ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើមគ្រញូងមួយដើម ក្នុងរមណីយដ្ឋានអង្គរ ត្រូវជនមិនស្គាល់មុខលួចកាប់

71


សៀមរាប៖ ដើមឈើគ្រញូង១ដើម ទំហំមុខកាត់ជិត៤០តឹក នៅក្នុងរមណីដ្ឋានអង្គរ ត្រូវបានជនមិនស្គាល់មុខលួចកាប់ បម្រុងដឹកយកទៅលក់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច យកដើមគ្រញូងនោះទៅរក្សាទុកនៅទីសុវត្ថិភាព។ អាជ្ញាធរអប្សរា យកដើមគ្រញូង ដែលចោរលួចកាប់ ទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

ហេតុការណ៍មួយបានកើតឡើង ដោយជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ភ្លាមៗ ក្រោយទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងបានសម្រេចដកហូត ដឹកជញ្ជូនឈើដែលចោរកាប់ផ្ទួលនោះ មករក្សាទុកនៅទីមានសុវត្ថិភាព។

កូនឈើគ្រញូងមួយដើម ត្រូវបានជនមិនស្គាល់មុខ បានលួចកាប់នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ដភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍នេះ បានផ្តល់ដំណឹងភ្លាមៗទៅអាជ្ញាធរជាតិអប្សរា ដើម្បីអន្តរាគមន៍ និងទប់ស្កាត់មិនឱ្យមានការដឹកជញ្ជូនចេញ។

បុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា លោក ស៊ិន ពិសី បានឱ្យដឹងថា បន្ទាប់ពីមានការសម្របសម្រួលពីភាគីពាក់ព័ន្ធ គ្រញូងដែលគេលួចកាប់នោះ បានយកទៅរក្សាទុកនៅស្នាក់ការ តំបន់ការពារឧទ្យានអង្គរ របស់មន្ទីបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី១០ ខែសីហា។ លោករំលឹកថា ក្រោយដឹងហេតុការណ៍នៅយប់ថ្ងៃទី៨មកនោះ ភាគីពាក់ព័ន្ធបានសហការយ៉ាងយកចិត្តទុកដាក់ ដោយបានប្រើកម្លាំងយាមត្បាតជាប់រហូត ព្រោះបារម្ភខ្លាចក្រុមជនខិលខូច ចូលមកដឹកជញ្ជូនឈើដែលកាប់រួច។

បើតាមការបញ្ជាក់របស់លោក ស៊ិន ពិសី ដដែល គ្រញូងដែលត្រូវគេលួចកាប់នោះមានទំហំមិនធំប៉ុន្មានទេ គឺមានមុខកាត់ជិត ៤តឹក ឯបណ្តោយជាង ២ម៉ែត្រប៉ុណ្ណោះ (កន្លែងដែលមានតម្លៃ)។ លោកបន្ថែមថា ភូមិសាស្រ្ដដែលជនមិនស្គាល់មុខលួចកាប់នោះ គឺចុះពីផ្លូវកៅស៊ូប្រមាណ ១០ម៉ែត្រប៉ុណ្ណោះ តែវានៅដាច់ឆ្ងាយពីផ្ទះអ្នកភូមិបន្ដិច ណាមួយយប់ដែលកាប់នោះ មានភ្លៀងធ្លាក់ពេញមួយយប់ផងដែរ ដែលជាឱកាសសម្រាប់ក្រុមអ្នករកស៊ីគ្រញូង៕

អត្ថបទដែលជាប់ទាក់ទង