ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ប្រកាសថា កម្ពុជា​មិន​លូកដៃ​ចូល​បញ្ហា​ផ្ទៃក្នុង របស់​ប្រទេសណាទាំងអស់

57

 

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា “​ពេលនេះ​នៅ ទីក្រុង​រ៉ង់​ហ្គោ​ន សាធារណៈរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បានចាប់ផ្ដើម​ហើយ គឺ​ប្រធានាធិបតី និង​ទីប្រឹក្សា​រដ្ឋ​ត្រូវ​ទាហាន​ចាប់ខ្លួន​ហើយ​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​បែបនេះ​នៅ​ព្រឹក​ថ្ងៃ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាង សង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ពាក់ព័ន្ធ​ស្ថានភាព​ចាប់ខ្លួន​មេដឹកនាំ និង​ប្រធានាធិបតី​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា​មិន​ថ្លែង​សារ​អ្វី​ពាក់ព័ន្ធ​បញ្ហា​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​ទេ​។​

​សម្តេច​តេ​ជោ បាន​បន្ថែមថា បញ្ហា​នេះ​កម្ពុជា​នឹងមិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណា​ទាំងអស់​នៅ ក្នុង​អាស៊ាន​។ ព័ត៌មាន​អាច​ផ្ស​ព្ធ​ផ្សាយ​បានតែ​មិនត្រូវ​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ។​

​លោកស្រី អោ​ង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា និង​ឥស្សរជន​ជាន់ខ្ពស់​ដទៃទៀត មកពី​គណបក្សកាន់អំណាច ត្រូវបាន​ឃុំខ្លួន​ក្នុងការ​ឆ្មក់​ចូល​មួយ​ដោយ​ពួកយោធា​ដ៏​មានអំណាច នៅពេល​ព្រឹក​ព្រលឹម ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​យោធា​មី​យ៉ាន់​ម៉ា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រកាស​ដាក់​ប្រទេស​ទាំងមូល​ក្នុង​គ្រា​មាន​អាសន្ន​រយៈពេល​មួយឆ្នាំ បន្ទាប់ពី​លោកស្រី អោ​ង សាន ស៊ូ​ជី ត្រូវបាន​ចាប់ ឃុំខ្លួន​នៅក្នុង​ផ្ទះ ដោយ​យោធា ដែល​គេ​មើលឃើញថា​ទង្វើ​បែបនេះ​គឺជា រដ្ឋប្រហារ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ នៅ​ថ្ងៃ​ចន្ទ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ខ្លួន យោធា​មី​យ៉ាន់​ម៉ា ក៏​ប្រកាស​ដែរ​ថា អនុ​ប្រធានាធិបតី U Myint Swe ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ​យោធា នឹង​ឡើងកាន់តំណែង​ជា ប្រធានាធិបតី​បណ្ដោះអាសន្ន​។ ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នេះ ធ្វើឡើង​ក្រោយ​អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ NLD បានឱ្យដឹង​នៅ​ព្រឹក ថ្ងៃ​ចន្ទ​នេះ​ថា ទីប្រឹក្សា​រដ្ឋ លោកស្រី អោ​ង សាន ស៊ូ​ជី និង​លោក​ប្រធានាធិបតី Win Myint ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត នៃ​គណបក្ស NLD ត្រូវបាន​យោធា​ចាប់ និង​ឃុំខ្លួន​។​

​បច្ចុប្បន្ន យោធា​មី​យ៉ាន់​ម៉ា កំពុង​គ្រប់គ្រង​ស្ថានការណ៍ ហើយ​កងទ័ព​ជាច្រើន​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ ក្នុង​រដ្ឋធានី​ណៃ​ពិដោរ និង​ទីក្រុង យ៉ាង​ហ្គ​ន​។ ចំណែកឯ បណ្ដាញទូរស័ព្ទ​, អ៉ិ​ន​ធើ​ណិ​ត​, និង​ប្រព័ន្ធ​ទំនាក់ទំនង​នានា នៅក្នុង​រដ្ឋធានី ក៏ដូចជា​នៅតាម​ទីក្រុង​ធំៗ ក៏​ត្រូវបាន​កាត់ផ្ដាច់​ផងដែរ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា អះអាងថា វា​បណ្ដាលមកពី​បញ្ហា​បច្ចេកទេស​។​

​គួរ​បញ្ជាក់ថា ការចាប់ខ្លួន​លោកស្រី ស៊ូ​ជី និង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​របស់លោក​ស្រី កើតមានឡើង​ចំពេល​សភាជាតិ​មី​យ៉ាន់​ម៉ា ត្រូវ​បើក​សម័យប្រជុំ​ដំបូង នៅ​ព្រឹក​ថ្ងៃ​ចន្ទ នេះ ក្រោយ​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​បង្ហាញថា​គណបក្ស​លោកស្រី​ស៊ូ​ជី ជា​អ្នកទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​។ គណៈកម្មាការ​ជាតិ រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា បាន​និយាយថា​ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព និង​យុត្តិធម៌ ហើយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ក៏បាន​ជំរុញ​ឱ្យ​យោធា ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នេះដែរ​។ ប៉ុន្តែ យោធា​មី​យ៉ាន់​ម៉ា បាន​ចោទថា​ការបោះឆ្នោត​នេះ​ត្រូវបាន​លួច​បន្លំ ជាមួយ​ការព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើយតប​៕

អត្ថបទដែលជាប់ទាក់ទង