ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជនប្រឡងបាក់ឌុប ធ្វើកោសល្យវិច័យលើសំណេរចម្លើយដូចគ្នា ក្នុងការចម្លងពីគ្នា នឹងឲ្យធ្លាក់ទាំងពីរជាស្វ័យប្រវត្តិ

94


ភ្នំពេញ៖ លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានមានប្រសាសន៍ថា ឆ្នាំនេះ គឺជាឆ្នាំទី៥ នៃកំណែទម្រង់លើវិស័យអប់រំ នៅកម្ពុជា។ ការទទួលជោគជ័យនាកន្លងមកនេះ ដោយមានការចូលរួមពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសព័ន្ធយុវជកម្ពុជា ដែលធ្វើឱ្យការពង្រឹងលើចំណេះដឹងដល់វិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរឡើង។ លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដាស់តឿនឲ្យបេក្ខជន ដែលមានឈ្មោះក្នុងបញ្ជីប្រឡងទាំងអស់ ក្នុងករណីដែលរកឃើញមានការចម្លងពីគ្នា នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បើធ្វើកោសល្យវិច័យដូចគ្នា នឹងឲ្យធ្លាក់ទាំងពីរជាស្វ័យប្រវត្តិ។

ពិធីជួបជុំអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានរៀបចំឡើង នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ។

លោក ហង់ ជួនណារ៉ុន បានថ្លែងថា ប្រសិនបើឃើញគេចម្លង យើងគ្រាន់តែប្រាប់លេខតុ លេខអីទៅ និងថ្នាក់ណា ឲ្យតែមានលេខតុ និងថ្នាក់ក៏បានដែរ ក្រសួងនឹងធ្វើកោសល្យវិច័យ។ តើមានការចម្លងឬអត់ មិនមែនប្រាប់តែលេខតុចប់នោះទេ គឺក្រសួងនឹងយកព័ត៌មានហ្នឹងធ្វើកោសល្យវិច័យ ចឹងបានឃើញថា ចម្លងដូចគ្នាឲ្យធ្លាក់ទាំងពីរ។ ធ្វើបែបនេះ អ្នកសង្កេតការណ៍ និងអនុរក្សគ្មានបញ្ហាប្រឈម កើតឡើងលើពួកគេនោះទេ ។ ម្យ៉ាងទៀតពេលប្រឡងនាពេលកន្លងមក អ្នកសង្កេតការណ៍ ព្រមទាំងអនុរក្សក៏គ្មានបញ្ហា អ្វីកើតឡើងលើពួកគេដែរ។ ប្រសិនបើបេក្ខជនគំរាមកំហែងអ្នកសង្កេតគឺ បេក្ខជនរូបនោះនឹងធ្លាក់ដោយស្វ័យប្រវត្តិ ហើយនឹងទទួលទោសព្រហ្មទណ្ឌជាដើម។

លោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា បេក្ខជនដែលប្រឡងឆ្នាំនេះ មានការកើនឡើងជាង១ម៉ឺននាក់ ចំណែកអ្នកសង្កេតការណ៍អ្នកប្រឡងមានចំនួនកើនឡើងផងដែរ។ កន្លងមកបេក្ខជនប្រឡងកំហុសក៏មាន អ្នកសង្កេតការណ៍ ទទួលរងវិន័យក៏មានចំនួន១២នាក់ និងអនុរក្ស ក៏មានទទួលរងការទោសវិន័យដូចគ្នា។ អ្នកសង្កេតការណ៍ទាំងអស់មានភាពទន់ភ្លន់ ប៉ុន្តែត្រូវមានភាពម៉ត់ចត់ ដោយពង្រឹងលើវិន័យឱ្យបានច្បាស់លាស់។ លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា អ្នកសង្កេតការណ៍ស្ម័គ្រចិត្តសម្រាប់ ការប្រឡងបាក់ឌុបឆ្នាំ២០១៨ មានជាង៦ពាន់នាក់ កើនឡើងជាង៥០០នាក់ បើធៀបនឹងឆ្នាំ២០១៧ ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបន្ថែមថា ការប្រឡងបាក់ឌុបខាងមុខនេះ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត នឹងពង្រឹងលើវិន័យអនុវត្តការងារ ហើយបើឃើញបេក្ខជនប្រឡង ឬមន្រ្តីពាក់ព័ន្ធ ក្នុងការប្រឡង បានប្រព្រឹត្តិខុសករណីណាមួយ នឹងប្រឈមធ្លាក់ស្វ័យប្រវត្តិ ឬមានទោស កំហុសមិនអាចលើកលែងបានឡើយ។

លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការរៀនបន្ថែមម៉ោងនាកន្លងមក របស់បេក្ខជន បានធ្វើឱ្យពួកគាត់ មានចំណេះដឹងគ្រប់គ្រាន់ ក្នុងការចូលរួមប្រឡង ដោយអាចជោគជ័យនៅខាងមុខ។ ជាមួយគ្នានៅពេលទទួលជោគជ័យនៅក្នុងពេលប្រឡងនេះដែរ ពួកគាត់នឹងមានមូលដ្ឋានគ្រឹះ ចំណេះដឹងគ្រប់គ្រាន់ ដែលជាធនធានមនុស្សមួយ ដល់ប្រទេសជាតិ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនេះ ក្រសួងបានប្រើប្រាស់គណៈមេប្រយោគចំនួន ៣១.១០៨នាក់ ចែកចេញពីរផ្នែក គឺដំណាក់សំណេរចំនួន១៥.៨០០នាក់ និងដំណាក់កាលអត្រាកំណែ១៤.៤០០នាក់ ។ ឆ្នាំនេះដែរ ក៏មានការចូលរួមពី អ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយជាង៦ពាន់នាក់ ។ ក្រសួងនឹងរៀបចំប្រធានវិញ្ញាសា សម្រាប់ប្រឡងចំនួន៧មុខវិជ្ជា។

គួរបញ្ជាក់ថា ការប្រឡងឆ្នាំនេះការប្រឡងបាក់ឌុបនាឆ្នាំនេះដែរ ពិន្ទុខ្ពស់បំផុតគឺ៥០០ និងចំពោះបេក្ខជន ដែលធ្វើពិន្ទុបានត្រឹម២៣៧ នឹងត្រូវជាប់ហើយ ។ ការប្រឡងបាក់ឌុបឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២០- ២១ ខែសីហា នៅពេលខាងមុខនេះ ក្រសួងនៅតែចេញវិញ្ញាសា ក្នុងកម្រិតមួយដែលមានគុណភាព ដែលបានចំណាយថវិការជិត៥លានដុល្លារ និងមានក្រុមអ្នកសង្កេតការពីអង្គភាពប្រឆាំងអំពើពុករលួយជិត៦ពាន់នាក់ចូលរួម។ ការប្រឡងបាក់ឌុប ក្នុងនេះមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមាន បេក្ខជនប្រឡងសរុបចំនួន ១១៧.០៦១ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥ មណ្ឌល ចែកចេញជា ៤.៧៦១បន្ទប់ នៅរាជធានី ខេត្តទាំង២៥ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង