លោកជំទាវ ឱ វណ្ណឌីន ច្រានចោលព័ត៌មានថា វីរុសកូវីដ១៩មានក្នុងសត្វប្រចៀវនៅកម្ពុជា
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន បានធ្វើការច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា វីរុសកូវីដ-១៩ មានក្នុងសត្វប្រចៀវនៅកម្ពុជា តាំងពីឆ្នាំ២០១០។ លោកស្រីបានអះអាងថា វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ឡើយ គឺគ្រាន់តែស្រដៀងគ្នាតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា «មិនត្រឹមត្រូវ និងយល់ច្រឡំធំហើយ។ ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មាន បំភ្លឺលើបញ្ហានេះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក នៅក្រសួងសុខាភិបាល»។
នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានដើម្បី «បំភ្លឺលើពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» នៅទីស្ដីការក្រសួងសុខាភិបាល។
លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមពី លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។
សូមបញ្ជាក់ថា បណ្តាញសង្គមហ្វេសប៊ុក បានផ្សាយថា អ្នកជំនាញនៃសារៈមន្ទីរប្រវត្តិធម្មជាតិបារាំង បានអះអាងថា កូរ៉ូណាវីរុសដូច៩៣%នៃកូរ៉ូណាវីរុស បង្កជំងឺកូវីដ១៩ គឺត្រូវបានគេរកឃើញក្នុងខ្លួនសត្វប្រចៀវ ដែលគេបានចុះទៅស្រាវជ្រាវនៅខេត្តស្ទឹងត្រែង កាលពីឆ្នាំ២០១០។ ក្នុងន័យនេះ អ្នកជំនាញបារាំងសន្និដ្ឋានថា មេរោគកូរ៉ូណាវីរុស អាចប្រហែលជាមានវត្តមានជាយូរឆ្នាំមកហើយ នៅប្រទេសខ្លះ នៅអាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា វៀតណា ឡាវ និងថៃ។ កូរ៉ូណាវីរុសថ្មី អាចមានវត្តមាន នៅអាស៊ីអាគ្នេយ៍រាប់សិបឆ្នាំមកហើយអ្វីដែល អ្នកជំនាញ បារាំង លើកឡើង គឺថា យោងទៅលើលទ្ធផល ស្រាវជ្រាវខាងលើនេះ គឺថា កូរ៉ូណាវីរុសប្រភេទថ្មី មាននៅក្នុងខ្លួនសត្វប្រចៀវ នៅភាគខាងជើងប្រទេសកម្ពុជាយើង តាំងតែពី ១០ឆ្នាំ មុនម្លេះ។ បើតាមអ្នកជំនាញ ពូជប្រចៀវអំបូរ Rhinolophus shameli គឺមានតែ នៅវៀតណាម ឡាវ ថៃ និងកម្ពុជាយើងទេ៕