លោក កើត រិទ្ធ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យនិងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើបន្ធូរបន្ថយទោស និងការលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការផ្សព្វផ្សាយព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងការលើកលែងទោស» និងពង្រឹងការងារស្នើសុំអនុគ្រោះទោស នាទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីគណៈកម្មការថ្នាក់ជាតិ គណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការរាជធានី ខេត្ត ទូទាំងប្រទេស ។
លោក កើត រិទ្ធិរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថាព្រះរាជក្រឹត្យនេះមានចំនួន៦ជំពួក ចែកចេញជា១៩មាត្រាដែលជាសមិទ្ធិផលថ្មីមួយរបស់មន្ត្រីយើងបានខិតខំបង្កើតឡើងសម្រាប់អនុវត្តបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិត ដើម្បីឲ្យមន្ត្រីតុលាការ មន្ត្រីពន្ធនាគារយកទៅអនុវត្ត។
លោក បានលើកឡើងថាការលើកលែងទោសជាការលើកទឹកចិត្តដល់ទណ្ឌិតណាដែលបានកែប្រែខ្លួនបានល្អ។ការលើកលែងទោសមិនមែនជាសិទ្ធិរបស់អ្នកទោសនោះទេ តែវាជាការលើកទឹកចិត្តចំពោះការខិតខំកែខ្លួនរបស់ទណ្ឌិតដើម្បីឲ្យគាត់បានចូលមករួមរស់ក្នុងសង្គមវិញ។
ក្នុងមាត្រាដដែលបានបញ្ជាក់ដែរថា រយៈពេលនៃការបន្ធូរបន្ថយទោសត្រូវកំណត់ដូចតទៅនេះ៖១.ទោសដាក់ពន្ធនាគារកំណត់ពី១ឆ្នាំ ដល់ក្រោម ៥ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៣ខែ។
២. ទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ដល់ក្រោម ១០ឆ្នាំអាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៦ខែ ឬ៣ខែ។៣.ទោសដាក់ពន្ធនាគារកំណត់ពី ១០ឆ្នាំ ដល់ក្រោម ២០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ៩ខែ ឬ ៦ខែ ឬ ៣ខែ។៤. ទោសដាក់ពន្ធនាគារកំណត់ពី២០ឆ្នាំ ដល់ ៣០ឆ្នាំ អាចនឹងបន្ថយរយៈពេលជាប់ពន្ធនាគារចំនួន ១២ខែ ឬ ៩ខែ ឬ ៦ខែ ឬ ៣ខែ។៥ ទោសដាក់ពន្ធនាគារមួយជីវិត អាចនឹងបន្ថយទោសលើកទី១ មកនៅត្រឹម ៣០ឆ្នាំ។
មាត្រា៩នៃព្រះរាជក្រឹត្យ បានចែងដែរថា ទណ្ឌិតអាចទទួលការបន្ធូរបន្ថយទោសបានតែម្តងគត់ ក្នុងរយៈពេល ១២ខែ។ ទណ្ឌិតអាចទទួលការបន្ធូរបន្ថយទោសច្រើនដងបាន លុះត្រាតែទណ្ឌិតនោះ បានទទួលរងទោសពាក់ កណ្តាលនៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌដូចមានចែងក្នុងកថា ខណ្ឌទី១ខាងលើ។
ចំពោះទណ្ឌិតដែលត្រូវបានកំណត់ទោសដាក់ពន្ធនាគារមួយជីវិត ក្រោយពីបានបន្ថយមកនៅត្រឹម ៣០ឆ្នាំ អាចនឹងបានទទួលការបន្ធូរបន្ថយទោសច្រើនដងទៀតបាន។ ប៉ុន្តែទោះជាទណ្ឌិតនោះ បានទទួលការបន្ធូរបន្ថយ ទោសច្រើនដងក៏ដោយ ក៏រយៈពេលនៃការទទួលរងទោសទាំងអស់ត្រូវឱ្យបានយ៉ាងតិច ២០ឆ្នាំ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថាក្នុងឆ្នាំ២០២០កន្លងទៅមានទណ្ឌិតចំនួន១៧៥៣នាក់(ស្រី១៤៣នាក់)ត្រូវបានស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស។ជាលទ្ធផលមានទណ្ឌិតចំនួន៩៣៩នាក់(ស្រី៩១នាក់)ត្រូវបានបន្ធូរបន្ថយទោសនិងលើកលែងទោស។
សូមជម្រាបថា មុនចេញព្រះរាជក្រឹត្យថ្មីនេះ ការស្នើសុំការបន្ថួរបន្ថយទោស និងលើកលែងទោសចំពោះទណ្ឌិត ធ្វើឡើងក្នុងពិធីបុណ្យធំៗរបស់ជាតិ ដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត មានចំនួន ៥ដង ក្នុង១ឆ្នាំៗ រួមមាន,ទី១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ទី២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ,ទី៣៖ ពិធីបុណ្យវិសាខបូជា,ទី៤៖ ពិធីបុណ្យឯករាជ្យជាតិនិងទី៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕