សហរដ្ឋអាមេរិក ខ្លួនត្រៀមរួចជាស្រេច ដើម្បីចរចាជាមួយអ៊ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
បរទេស ៖ កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីពិភាក្សាជាមួយអ៊ីរ៉ង់អំពីការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលមានគោលបំណងទប់ស្កាប់ទីក្រុងតេអេរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែរ ដោយស្វែងរកការស្តារឡើងវិញនូវកិច្ចព្រមព្រៀង ដែលទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះអស់រយៈពេលជិត ០៣ឆ្នាំកន្លងមក។
ប្រទេសអ៊ីរ៉ង់បានប្រតិកម្មយ៉ាងខ្លាំងចំពោះគំនិតសហរដ្ឋអាមេរិក ដែលបានបង្ហាញដោយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken អំឡុងពេលកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយសមភាគីរបស់លោក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ដែលជួបជុំគ្នានៅទីក្រុងប៉ារីស។
លោក Blinken បានបញ្ជាក់ជាថ្មីនូវជំហររបស់សហរដ្ឋអាមេរិកថា រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden នឹងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀង ដែលត្រូវបានទទួលស្គាល់ជាផ្លូវការថា ផែនការសកម្មភាពរួម (JCPOA) ប្រសិនបើអ៊ីរ៉ង់អនុវត្តកិច្ចព្រមព្រៀងនេះបានពេញលេញ។
សេចក្តីថ្លែងការរួមពីប្រទេសទាំងបួនបាននិយាយថា “រដ្ឋមន្ត្រីក្រសួងការបរទេសលោក Blinken បានបញ្ជាក់ជាថ្មីម្តងទៀតថា….. ប្រសិនបើអ៊ីរ៉ង់ត្រឡប់ទៅរកការអនុវត្តន៍ការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងម៉ឹងម៉ាត់ក្រោមផែនការសកម្មភាពរួម (JCPOA) នោះសហរដ្ឋអាមេរិកនឹងធ្វើដូចគ្នា និងត្រៀមចូលរួមពិភាក្សាជាមួយអ៊ីរ៉ង់ដើម្បីសម្រចបានគោលបំណងរួម៕