ខែមករាឆ្នាំ២០២១នេះ កម្ពុជានាំអង្ករចេញសរុបមានចំនួន ៣៤ ២៧៣តោន
ភ្នំពេញ ៖ ក្នុងខែមករាឆ្នាំ២០២១នេះ បរិមាណអង្ករនាំចេញសរុបមានចំនួន ៣៤ ២៧៣តោន មានការថយចុះចំនួន ១៦ ១៧៧តោន (-៣២,០៧%) តិចជាងបរិមាណនាំចេញក្នុងខែមករា ឆ្នាំ២០២០ ដែលមានចំនួន ៥០ ៤៥០តោន ក្នុងនោះ ក្នុងខែមករា ឆ្នាំ២០២១នេះ អង្ករបាន នាំចេញទៅកាន់ទិសដៅចំនួន ២៨ប្រទេស ក្នុងនោះប្រទេសចិន ឈរលំដាប់ទី១ ។
បើតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញអង្ករក្នុងខែមករាឆ្នាំ២០២១ ដែលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានរាយការណ៍ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វេង សាខុន សូមគោរពជម្រាបជូន សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា នៅក្នុងខែមករា ឆ្នាំ២០២១នេះ ស្ថានភាពនៃការនាំចេញអង្ករទៅក្រៅប្រទេសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានដូចខាងក្រោម៖
ស្ថានភាពនៃការនាំចេញអង្ករ ៖ បរិមាណអង្ករនាំចេញក្នុងខែមករាឆ្នាំ២០២១ មានចំនួន ៣៤ ២៧៣តោន មានការថយចុះចំនួន ១៦ ១៧៧ តោន (-៣២,០៧%) តិចជាងបរិមាណនាំចេញក្នុងខែមករា ឆ្នាំ២០២០ ដែលមានចំនួន ៥០ ៤៥០តោន (សូមបង្ហាញ ជូនក្នុងតារាងទី១នៃឧបសម្ព័ន្ធ)។
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣០ ០៣២តោន ស្មើនឹង ៨៧,៦៣% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៣ ៦៩៥តោន ស្មើនឹង ១០,៧៨% និងអង្ករចំហុយមានចំនួន ៥៤៦តោន ស្មើនឹង ១,៥៩%។ ក្នុងចំណោមរង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល ផ្កាម្លិះមានចំនួន ១៩ ៨០៧តោន ស្មើនឹង ៥៧,៧៩% (សូមបង្ហាញជូនក្នុងតារាងទី២ នៃឧបសម្ព័ន្ធ)។
ក្នុងខែមករា ឆ្នាំ២០២១នេះ អង្ករបាន នាំចេញទៅកាន់ទិសដៅចំនួន ២៨ប្រទេស ក្នុងនោះប្រទេសចិន ឈរលំដាប់ទី១ មានចំនួន ១៦ ១៦៣តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ៣ ៧២៣តោន ប្រទេសហ្គាបុង ឈរលំដាប់ទី៣ មានចំនួន ៣ ៥៧០តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៤ មានចំនួន ៣ ១៨៤តោន ប្រទេស អូស្ត្រាលីឈរលំដាប់ទី៥ មានចំនួន ៩០៨តោន សាធារណរដ្ឋឆែកឈរលំដាប់ទី៦ មានចំនួន ៨៩៥តោន ប្រទេស អេស្ប៉ាញឈរលំដាប់ទី៧ មានចំនួន ៧៨៦តោន ប្រទេសណេដឺឡឺនឈរលំដាប់ទី៨ មានចំនួន ៧៥២តោន ប្រទេស នូវែលហ្សេឡង់ឈរលំដាប់ទី៩ មានចំនួន ៥៦២តោន និងប្រទេសម៉ាយុតឈរលំដាប់ ទី១០ មានចំនួន ៥០៣តោន។ បរិមាណអង្គរដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពវីរ៉ុប ចំនួន១៤ប្រទេស មានបរិមាណសរុបចំនួន ៧ ៦៣៥ តោន (២២ ,២៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៦ ១៦៣តោន (៤៧,១៥%) ទិសដៅអាស៊ាន ចំនួន២ប្រទេស មានបរិមាណសរុបចំនួន ៣ ២៥៩តោន (៩,៥១%) និងទិសដៅដទៃទៀតចំនួន១១ប្រទេសមានបរិមាណសរុប ៧ ២១៦តោន (២១,០៦%) (សូមបង្ហាញជូនក្នុងតារាងទី៣នៃឧបសម្ព័ន្ធ) ។
ក្នុងខែមករា ឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៣៦ក្រុមហ៊ុន ដែលបរិមាណអង្ករនាំចេញ ត្រូវបាននាំមុខគេដោយ៖ (ទី១), ក្រុមហ៊ុន Khmer Foonds Group មានចំនួន ៣ ៧៣៩តោន (១០,៩១%) (ទី២)
ក្រុមហ៊ុន Primalis Corporation មានចំនួន ៣ ៥៧០តោន (១០,៤២%) (ទី៣) ក្រុមហ៊ុន (Colden Rice (Cambodia) មានចំនួន ៣ ២២៦តោន (៩,៤១%) (ទី៤) ក្រុមហ៊ុន City Rice Import Export មានចំនួន ៣ ២០១តោន (៥៩,៤%) (ទី៥) ក្រុមហ៊ុន Golden Star Rice មានចំនួន ៣ ១៧៧តោន (៩,២៧%) (ទី៦) ក្រុមហ៊ុន Baitang (Kampuchea) មានចំនួន ៣ ០៦៩តោន (៨,៩៥%) (ទី៧).ក្រុមហ៊ុន Angkor Byon Rice មានចំនួន ១ ៥១២តោន (៤,៤១%) (ទី៨), ក្រុមហ៊ុន Apsara Rice (Cambodia) មានចំនួន ១ ៤១៣តោន (៤,១២%) (ទី៩).ក្រុមហ៊ុន Guohong (Cambodia) មានចំនួន ១ ២៧៥តោន (៣,៧២%) និង (ទី១០) ក្រុមហ៊ុន International Rice មានចំនួន ១ ១៩៨តោន (៣,៥០%)។ បរិមាណរអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗទាំង១០ មានរហូតដល់ ២៥ ៣៨០តោន (៧៤,០៥%) នៅពេលដែលបរិមាណនាំចេញទៅកាន់ទិសដៅរបស់ក្រុមហ៊ុន២៦ ដទៃទៀតបានត្រឹមតែ ៨ ៨៩៣តោន (២៥,៩៥%) (សូមបង្ហាញជូនក្នុងតារាងទី៤នៃឧបសម្ព័ន្ធ)។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានបញ្ជាក់ថា ក្នុងខែមករាឆ្នាំ២០២១នេះ បរិមាណអង្ករនាំចេញសរុបមានចំនួន ៣៤ ២៧៣តោន មានការថយចុះចំនួន ១៦ ១៧៧តោន (-៣២,០៧%) តិចជាងបរិមាណនាំចេញក្នុងខែមករា ឆ្នាំ២០២០ ដែលមានចំនួន ៥០ ៤៥០តោន ហើយការថយចុះនេះរួមមាន ទិសដៅសហភាពអឺរ៉ុបចំនួន ១០ ៩៨៥តោន ( -៥៩%) ទិសដៅប្រទេសអាស៊ានចំនួន ២ ៦២៥តោន (-៤៤,៦១%) និងទិសដៅដទៃទៀតចំនួន ៣ ៧២៣តោន (-៣៤,០៣%)។ ដោយឡែក ប្រទេសចិនមានការកើនឡើងចំនួន ១ ១៥៦តោន (៧,៧%) (សូមបង្ហាញជូនក្នុងតារាងទី ៥នៃឧបសម្ព័ន្ធ )។
លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលជាសេនាធិការរបស់ ក្រុមការងារទី៩ នឹងខិតខំបន្តពង្រីកវិសាលភាពដើម្បីបំពេញតួនាទី ក្នុងការបង្កើនការយល់ដឹងដល់អ្នកពាក់ព័ន្ធ (សមត្ថកិច្ច ដែលពាក់ព័ន្ធនឹងបែបបទនាំចេញអង្ករ ក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ ក្រុមហ៊ុនដឹកជញ្ជូន។ល។ ដែលកំពុងមានសកម្មភាពពាក់ព័ន្ធនឹងការនាំចេញអង្ករ) ក្នុងការរៀបចំថែទាំស្រូវ អង្ករមុនការនាំចេញ និងបំពេញ បែបបទដោយអនុលោមតាមល័ក្ខខ័ណ្ឌតម្រូវរបស់ប្រទេសនាំចូល និងរាល់កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសនាំចូលឲ្យបានសមស្របតាមស្តង់ដារភូតគាមអនាម័យទាំងបរិមាណ គុណភាព និងនីតិវិធីជាធរមាន៕