ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវដែលទទួលរងការខូចខាត ដោយការបាក់ផ្តាច់ដោយជំនន់ទន្លេសាប នៅសង្កាត់ព្រែកតាសេក ស្ថាបនាបានសម្រេច៧០ភាគរយហើយ

91

 

ភ្នំពេញ៖ កំណាត់ផ្លូវមួយខ្សែដែលទទួលរងការខូចខាតដោយការហូរបាក់ផ្តាច់ដោយជំនន់ទន្លេសាប នៅក្រុមទី២ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា មកដល់ពេលនេះ ពោលគឺមិនបានដល់១០ថ្ងៃផង ការស្ថាបនាសម្រេចបានប្រមាណ៧០ភាគរយហើយ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា កំណាត់ផ្លូវមួយខ្សែខាងលើនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងចាក់ថ្មដុំធំ និងច្រកបាវខ្សាច់ បំពេញច្រាំងទន្លេសាបដែលបាក់នេះសម្រេចលទ្ឋផលបាន ៧០% ហើយ ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្តោះអាសន្ន ព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ប្រាស្រ័យតែផ្លូវមួយនេះទេ។ 

   គួររំលឹកផងដែរថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ ពោលគឺខណៈដែលលោកដឹកនាំអាជ្ញាធរដែនដី និងមន្រ្តីជំនាញក្រោមឱវាទ ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង នៃការបាក់ច្រាំងទន្លេនេះ លោកបានបញ្ជាជាបន្ទាន់ឱ្យមន្រ្តីជំនាញពាក់ព័ន្ធ ធ្វើការស្ថាបនាឡើងវិញ នៅកំណាត់ផ្លូវមួយខ្សែ ដែលទទួលរងការខូចខាតនេះភ្លាមៗតែម្តង។

  បើតាមការបញ្ជាក់របស់លោកឃួង ស្រេងកាលពីថ្ងៃនៃការចុះធ្វើការត្រួតពិនិត្យនោះថា ការស្ថាបនាផ្លូវច្រាំងទន្លេដែលបាក់នេះ ធ្វើឡើងជាបណ្តោះអាសន្ន សំខាន់ទប់កុំឱ្យបាក់បន្ត និងមួយវិញទៀតគឺអាចឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្តោះអាសន្ន ព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ប្រាស្រ័យតែផ្លូវមួយនេះទេ។ 

  លោកអភិបាលបន្តថា នៅរដូវទឹកស្រកខាងមុខនេះ លោកនឹងឱ្យមន្រ្តីជំនាញ ចុះមកសិក្សាបច្ចេកទេសឱ្យបានហ្មត់ចត់ ហើយរដ្ឋបាលរាជធានីនឹងអាចបុកស៊ីវផាយ ដើម្បីធ្វើឱ្យផ្លូវនេះរឹងមាំជាប់លាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង