ប្រមុខការទូតកម្ពុជា និងទូតសហភាពអឺរ៉ុប ពិគ្រោះយោបល់ទៅលើយុទ្ធសាស្ត្រ របស់សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧
ភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកជំទាវ ខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបពិភាក្សាការងារនៅទីស្តីការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តោតលើការពិគ្រោះយោបល់ទៅលើយុទ្ធសាស្ត្រ របស់សហភាពអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧។
លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នូវវិស័យអាទិភាពទាំង ០៣ នៃយុទ្ធសាស្ត្រអឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ឆ្នាំ២០២១-២០២៧ ដែលរួមមាន ៖ ១) កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ២) កសិកម្ម និងការគ្រប់គ្រងធនធាន ធម្មជាតិ ដោយផ្តោតសំខាន់លើវិស័យជលផល និង៣) អភិបាលកិច្ច និងនីតិរដ្ឋ។ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានរំលឹកផងដែរ អំពីសមិទ្ធផលមួយចំនួនក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាង កម្ពុជា និងសហភាពអឺរ៉ុប។ ក្នុងចំណោមសមិទ្ធផលទាំងនោះ គឺមានគម្រោងរោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតនៅសង្កាត់បាក់ខែង ដែលត្រូវបានទ្រទ្រង់ដោយជំនួយឥតសំណងពីសហភាពអឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បូករួមនឹងឥណទានពីធនាគារវិនិយោគអឺរ៉ុប ដែលគម្រោងនេះនឹងបង្កើតការងារប្រហែល ១៦,០០០ កន្លែង និងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជន ដែលកំពុងមានតម្រូវការទឹកស្អាតបំផុត។
ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ខាងលើ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសមាហរណកម្មអាស៊ាន ជាពិសេសទាក់ទងនឹងបញ្ហាគម្លាតអភិវឌ្ឍន៍ រវាងរដ្ឋសមាជិក ការគាំទ្រពីសហភាពអឺរ៉ុបចំពោះកិច្ចខិតខំប្រឹងប្រែងកម្ពុជា ក្នុងសមាហរណកម្មចូលទីផ្សារតំបន់ និងខ្សែសង្វាក់តម្លៃស្ថានភាពពលករចំណាកស្រុក ស្ថានភាពទីផ្សារអឺរ៉ុបសម្រាប់អង្ករកម្ពុជា វិស័យទេសចរណ៍ កិច្ចសហការជាមួយវិស័យឯកជន ការបណ្តុះបណ្តាលជំនាញ និងកិច្ចគាំពារសង្គម ការជំរុញការវិនិយោគទ្វេភាគី ដែលភាគីទាំងពីរបានឯកភាពជាយុទ្ធសាស្ត្រសម្រាប់បញ្ហាខាងលើតម្រូវឱ្យមានការសម្របសម្រួលទៅតាមស្ថានការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ សហភាពអឺរ៉ុបចំពោះជំនួយ អភិវឌ្ឍន៍ដល់កម្ពុជា ដែលបានអនុវត្តទាំងក្រោមក្របខណ្ឌទ្វេភាគី និងរួមគ្នាជាមួយបណ្តាប្រទេស អឺរ៉ុប និងដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាក្នុង រយៈពេលជាងពីរទសវត្សន៍កន្លះកន្លងមកនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែង ការស្វាគមន៍ចំពោះការពិគ្រោះយោបល់បឋមនេះ ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពអភិវឌ្ឍន៍នានារបស់សហភាពអឺរ៉ុប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញផងដែរ នូវការទន្ទឹងរង់ចាំចំពោះការបញ្ចប់នៃយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧៕