កីឡាករជ័យលាភី គឺជាបេក្ខភាពសម្រាប់ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម
ភ្នំពេញ៖ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានមានប្រសាសន៍ ក្នុងឱកាសបិទការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកជាតិ នារសៀលថ្ងៃទី២៩មករាថាកីឡាករ ដែលជាជ័យលាភីក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ សុទ្ធ តែជាបេក្ខភាព ដែលត្រូវជ្រើសរើសប្រមូលផ្តុំជាកីឡាករជម្រើសជាតិ ដើម្បីហ្វឹកហាត់ ត្រៀមចូល រួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី ៣១ នៅប្រទេសវៀតណាមនាឆ្នាំ២០២១ និងលើកទី ៣២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាមាន ឱកាសធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ដែលបានបើកការប្រកួតកាលពីថ្ងៃទី ២៥ ខែមករាមកនោះបានបញ្ចប់ហើយនាល្ងាចថ្ងៃទី២៩មករាឆ្នាំ២០២១នៅស្តាតចាស់។ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធក្រោមការគាំទ្រថវិកាក្រសួងអប់រំ យុវជន និងកីឡា និងសហការជាមួយក្រុមហ៊ុនសែលខាត ដែលមានរយៈពេល៥ថ្ងៃ ។
ពិធីបិទការប្រកួតមានការចូលរួមធ្វើជាសាក្សីពីសំណាក់តំណាងក្រសួងអប់រំយុវជននិងកីឡានិងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ឆ្លងកាត់ការប្រកួតរយ:ពេល៥ថ្ងៃមកនោះ កីឡាករនៅសមាគមក្រសួងការពារជាតិបានឈ្នះមេដាយមាសច្រើនជាងគេ ក្នុងចំណោមវិ ៩ ប្រភេទទម្ងន់ ដែលគណៈកម្មការបច្ចេក ទេសបានដាក់ឲ្យប្រកួតប្រជែង។
ក្រសួងការពារជាតិបានមេដាយមាសចំនួន ៥ ប្រភេទទម្ងន់ ក្នុងនោះមានទម្ងន់ ៤៨គីឡូក្រាម ទម្ងន់ ៥៧គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម ទម្ងន់ ៦៧ គីឡូក្រាមនិងទម្ងន់ ៧១ គីឡូក្រាម។ចំពោះមេដាយប្រាក់បានចំនួន២គ្រឿងតែមិនបានទទួលមេដាយសំរិទ្ធឡើយ ។
ក្រសួងមហាផ្ទៃឈ្នះបានមេដាយមាស ២ លើទម្ងន់ ៤៥ គីឡូក្រាមនិងប្រភេទទម្ងន់ ៥៤ គីឡូ ក្រាម ហើយសមាគមប្រដាល់ខេត្តកោះកុងឈ្នះមេដាយមាស១ លើប្រភេទទម្ងន់ ៦៣,៥០០ គីឡូ ក្រាម និងខេត្តស្វាយរៀង ឈ្នះមេដាយមាស ១ លើប្រភេទទម្ងន់៥១គីឡូក្រាម។ក្រៅពីនោះបានមេដាយប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង ។ ខេត្តស្វាយរៀងបានមេដាយមាស១គ្រឿងមេដាយប្រាក់២គ្រឿង និង សំរិទ្ធ១គ្រឿង ។ ខេត្តកោះកុងបានទទួលមេដាយ
មាសចំនួន១គ្រឿងនិងមេដាយប្រាក់១គ្រឿង ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកកីឡាប្រដាល់គុនខ្មែរឆ្នាំ២០២០ មានកីឡាករចំនួន១០៨នាក់មកពី១៦សមាគម ក្នុងរាជធានីខេត្តនៅទូទាំងប្រ ទេសកម្ពុជា និងគណៈកម្មការបច្ចេកទេសជាង ១០០នាក់រួមមានគណៈកម្មការវិនិឆ័យ អាជ្ញាកណ្តាល ចៅក្រម គណៈកម្មការរៀបចំសម្លៀក បំពាក់ គណៈកម្មការថ្លឹងទម្ងន់ និងគណៈកម្ម ការពេទ្យ៕