ជនរងគ្រោះស្ទុះទៅវាយជនសង្ស័យ តែត្រូវប្រើពូថៅកាប់ជនរងគ្រោះរយះក្បាល
កណ្តាល៖ លោកអធិការស្រុកលើកដែក វរសេនីយ៍ឯក អាំ ធូ បានឲ្យដឹងថា ករណីហឹង្សាដោយចេតនា កម្លាំងប៉ុស្តិ៍សហការជាមួយ កម្លាំងផ្នែកនគរបាលយុត្តិធម៌បានចុះទៅធ្វើការស្រាវជ្រាវ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ បន្ទាប់ពីប្រើពូថៅកាប់ជនរងគ្រោះរយះក្បាល។
ករណីនេះកេីតហេតុ ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៧.៥០នាទី ចំណុចនៅផ្ទះឈ្មោះ ឈួង សម្បតិ្តសម្ភ័ស្ស(ផ្ទះកំពុងសាងសង់)ស្តិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ស្តើង សិត ភេទប្រុស អាយុ៣១ ឆ្នាំ
ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ សារី ចាន់រ៉ា (ហៅប្រេះ) ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល
វត្ថុតាងចាប់យក៖ ពូថៅដងឈើផ្លែដែកមានប្រវែង៣៦សង់ទីម៉ែត្រចំនួន០១។
លោកអធិការបានបញ្ជាក់ពីសភាពរឿងហេតុនេះថា មុនពេលកើតហេតុ ឈ្មោះ ស្តើង សិត ដែលជាជនរងគ្រោះបានសួរនាំទៅ ឈ្មោះ សារី ចាន់រ៉ា អំពីបញ្ហាជាន់ជ្រី ហើយក៏បានឈ្លោះប្រកែកគ្នាជាពាក្យសំដី ហើយជនរងគ្រោះដើរសំដៅទៅវាយជនសង្ស័យ តែដោយហេតុថាជនសង្ស័យមានពូថៅនៅនឹងដៃស្រាប់ ហើយអ្នកទាំងពីរបានប្រតាយប្រតប់គ្នាពេលនោះជនសង្ស័យក៏បានយកពូថៅវាយចំក្បាលជនរងគ្រោះផ្នែកខាងក្រោយបណ្តាយឲ្យបែកដេរចំនួន ៨ថ្នេរ ។ ក្រោយពីវាយជនរងគ្រោះបណ្តាលឲ្យមានរបួសស្នាម ជនសង្ស័យបានគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់បណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ក្រោយពីទទួលបណ្តឹង កម្លាំងប៉ុស្តិ៍សហការជាមួយ កម្លាំងផ្នែកនគរបាលយុត្តិធម៌បានចុះទៅធ្វើការស្រាវជ្រាវ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យ បាននៅក្រោយភូមិព្រែកដាច់នៅវេលាម៉ោង១០និង៥០នាទី ថ្ងៃខែឆ្នាំ កើតហេតុ និងបានបញ្ជូនមកកាន់ អធិការដ្ឋានដើម្បីបន្តនីតិវិធី៕