ការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឧកញ៉ា អ៊ាន សៀវម៉ី ខណៈរត់គេចខ្លួនបាត់
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានចេញផ្សាយព័ត៌មានថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនសាធារណជន អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពិសេសបងប្អូនអ្នកសារព័ត៌មាន ជុំវិញការអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅលើឧកញ៉ា អ៊ាន សៀវម៉ី ៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តតាមតួនាទីភារកិច្ច ក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ កម្លាំងការិយាល័យស៉ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចុះទៅចាប់ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ុន្ដែការចាប់ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍នេះ បានគេចចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។
ប្រតិបត្តិការនេះ គឺអនុវត្តក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ ដើម្បីចាប់ខ្លួនជនត្រូវចោទយកមកប្រគល់ជូនចៅក្រមស៉ើបសួរតែប៉ុណ្ណោះ ដើម្បីធ្វើការសួរនាំ និងចាត់បន្ដតាមនីតិវិធីច្បាប់ ។
សូមជម្រាបជូនថា លោកស្រី អ៊ាន សៀវម៉ី ត្រូវបានតុលាការ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅចូលមកបំភ្លឺនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដែលពាក់ព័ន្ធករណី បរិហារកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ តែបែរជាឃើញវត្តមានរបស់លោកស្រីអ៊ាន សៀវម៉ី ចូលមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ទៅវិញ តើជាមូលហេតុអ្វីបានជាលោកស្រីមកបំភ្លឺមុនកាលកំណត់ដូច្នេះ។ លោកស្រី អ៊ាន សៀវម៉ី មានងារជាឧកញ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខV០១ តាមបណ្ដោយផ្លូវគ្មានលេខ ភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដែលមានងារជាឧកញ៉ាល្បីឈ្មោះខាងជេរ ជេរគេកប់ៗមាត់ ពេលឡាយ នៅក្នុងផេកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមិនញញើតមាត់ ពេលនេះត្រូវបានច្បាប់ ចាប់ផ្តើមអនុវត្តបណ្តើរៗហើយ ប៉ុន្តែមិនដឹងថា រងបណ្តឹងភាគីខាងណាទេ ស្រាប់តែនៅពេលដែលច្បាប់អនុវត្ត ឲ្យចូលមកបំភ្លឺរយៈពេលជិត២ម៉ោងរួចពេលលោកស្រីអ៊ាន សៀវម៉ី ចេញពីតុលាការវិញ គាត់មិនបានបកស្រាយអ្វី ជាមួយក្រុមអ្នកសារព័ត៌មាននោះទេ គាត់បានពាក់ម៉ាសនិងពាក់មួកឃ្លុំបិទជិតដូចនិច្ចា ហើយក៏ឡើងរថយន្តស៊េរីទាបម៉ាកPrus ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AQ-3840ជិះចេញទៅបាត់៕