ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំឱ្យរដ្ឋបាលរាជធានី ជួយជំរុញនិងគាំទ្រចំពោះក្រុមហ៊ុនរបស់កូរ៉េ ដើម្បីវិនិយោគកែច្នៃសំរាមនៅភ្នំពេញ

83

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកផាក ហុឹង ខ្យង់ ( H.E. Ph.D. Park Heung Kyeong ) បានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយជំរុញនិងគាំទ្រចំពោះក្រុមហ៊ុនរបស់កូរ៉េ ដើម្បីអោយក្រុមហ៊ុនបានវិនិយោគ កែច្នៃសំរាមឲ្យទៅជាអគ្គិសនីប្រេងកាត ឧស្ម័ននិងហ្គាសជាដើម។
ការស្នើសុំអោយមានការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយក្រុមហ៊ុនរបស់កូរ៉េ បានវិនិយោគ សំរាមនៅរាជធានីភ្នំពេញនេះ បានធ្វើឡើងក្នុងខណៈដែរ លោក ឯកអគ្គរាជទូតរដ្ឋទូតកូរ៉េខាងត្បូង បានជួបសំដែងការគួរសមជាមួយនឹងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៨ខែមករាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
លោកផាក ហុឹង ខ្យង់បានមានប្រសាសន៍លើកឡើងថា ក្រុមហ៊ុនវិយោគរបស់កូរ៉េ សុំធ្វើការវិនិយោគ ដោយកែច្នៃសំរាមអោយទៅជាអគ្គិសនី ប្រេងកាត ឧស្ម័ននិងហ្គាស ដោយក្រុមហ៊ុនបានធ្វើការទំនាក់ទំនងនិងវិនិយោគលើការងារនេះប្រមាណ១០ ឆ្នាំមកហើយ។ ប៉ុន្តែមិនទាន់បានទទួលផ្លែផ្កាជុំវិញការវិនិយោគសំរាមនូវឡើយទេ។
ជុំវិញបញ្ហានេះ លោកអគ្គរដ្ឋទូតស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញគាំទ្រនិងជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរបស់កូរ៉េបានធ្វើការវិនិយោគលើការកែច្នៃសំរាមនេះ ។ លោកបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះពិតជាមានបទពិសោធន៍ច្រើនទៅលើការកែច្នៃសំរាម ដោយធ្វើការដុតកំដៅសំរាមរហូតដល់៤០០ អង្សារសេ និងមិនប៉ះពាល់ទៅដល់បរិស្ថាននោះទេ។
ចំពោះការស្នើសុំឲ្យមានការគាំទ្រខាងលើនេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ចចំពោះការវិនិយោគកែច្នៃសំរាមរបស់ក្រុមហ៊ុនកូរ៉េ ដែលមានបំណងចង់វិនិយោគសំរាមនៅរាជធានីភ្នំពេញនេះ។
លោកបញ្ជាក់ផងដែរថា អ្វីដែលសំខាន់គឺក្រុមហ៊ុនត្រូវបញ្ចេញសមត្ថភាព ដើម្បីឲ្យក្រសួងពាក់ព័ន្ធបានមើលឃើញពីសមត្ថភាពរបស់ក្រុមហ៊ុន នោះក្រុមហ៊ុននឹងបានទទួលសិទ្ធិលើការវិនិយោគពីរាជរដ្ឋាភិបាល។សម្រាប់រដ្ឋបាលរាជធានីភ្នំពេញនិងគាំទ្រជានិច្ច ចំពោះការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ ដោយហេតុថាសំរាមនៅរាជធានីភ្នំពេញមិនទាន់មានការកែច្នៃនៅឡើយទេ ទាំងទីលានចាក់សំរាមនៅស្ទឹងមានជ័យនិងនៅខណ្ឌដង្កោ ហើយជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតឲ្យមានទីលានចាក់សំរាមថ្មីនិងធំមួយទៀតនៅក្នុងភូមិទួលព្រិច ផ្លូវលេខ៥១ ដែលមានផ្ទៃដីរហូតដល់ ជាង១០០ហិកតា ដើម្បីចាក់សំរាមនៅទីនោះ។ អញ្ចឹងទេ ក្រោយពីក្រុមហ៊ុនរបស់កូរ៉េបានធ្វើការវិនិយោគទៅលើសំរាមនេះហើយ នៅរាជធានីភ្នំពេញ មិនខ្វះសំរាមដើម្បីកែច្នៃនោះទេ ។
លោកបញ្ជាក់ផងដែរថា សម្រាប់រាជធានីភ្នំពេញបើយើងប្រមូលសំរាមឲ្យអស់ក្នុងមួយថ្ងៃសំរាមមិនតិចជាង៤ពាន់តោននោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង