ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋាន​ពន្ធដា​រ ដាក់​លិខិត​ប្រកាស​ពន្ធ លើ​ប្រាក់ចំណូល សម្រាប់​ឆ្នាំ​ជាប់ពន្ធ ២០២០

86

 

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ​ជាប់ពន្ធ ២០២០​។​

​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងថា អនុលោម​តាម​មាត្រា ៥ និង​មាត្រា ២៩ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ​ដែល​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជ ក្រម​លេខ​នស​/ រកម​/០២៩៧/០៣ ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៩៧ អគ្គនាយកដ្ឋាន​ពន្ធដា​រ​មាន​កិត្តិយស​សូម​ជម្រាប ជូនដំណឹង​ដល់​លោក -​លោកស្រី ជា​អភិបាល បណ្ណាធិការ ឬ​កម្មសិទ្ធិករ​របស់​សហ​គ្រាស​ជា​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ ប្រកាស​ទាំងអស់​ជ្រាបថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​រៀបចំ​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​តាម ប្រព័ន្ធ​អន​ឡាញ ដែល​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​ជាប់ពន្ធ ២០២០ នេះ​តទៅ ដោយ​ត្រូវដាក់​លិខិត​ប្រកាស និង បង់ប្រាក់​ពន្ធ​យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១​។

​ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​សូម​ធ្វើការ​ណែនាំ​អំពី កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០២០ ដូចខាងក្រោម​៖

១. សហគ្រាស​ដែល​ប្រើប្រាស់ ឆ្នាំ​ជាប់ពន្ធ​តាម​ឆ្នាំ​ប្រតិទិន (​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់ ថ្ងៃទី​៣១ ខែធ្នូ ) ត្រូវដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​សម្រាប់​ការិយបរិច្ឆេទ​ឆ្នាំ​២០២០ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២១ ។​

២. សហគ្រាស​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ឆ្នាំ​ជាប់ពន្ធ​ខុសពី​ឆ្នាំ​ប្រតិទិន ត្រូវដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​យ៉ាង​យឺត​បំផុត​ក្នុង​រយៈពេល ៣​ខែ ក្រោយពី​ដំណាច់ឆ្នាំ​ជាប់ពន្ធ​។

៣. សហគ្រាស​ដែលមាន​សាខា​ច្រើន​ត្រូវដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ដែល​បានមកពី លទ្ធផល​សរុប​រួមបញ្ចូល​គ្នា​របស់​គ្រឹះស្ថាន​ជា​គោល​ដើម និង​គ្រប់​សាខា​ទាំងអស់ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឧបសម្ព័ន្ធ ដូចជា បញ្ជី​ឈ្មោះ​នៃ​គណនី​ចំណូល​និង​ចំណាយ និង​តារាង​ទ្រព្យសកម្ម​រយៈពេល​វែង​របស់​សាខា​នីមួយៗ​។​

៤. សហគ្រាស​ដែល​អនុវត្ត​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ (​គ​លគ​) ច្រើន ឬ​អនុវត្ត​គម្រោង ដទៃទៀត​ច្រើន ដែលជា​គម្រោង គ​លគ ផង និង​មិនមែនជា គ​លគ ផង ដែល​ទទួលបាន​ការលើក​លែង​ពន្ធ​លើ​ប្រាក់ ចំណូល​ខុសគ្នា ឬ​ត្រូវ​ជាប់ពន្ធ​លើ​ប្រាក់ចំណូល​តាម​អត្រា​ខុសៗ​គ្នា ត្រូវដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​លើ​ប្រាក់ ចំណូល​ប្រចាំឆ្នាំ​ដូច​មានចែង​ក្នុង​ចំណុច ១ ដល់ ៣ ខាងលើ និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ដូច​មានចែង​នៅក្នុង​ប្រកាស លេខ ១១២៧ សហវ .​ប្រក ចុះ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ ស្តីពី​កាតព្វកិច្ច​សារពើពន្ធ​ចំពោះ​សហគ្រាស​ដែល​អនុវត្ត ពហុ​គម្រោង​។​

៥. ចំពោះ​បុគ្គលិក ឬ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដែល​ទទួលបន្ទុក​ធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បាល​សារពើពន្ធ និង​ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ ប្រចាំឆ្នាំ ជំនួសមុខ​ឱ្យ​អ្នក​ជាប់ពន្ធ ត្រូវមាន​ប័ណ្ណសម្គាល់ខ្លួន​បុគ្គលិក ឬ​លិខិត ប្រគល់​សិទ្ធិ​ជា​លាយលក្ខណ៍អក្សរ ពី​អ្នក​ជាប់​ពន្ធចំពោះ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដូច​មានចែង​ក្នុង​មាត្រា ១០៦ នៃ​ច្បាប់ ស្តីពី​សារពើពន្ធ និង​ប្រកា​សលេខ ៤៥៥ សហវ .​ប្រក ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៣ ស្តីពី​ភ្នាក់ងារ​សេវា​ពន្ធដារ​៕

អត្ថបទដែលជាប់ទាក់ទង