សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រត្រៀមនឹងប្ដូរមេដឹកនាំ
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តនឹងអាចប្ដូរមេដឹកនាំដោយសារតែឯកឧត្តមអ៊ុកសិទ្ធិជាតិដែលជាអគ្គនាយកកីឡាសព្វថ្ងៃដែលកំពុងកាន់កាប់តំណែងជាប្រធានសហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្តនោះមានភារកិច្ចរវល់ច្រើន ។
ក្នុងខណៈដែលខ្យល់នៃការផ្លាស់ប្ដូរមេដឹកនាំបែបនេះនៅល្ងាចថ្ងៃទី១៧កុម្ភៈឯកឧត្តមអ៊ុកសិទ្ធិជាតិបានជួបពិភាក្សាជាមួយឯកឧត្តមសំហេង បុរសរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាដែលការជួបពិភាក្សាគ្នានោះទោះបីមិនមានការទម្លាយឲ្យដឹងក៏ពិតមែនតែជាការជួបគ្នាជជែកពីការប្ដូរប្រមុខដឹកនាំសហព័ន្ធមួយនេះ ។
ឯកឧត្តមសំហេង បុរសនឹងក្លាយជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តជំនួសឯកឧត្តមអ៊ុក សិទ្ធិជាតិដែលនឹងធ្វើជាអនុប្រធានទទួលបន្ទុកបច្ចេកទេសវិញ ។
ឯកឧត្តមអ៊ុក សិទ្ធិជាតិមានប្រសាសន៍ថាមិនមែនតែសហព័ន្ធអត្តពលកម្មមួយទេសហព័ន្ធជាតិនានាសុទ្ធតែត្រូវការមេដឹកនាំដែលមានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍន៍ប្រភេទកីឡារបស់ខ្លួននិងមានឥទ្ធិពលក្នុងការស្វែងរកដៃគូរឧបត្ថម្ភ។កិច្ចពិភាក្សានេះផ្តោតទៅលើការអភិឌ្ឍន៍វ័ស័យកីឡាអត្តពលកម្មដំណើរឆ្ពោះព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2021លើកទី៣១នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខនេះ និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រមទាំងការប្រកួតកម្រិតជាតិ និងអន្តរជាតិនានា ជាពិសេសការជ្រើសរើសកីឡាករ-កីឡាការិនីអត្តពលកម្មឆ្នើមរបស់ខ្លួន។
ក្រោយពីបញ្ចប់ការពិភាក្សាឯកឧត្តមសំហេង បុរសក៏បន្តដំណ្តើរទស្សនាការហ្វឹនហាត់របស់កីឡាករកីឡាការិនីអត្តពលកម្មទាំងអស់លើទីលានក្នុងទីលានបាល់ទាត់ត្រៀមចូលរួមក្រុមជម្រើសជាតិឆ្នាំ២០២១មុនចេញទៅចូលរួមក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡា SEA GAMES 2021 លើកទី៣១នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខនេះ។
សូមបញ្ជាក់ថាសព្វថ្ងៃនេះកីឡាករអត្តពលកម្មចំនួន២រូបដែលគុណផលរបស់គេប្រហាក់ប្រហែលជាមួយនឹងគុណផលនៃជើងឯកស៊ីហ្គេម ។កីលាករទាំង២រូបនោះមិនត្រូវបានគេបញ្ចេញឈ្មោះឡើយតែពួកគេមួយរូបលេងវិញ្ញាសារត់ល្បឿន និងមួយរូបទៀតលេងវិញ្ញាសារត់ចម្ងាយមធ្យម ៕