តុលាការចោទប្រកាន់ជនជាតិចិនម្នាក់ ដឹកគ្រឿងញៀន ជិត១០០គីឡូក្រាម មកពីប្រទេសអាឡឺម៉ង់
ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានសម្រេចចេញដីការ ចោទប្រកាន់ជនជាតិចិនម្នាក់ជួញដូរគ្រឿងញៀនឆ្លងដែន ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង សហការជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា សម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើចេញពី ប្រទេសអាឡីម៉ងមកកម្ពុជា (ដោយលាក់បង្កប់ជាមួយចំណីសត្វ) នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ YAO ZEYE ជនជាតិចិន ភេទប្រុស អាយុ៣៣ឆ្នាំ។ វត្ថុតាងដកហូតៈ គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប ៩៨គីឡូក្រាម ០៤៣,៥៥ក្រាម ៕