ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ណែនាំ​សិស្ស​ថ្នាក់​ទី​១២ និង​សាធារណជន មក​ស្វែងយល់​នូវ​មុខជំនាញ និង​កម្មវិធីសិក្សា​រប​ស់​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន

144

 

​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​តម្រង់ទិស​ជំនាញ​សិក្សា និង​ការងារ​របស់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង លោកគ្រូ អ្នកគ្រូ សិ​ស្សា​នុ សិ​ស្សា​ថ្នាក់​ទី​១២ មកពី​វិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​បងប្អូន​សាធារណជន​សរុប​ទាំងអស់​ប្រមាណ​៤៥០​នាក់ ដោយបាន​ធ្វើការ​អង្គុយ​រក្សា​គំលាត និង​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ ក៏ដូចជា​បង្ហាញជូន​លោកគ្រូ អ្នកគ្រូ និង​សិ​ស្សា នុ​សិ​ស្សា​ថ្នាក់​ទី​១២ និង​បងប្អូន​សាធារណជន​ដែល​ចាប់អារម្មណ៍​ឱ្យបាន​ដឹង​អំពី​មុខជំនាញ និង​កម្មវិធី សិក្សា​របស់​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ដែល​ផ្តល់ជូន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​របស់ខ្លួន និង​ឱកាស​ការងារ​ផ្សេងៗ​នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បន្ទាប់ពី​បានបញ្ចប់​ការសិក្សា នៅក្នុង​វិទ្យាស្ថាន​នេះ​។

​កម្មវិធី​នេះ​មានការ​ចូលរួម​ធ្វើ​បង្ហាញ​ពី​ឯកឧត្តម យិ​ត ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន និង​ឯកឧត្តម វ៉ា​ស៊ីម សុរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អំពី​ជំនាញ និង​តម្រូវការ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន និង​ការធ្វើ​បទ​បង្ហាញ ពី​លោកគ្រូ ឃីម សុខ​ហេង ស្ថា​និក នៃ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ អំពី​ការកំណត់​គោលដៅ និង​ការជ្រើសរើស​ជំនាញ​សិក្សា​ផងដែរ​។

​គួរកត់សម្គាល់​ផងដែរ​ថា​៖ ការបង្កើត​ឲ្យ​មាន​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន គឺជា​ការ បើក​ទំព័រ​ប្រវត្តិសាស្ត្រ ថ្មី​មួយទៀត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯក ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បាន​គិតគូរ​ពី​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ធនធាន មនុស្ស​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ក្នុងសម័យ​ដ៏​រុងរឿង ពោរពេញ​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​វិទ្យាស្ថាន​នេះ​មាន​អគារ​ចំនួន​មួយ​ខ្នង មាន​កម្ពស់​៤​ជាន់ បណ្តោយ​ប្រវែង​៧៤,៥​ម៉ែត្រ និង​ទទឹង​ប្រវែង​១៧ ម៉ែត្រ ក្រោម​ជំនួយ​ពី​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC)​ក្នុងនោះ​៖ មាន​បន្ទប់​សិក្សា​ចំនួន​២៤ បន្ទប់ ការិយាល័យ​រដ្ឋបាល​ចំនួន​៣​បន្ទប់ និង​មន្ទីរពិសោធន៍​ចំនួន​១​បន្ទប់ ដែល​បាន​បំពាក់ និង​ត្រៀម​បំពាក់​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ទំ​នើ​បៗ​ផងដែរ​។​

​ជាងនេះទៅទៀត ដើម្បី​ប្រែក្លាយជា​វិទ្យាស្ថាន​មួយ​ដែលមាន​ស្តង់ដា និង​សមត្ថភាព​ខ្ពស់ ក្នុងការ​ផ្តល់​ជំនាញ​ឯកទេស ប្រកបដោយ​គុណភាព វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន បាន​សហ ការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ ចំណេះដឹង ជំនាញ​ឯកទេស និង​ធនធានមនុស្ស​ទៅវិញទៅមក​ក្នុង​គោលដៅ​រួមគ្នា​ជំរុញ​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​និង​ធ្វើ​ការចែក រំលែក​ចំណេះដឹង​ប្រកបដោយ​ចីរភាព​ដល់​សិស្ស​និស្សិត​និង​បញ្ញវន្ត​ខ្មែរ​។​

​សូម​ជម្រាបជូន​ថា​៖ វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន​ថ្មី​នេះ បានប្រកាស​ជ្រើសរើស និស្សិត​ជំនា​ន់ទី​១ ដោយ​ផ្តល់​ជា​អាហារូបករណ៍​ក្នុងតម្លៃ​សិក្សា ៦០០ ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ (​បញ្ចុះ​ថ្លៃ សិក្សា​ជូន​៥០%​សម្រាប់​លើកទឹកចិត្ត​សិស្ស​នារី​) ចំនួន​៥០​នាក់​ប៉ុណ្ណោះ ដោយ​ត្រូវ​ឆ្លងកាត់​ប្រឡង​តេស្ត​សមត្ថភាព​ជាមុនសិន​។ លក្ខខណ្ឌ​ក្នុងការ​ដាក់ពាក្យ​៖​បេក្ខជន​បេ​ក្ខ​នារី​ត្រូវមាន​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាប័ត្រ​សមមូល (​មានតម្លៃ​ស្មើ​)​។​
​ថ្លែង​ទៅកាន់​អង្គពិធី​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​អាច​ផ្តល់​ការបណ្តុះបណ្តាល​កូន​ខ្មែរ​ឱ្យមាន​សមត្ថភាព​អាច​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​ដោយ​ខ្លួនឯង​ដោយ​មិនចាំបាច់​ពឹងផ្អែក​លើ​ក្រុមហ៊ុន​សាងសង់​របស់​បរទេស​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​នូវ​ដំបូន្មាន​ល្អៗ​ដល់​សិស្សានុសិស្ស​ទាំងអស់​ថា​៖ ត្រូវ​ចេះ​គ្រប់គ្រង​ជោគវាសនា​របស់ខ្លួន​ដោយ​ខ្លួនឯង កុំឱ្យ​អ្នកដទៃ​គេ​មក​គ្រប់គ្រង​ជំនួស​ខ្លួន ត្រូវ​កំណត់​គោលដៅ​ជីវិត​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ឱ្យមាន​កម្រិត​វិជ្ជាជីវៈ​ប្រកបដោយ​សក្កា​នុព​ល ដែល​អាច​ចូលរួមចំណែក​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​ឱ្យ​កាន់​តែមាន ការរីកចម្រើន​ថែមទៀត​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា នឹង​ជួយ​ជំរុញ​សិស្ស​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅក្នុង​វិទ្យាស្ថាន​នេះ ឲ្យ​បាន​ចុះ​ទៅតាម​ការដ្ឋាន​សាងសង់​នានា​ដោយផ្ទាល់​ដើម្បី​ដកស្រង់​បទពិសោធន៍​ជាក់ស្តែង និង​ជួយ​រក​ការងារ​ធ្វើ​នៅក្នុង​វិស័យនេះ​ដោយហេតុថា​ក្រសួង​មាន​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​ទាមទារ​សមត្ថភាព និង​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​យ៉ាងពិត​ប្រាកដ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​មោទនភាព​ជា​អនេក​ដែល​បានឃើញ​សិ​ស្សា​នុ សិស្ស​មក​ចូលរួម​កម្មវិធី​នេះ​យ៉ាងច្រើន​កុះករ ដើម្បី​ស្វែងយល់​កម្មវិធីសិក្សា ក៏ដូចជា​ជំនាញ​បច្ចេកទេស​នៅ ក្នុង​វិទ្យាស្ថាន​នេះ និង​បាន​បន្ថែមទៀតថា​៖ ក្មួយៗ​ពិតជា​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​សម្រាប់​មា​គា​ជីវិត​របស់ខ្លួន​៕

អត្ថបទដែលជាប់ទាក់ទង