ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារបណ្តឹងរបស់គណបក្ស​យុវជន​កម្ពុជា គ.ជ.ប​ ផ្អាកប្រកាសលទ្ធផលផ្លូវការ

94

ភ្នំពេញ៖ លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៣ ខែសីហា​
ឆ្នាំ២០១៨នេះ បានថ្លែងថា គ.ជ.ប បានសម្រេចមិនប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦តាមការកំណត់នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ។ មូលហេតុដែល គ.ជ.ប សម្រេចផ្អាកការប្រកាសលទ្ធផលផ្លូវការនេះ ដោយសារតែលោក ពេជ្រ ស្រស់ ​ប្រធានគណបក្ស​យុវជន​កម្ពុជា​ បានយកបណ្តឹងទៅដាក់នៅទីស្តីការ គ.ជ.ប នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨នេះ ។

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ លោកពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា
បានដាក់ពាក្យបណ្តឹងរួចហើយ នៅព្រឹកមិញនេះ នៅគ.ជ.ប ដើម្បីប្តឹងឲ្យរាប់សន្លឹកឆ្នោតឡើងវិញ
ដោយចំនួនលទ្ធផលបណ្តោះអាសន្ននេះ គឺ នៅមិនទាន់ត្រឹមត្រូវនោះទេ សម្រាប់គណបក្សយុវជនកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណា នៅថ្ងៃត្រង់ ដដែលនេះ លោកពេជ្រ ស្រស់ បានបញ្ជាក់ក្នុងផេកហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំ ពេជ្រ ស្រស់ នឹងដកពាក្យបណ្តឹងពីគ.ជ.ប.វិញ នៅរសៀលនេះ ដោយហេតុក្រុមការងារពិនិត្យឃើញថា មិនទាន់មានលក្ខណៈគ្រប់គ្រាន់”។

លោក​​ ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃទី១១ ខែសីហា ជាថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្ន ហើយបើគ្មានបណ្តឹងពីថ្ងៃទី១១នោះមក រយៈពេល៧២ម៉ោង គិតរហូតដល់ថ្ងៃអង្គារ ម៉ោង៦៖៥៩នាទីព្រឹកស្អែក អត់មានពាក្យបណ្តឹងទេ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី១៥​ ខែសីហា ប៉ុន្តែក្នុងករណីមានបណ្តឹង អញ្ចឹងការគ្រោងប្រកាសលទ្ធផលផ្លូវការ នឹងត្រូវលើកពេល ដោយសារត្រូវការពេលដើម្បីដោះស្រាយបណ្តឹង។ ប្រសិនបើបណ្តឹងគ្មានសាក្សី និងភស្តុតាងច្បាស់លាស់នឹងត្រូវច្រានចេញទៅវិញ ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់បន្ថែមថា តាមច្បាប់ គ.ជ.ប ត្រូវតែដោះស្រាយក្នុងពេលវេលាជាបន្ទាន់ និងសមស្រប មានន័យថា ត្រូវបញ្ចប់ឲ្យបានមុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាថ្ងៃប្រកាសលទ្ធផលផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង