វត្ថុបុរាណខ្មែរ ធ្វើពីថ្ម និងសំរឹទ្ធ ដែលបាត់បង់ នឹងត្រូវបញ្ជូនត្រឡប់ពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ
ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ជូនវត្ថុបុរាណខ្មែរ ដែលបាត់បង់ ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ ដោយក្នុងនោះវត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀតនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានសេចក្តីរីករាយ សូមជម្រាបជូនព័ត៌មានដល់សាធារណជន ជ្រាបថា បន្ទាប់ពីដំណើរការចរចាអស់ជាងឆ្នាំមក ក្រុមគ្រួសាររបស់លោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) បាន ព្រមព្រៀងបញ្ជូនវត្ថុបុរាណខ្មែរទាំងអស់ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនកម្ពុជាវិញ។ វត្ថុបុរាណខ្មែរ ចំនួនជាង១០០រូប ធ្វើពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀតនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ ភាគីទាំងពីរបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ ខ្មែរ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ស្នាដៃពិចិត្រទាំងនេះមានអាយុកាលតាំងពីសតវត្សរ៍ទី៦ រហូតដល់សម័យក្រោយអង្គរ រួមទាំងរតនៈវត្ថុដ៏ល្អឯក មកពីអតីតរាជធានីកោះកេរ្តិ៍ និងតំបន់អង្គរ ដែលនឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ នាពេលខាងមុខ។ ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរនិងព្រះស្កន្ទ (សិវស្កន្ធ) ធ្វើពីថ្មភក់ មកពីរមណីយដ្ឋានកោះកេរ្តិ៍ និងកន្សែទូកធ្វើពីសំរិទ្ធ នឹងត្រូវបញ្ជូនមកដល់មាតុភូមិកម្ពុជាក្នុងពេលឆាប់ៗនេះ។ ក្រសួងនឹងជូនដំណឹងអំពីពេលវេលាជាក់លាក់ជាបន្តបន្ទាប់ទៀតទៅតាមដំណាក់កាលនីមួយៗ នៃ ការវិលត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនោះ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយនាពេលបច្ចុប្បន្ន តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាមូលដ្ឋានចម្បងក្នុងការវិលត្រឡប់នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីមាតុភូមិ កន្លងមក។ កិច្ចការដ៏លំបាកស្មុគស្មាញនេះអាចសម្រេចទៅបានក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ និងគាំទ្រ យ៉ាងពេញទំហឹងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រម ទាំងកិច្ចសហការជួយសម្របសម្រួលពីក្រសួងពាក់ព័ន្ធនានា និងឥស្សរជន ជាច្រើនរូបទៀតទាំងក្នុងស្ថាប័នរដ្ឋ និង ផ្នែកឯកជន។ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវរូបចម្លាក់ទាំងនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ ហើយការបញ្ជូនត្រឡប់មកវិញនេះ គឺ ជាព្រឹត្តិការណ៍ប្រវតិ្តសាស្ត្រសម្រាប់ប្រជាជនកម្ពុជា និងពិភពលោក។ ក្រសួងនឹងបន្តធ្វើកិច្ចការងារនេះ ដើម្បីការពារនិងថែរក្សាមរតកវប្បធម៌ខ្មែរ ដោយបន្តសហការជាមួយក្រុមគ្រួសាររបស់លោក Douglas Lachford ក៏ដូចជាអ្នកប្រមូលបុរាណវត្ថុដទៃទៀតនៅទូទាំងពិភពលោក។
ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកស្រី Nawapar Krangsak ជាកូនស្រីរបស់លោក Douglas Latchford ដែលបានផ្តួចផ្តើមគំនិត និងមាន
សុឆន្ទៈក្នុងការរួមចំណែកលើកស្ទួយមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី ក៏បានថ្លែង អំណរគុណដល់ក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក Bradley James Gordon, លោក Steven Andrew Heimberg និងលោក Charles Webb ដែលបានធ្វើការជាមួយក្រសួងអស់រយៈពេលជាងបីឆ្នាំមកហើយ ក្នុងការចរចាបញ្ជូនសម្បត្តិវប្បធម៌ខ្មែរដែលមិនអាចកាត់ថ្លៃបានទាំងនេះវិលត្រឡប់មកកម្ពុជាវិញ។
លោកស្រី Nawapan Kriangsak បានលើកឡើងថា នៅពេលខ្ញុំចាប់ផ្តើមធ្វើការពិភាក្សាលើបញ្ហានេះ កាលពីបីឆ្នាំមុន ខ្ញុំមិនដឹងថាកិច្ចការនេះមានភាពស្មុគស្មាញនោះទេ។ ខ្ញុំមានសេចក្តីរីករាយ ដោយសមុច្ច័យទាំង អស់នេះដែលបានប្រមូលទុកអស់ជាច្រើនទសវត្សរ៍មកហើយនោះ នឹងត្រូវវិលត្រឡប់ទៅស្រុកកំណើតដូនតា របស់ពួកគេនៅប្រទេសកម្ពុជាវិញ។ ខ្ញុំសូមថ្លែងអំណរគុណលោកជំទាវរដ្ឋមន្ត្រី និងសហការីរបស់លោកជំទាវ ចំពោះចក្ខុវិស័យ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងលោក Gordon, លោក Heimberg និង លោក Webb ចំពោះ ការលះបង់របស់ពួកគេ ក្នុងការនាំមកនូវលទ្ធផលជាវិជ្ជមាននេះ។
អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់ស៊ីតា ដែលជាបុត្រីរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជា នាដការបាំព្រះរាជទ្រព្យខ្មែរដ៏ល្បីល្បាញជាអន្តរជាតិ, បានថ្លែងថា “ខ្ញុំរីករាយដែលទទួលដំណឹងថា វត្ថុបុរាណខ្មែរ ដ៏អស្ចារ្យនេះនឹងវិលត្រឡប់មកកម្ពុជាវិញ ពីព្រោះរតនសម្បត្តិទាំងនេះត្រូវបានបង្កើតឡើងដោយព្រះរាជាខ្មែរ ជា ច្រើនជំនាន់អស់ជាងប្រាំមួយរយឆ្នាំនៃអារ្យធម៌អង្គរ។ ខ្ញុំមានសេចក្តីរីករាយណាស់ ក្នុងនាមនៃគ្រួសាររាជវង្ស ដោយឃើញវត្ថុដ៏ពិសិដ្ឋទាំងនេះត្រឡប់មកកម្ពុជាវិញ”។
ឯកឧត្តម សុខ ពុទ្ធិវុធ បានលើកឡើងថា ការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏វិសេសវិសាលនេះ គឺស្របតាម បំណងប្រាថ្នារបស់ឪពុកខ្ញុំ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី ក្នុងបុព្វហេតុថែរក្សាវប្បធម៌ខ្មែរ និងលើកស្ទួយមោទកភាពចំពោះប្រវត្តិសាស្ត្រជាតិ។ ខ្ញុំនឹងបន្តចូលរួមស្វែងរកវិធីថ្មីៗ ដើម្បីចែករំលែកដល់ពិភពលោកនូវសមិទ្ធផលវប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏អស្ចារ្យរបស់កម្ពុជា។ ខ្ញុំរីករាយនឹងបន្តចូលរួមចែករំលែកនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរមកកម្ពុជាវិញបន្តបន្ទាប់ទៀត។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះការចូលរួមវិភាគទានដ៏មានតម្លៃ របស់កាវិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងទីក្រុងញូវយ៉ក ភ្នាក់ងារស៊ើបអង្កេតសន្តិសុខ មាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ។ លោកជំទាវបានបន្តទៀតថា ការខិតខំរួមគ្នាជាមួយសហរដ្ឋអាមេរិក គឺជានិមិត្តរូបនៃចំណងមិត្តភាពដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងស្រប ពេលនៃការរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជឿជាក់ថា ព្រឹត្តិការណ៍ទាំងនេះបង្ហាញពីទស្សនវិស័យដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលជា ការលើកកម្ពស់តម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ ទុកជាគុណប្រយោជន៍ដ៏ខ្ពង់ខ្ពស់ មិនសម្រាប់តែចំពោះប្រជាជនខ្មែរ ប៉ុណ្ណោះឡើយ ក៏ប៉ុន្តែក៏ជាបេតិកភណ្ឌដ៏ថ្លៃថ្លាសម្រាប់មនុស្សជាតិទាំងមូលផងដែរ៕