប់២នាក់

68

ភ្នំពេញ ក្រោយពី មានអគ្គីភ័យកើតឡើងនៅក្នុងឃ្លាំងស្តុកទំនិញមួយរបស់ក្រុមហ៊ុនឡុងភឿង ស្ថិតនៅក្នុងដីឡូលេខ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ ស្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង កាលពីរាត្រីឆ្លងចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងស្រុងនិងបានធ្វើអោយកម្មករ២នាក់បានស្លាប់នោះ នៅព្រឹកថ្ងៃទី២៩មករានេះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងកើតហេតុដើម្បីជម្រុញហើយកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរអត្តរាគមន៍យកសពចេញនិងសំអាតទីតាំងកើតហេតុអោយបានស្អាតឡើងវិញ។

   អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានណែនាំអោយអាជ្ញាធរខណ្ឌបឹងកេងកងបោសសំអាតទីតាំងកើតហេតុឱ្យបានស្អាត ក្រោយពីភ្លើងបានឆេះក្រុមហ៊ុនអស់ទាំងស្រុងនៅសល់តែកំទេចកំទីផេះផង់នោះ ក្រៅពីនេះ លោកឃួង ស្រេងក៏បានណែនាំអោយអាជ្ញាធរខណ្ឌបឹងកេងកងមានវិធានការអោយបានតឹងរ៉ឹងផងដែរ ចំពោះរថយន្តធំដឹកទំនិញនៅពេលយប់ ដោយមិនអោយថតលើផ្លូវផ្តេសផ្តាសនោះទេ ពោលគឺក្រោយផ្ទេរដាក់ទំនិញហើយត្រូវតែអោយពួកគាត់បើកចេញ កុំអោយបាត់បង់សណ្តាប់ធ្នាប់និងកកស្ទះចរាចរណ៍។

  ជុំវិញហេតុការណ៍អគ្គីភ័យខាងលើនេះដែរ លោកធឹម  សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងបានបញ្ជាក់ថា ចំពោះមូលហេតុដែលផ្ដើមឱ្យមានការឆាប់ឆេះក្រុមហ៊ុនឡុងភឿងអស់ទាំងស្រុងនេះមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ គ្រាន់តែលោកបញ្ជាក់ថាក្រុមហ៊ុនខាងលើជាក្រុមហ៊ុនដែលផ្ទុកទៅដោយអាកុល សាំងក្រអូបនិងថង់ប្លាស្ទិកដែលជាវត្ថុងាយនឹងឆាបឆេះដោយអគ្គីភ័យ

  លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះផងដែរថា អគ្គិភ័យដែលឆេះឃ្លាំងស្ដុទំនិញក្រុមហ៊ុន ឡុងភឿងនេះ បានបណ្តាលអោយកម្មករ២នាក់បានស្លាប់ ។លោកបញ្ជាក់ថា តាមពិតទៅកម្មករដែលបានស្លាប់នេះ ខណៈពេលដែលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះពួកគេបានរត់ចេញមកខាងក្រៅ ដោយសុវត្ថិភាពហើយ ។តែមិនដឹងថាយ៉ាងម៉េចទេ សង្ស័យតែពួកគាត់ភ្លេចយកទ្រព្យសម្បត្តិមានតំលៃអ្វីមួយនៅក្នុងឃ្លាំងទើបពួកគេសម្រុកចូលទៅខាងក្នុងឃ្លាំងវិញ ហើយក៏បាត់ខ្លួនរហូតដល់ព្រឹកឡើងទើបឃើញសាកសពនៅក្នុងគំនរផេះផង់។

   សូមបញ្ជាក់ថា មានអគ្គិភ័យ ឆាបឆេះឃ្លាំងស្ដុទំនិញក្រុមហ៊ុន ឡុងភឿង បានកើតឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០នឹង៤៥នាទីរំលងអាធ្រាត្រ តាមការបញ្ជាក់ពីម្ចាស់ទីតាំង ឃ្លាំងខាងលើមានស្ដុនៅថង់ផ្លាស្ទិ​, គ្រឿងជ័រ និងសម្ភារមួយចំនួនធំ បើតាមការអោយដឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះចេញចេញពីឃ្លាំងខាងលើ ហើយស្រាប់តែមានផ្សែងនិងអណ្ដាតភ្លើងឆេះ សន្ធោសន្ធៅឡើងផ្អើលដល់ ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានិងខាងរថយន្តពន្លត់ អគ្គិភ័យគ្រប់អង្គភាពចេញអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង តែភ្លើងនៅតែបន្តឆេះរាល ដាលទៅដល់ប្រជាពលរដ្ឋដែលនៅជាប់នោះថែមទៀតផង

 

អត្ថបទដែលជាប់ទាក់ទង