ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ទទួល​ភ្ញៀវទេសច​រ​អន្តរជាតិ​ចំនួន​៥៥.៩៤៧​នាក់ ស្មើនឹង​២,២%​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​សរុប កើនឡើង​៨៨,៩%

104

ព្រះសីហនុ ៖ កំណើន​ភ្ញៀវទេសចរ និង​វិនិយោគិន​ចិន​បានធ្វើ​ឲ្យ​វិស័យ​អាកាសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ជិត​៨៩%​ ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ។​

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​បញ្ជាក់ឱ្យដឹង​ កាលពី​រសៀល​ថ្ងៃទី​១២ សីហាថា ៖ អាកាសចរណ៍​ជាច្រើន​បាន​ភ្ជាប់​ជើងហោះហើរ​ទៅកាន់​ព្រលានយន្តហោះ​កងកេង ខេត្ត​ព្រះសីហនុ ពិសេស​ក្រុមហ៊ុន​អាកាសចរណ៍​មកពី​ប្រទេស​ចិន ។

លោក​បន្តថា៖ ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ តាម​តួលេខ​ដែល​លោក​ទទួលបាន គឺ​ចំនួន​អាកាសចរណ៍​ចុះឡើង​ព្រលានយន្តហោះ​នេះ បាន​កើនឡើង​រហូតដល់​៨៨,៩% ។ លោក​បន្តថា ៖កំណើន​អាកាសចរណ៍​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ពិសេស​កំណើន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន ។លោក​បន្តថា ៖ កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ ពិសេស​ភ្ញៀវទេសចរ​ចិន​បានធ្វើ​ឲ្យ​ចំនួន​បន្ទប់​សណ្ឋាគារ​ក្នុង​ក្រុងព្រះសីហនុ កើនឡើង​ជាប្រចាំ​ផងដែរ ។​

​យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍ រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​២.៥៩៣.៨៤៧​នាក់ កើនឡើង​១៣,៥% បើ​ធៀប​នឹង​គ្រា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧ ។ ក្នុងនោះ ភ្ញៀវ​ចិន​មាន​ចំនួន​៧៨៨.៣៨៧​នាក់ ស្មើនឹង​៣០,៤១%​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប កើនឡើង​៧៨,៧% ។​

​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា៖ លោក​កំពុង​សិក្សា​ពី​តួលេខ​នេះ​ឡើងវិញ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ចំនួន​អាកាស ចរណ៍​ពិតជា​កើនឡើង​ដូច​តួលេខ​ពិត​ឬ​យ៉ាងណា ប៉ុន្តែ​តាម​អ្វីដែល​លោក​ដឹង គឺ​អាកាសចរណ៍​ជាង​៥០០​ជើងបាន​ចុះឡើង​ជាប្រចាំ​ក្នុង​១​សប្តាហ៍ នៅ​ព្រលានយន្តហោះ​ក្នុង​ខេត្ត​នេះ ។ លោក​បន្តថា ៖បើសិនជា​មើល​ពី​កំណើន​ភ្ញៀវទេសចរ​មក​ទស្សនា​ក្នុង​ខេត្ត​បាន​កើនឡើង​ច្រើន និង​ធ្វើ​ឲ្យ​បន្ទប់​សណ្ឋាគារ​ខ្វះខាត​ជាប្រចាំ ពិសេស​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​បុណ្យទាន​ធំៗ ។​

​ លោក​បន្តថា៖តាម​កំណើន​ភ្ញៀវទេសចរ និង​កំណើន​យន្តហោះ​ចុះចត ហាក់​មាន​ភាពខុសគ្នា ប៉ុន្តែ​ខ្ញុំ​មិនទាន់​សន្និដ្ឋាន​បែបណា​នៅឡើយ​ទេ ។ លោក​បន្តថា៖ ជាមួយនឹង​ការមកដល់​របស់​ភ្ញៀវទេសចរ​ចិន និង​ទេសចរ​អន្តរជាតិ​ដទៃទៀត នឹងធ្វើ​ឲ្យ​បន្ទប់​សណ្ឋាគារ​នៅតែ​ខ្វះខាត ទោះជា​ចុង​ឆ្នាំនេះ​មាន​សណ្ឋាគារ​ធំៗ​ចំនួន​៥ ដែលមាន​បន្ទប់​ជាង​២​ពាន់​បាន​បើក​ដំណើរការ​ក្តី ក៏​ខេត្ត​នេះ​នឹង​នៅតែ​ខ្វះ​បន្ទប់ ។ លោក​បន្ថែមថា នៅ​ឆ្នាំ​២០១៩​ខាងមុខ លោក​គិតថា ចំនួន​អាកាសចរណ៍​មក​ចុះចត​នៅ​ព្រលាន​នេះ​នឹង​កើនឡើង​ថែមទៀត ។​ តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បានទទួល​ភ្ញៀវទេសច​រ​អន្តរជាតិ​ចំនួន​៥៥.៩៤៧​នាក់ ស្មើនឹង​២,២%​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​សរុប កើនឡើង​៨៨,៩% ៕​
សំរិត

អត្ថបទដែលជាប់ទាក់ទង