ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការ​ខេត្តបាត់ដំបង មាន​វិវាទ​ដីធ្លី​ដ៏​ក្តៅគគុក​ជាមួយ​ស្ត្រី​ម្នាក់ ត្រូវ​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ

52

 

​បាត់ដំបង ៖ លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​នេះ​បាន​ថ្លែងថា លោក សាត គឹម​សាន ស្នងការ​ខេត្តបាត់ដំបង និង​ភរិយា គោរព​ទទួលយក​ដំណោះស្រាយ បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ឈរលើ​គោល​គារ​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ បន្ទាប់ពី​កើតឡើង​អស់​រយៈពេល​ជាង​៣​ឆ្នាំ​។​

​លោក​ថា កាលពី​ម្សិលមិញ​ថ្ងៃទី ២០ កុម្ភៈ លោក​បាន​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ដ៏​ក្តៅគគុក​មួយ ក្រៅ​ប្រព័ន្ធតុលាការ​រវាង​លោក សាត គឹម​សាន និង​ភរិយា​លោកស្រី ឈឺ មុយ​ឆេង ដែលមាន​វិវាទ​ដីធ្លី​ជាមួយ​ឈ្មោះ យូ ធារ៉ា និង​ប្រពន្ធ​ឈ្មោះ បូ សុ​ភី លើ​ទំនាស់​ដី​ផ្ទះ​ទំហំ (២៥​ម​x៧០​ម​) និង​លុយ​ជំពាក់​គ្នា​ពីមុន $13,800 (​បាន​បង់​រួច​) ដែល​នៅសល់ $1,300​។​

​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា តាមពិតទៅ​ក្តីក្តាំ​វិវាទ​ខាងលើ​គឺ​បាន​កើតឡើង​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ ដោយ​ភាគី លោក​សាត គឹម​សាន និង​លោកស្រី ឈឺ មួយ​ឆេង បាន​អះអាងថា​ប្តី​ប្រពន្ធ​ទាំង​២​ខាងលើ​នៅ​ជំពាក់​ប្រាក់​ខ្លួន​ជាង​១​ម៉ឺន​ដុល្លារ ព្រមទាំង​មិន​ព្រម​ប្រគល់​ដី​និង​ផ្ទះ​ដូច​មាន​ទំហំ​ខាងលើ​អោយមក​ភាំ​គី​ម្ចាស់បំណុល ដោយ​សំអាងថា​ភាគី​ប្តី​ប្រពន្ធ​បាន​លក់​ផ្តាច់​មកអោយ​គាត់​អស់ហើយ ដោយមាន​លោក​មេឃុំ​ដែល​ត្រូវជា​ពូ​បង្កើត​របស់​ប្តី​ប្រពន្ធ​ទាំង​២​ជា​សាក្សី​ដឹងឮ​ផងដែរ​។ ប៉ុន្តែ​ចំពោះ​ភាគី​ប្តី​ប្រពន្ធ​ទាំង​២​វិញ​គឺ​បាន​តវ៉ា​ថា ខ្លួន​មិនបាន​លក់​និង​មិន​បានទទួល​ប្រាក់​គ្រប់​ចំនួន​ពី លោក​សាត គឹម​សាន និង​លោកស្រី ឈឺ​មួយ​ឆេង ឡើយ ដូច្នេះហើយ​ទើប​មាន​វិវាទ​កើតឡើង ហើយ​បាន​ប្តឹងផ្តល់​គ្នា​ឡើងទៅ​តុលាការ​យ៉ាង​ក្តៅគគុក​។​

​កន្លងទៅ​ថ្មីៗ​នេះ សាលាឧទ្ធរណ៍​ក៏បាន​កាត់ក្តី​សម្រេច​អោយ​ប្តី​ប្រពន្ធ​ប្អូន យូ ធា​រា ឈ្នះ ហើយ​តម្រូវអោយ​លោកស្នងការ និង​ភរិយា​ប្រគល់​ដី​ផ្ទះ​ទំហំ​ខាងលើ​អោយទៅ​ប្តី​ប្រពន្ធ​ទាំង​២​វិញ​។ ប៉ុន្តែ​លោក សាត គឹម​សាន និង​ភរិយា​មិន​សុខចិត្ត​ហើយ​បានរៀបចំ​សំណុំ​ឯកសារ​និង​ភស្តុតាង​បន្ថែម​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​។ ប៉ុន្តែ​បន្ទាប់ពី​ខ្ញុំ​បាន​ជួប​ភាគី​ទាំងពីរ កាលពី​ម្សិល​ម៉ិ​ញ ហើយ​ក៏បាន​សម្របសម្រួល​អោយមាន​ការយោគយល់​គ្នា​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ រហូត​ឈានដល់​ការ​ផ្តិតមេដៃ​លើ​កិច្ចសន្យា​បញ្ចប់​វិវាទ ដោយ​ភាគី លោក​លោក សាត គឹម​សាន និង​លោកស្រី ឈឺ មុយ​ឆេង យល់ព្រម​លះបង់​ឈប់​ប្តឹងផ្តល់​ទៅ​កំពូល ហើយ​សុខចិត្ត​ប្រគល់​ដី​ផ្ទះ​ព្រមទាំង​ប្រាក់​ដែល​ប្តី​ប្រពន្ធ​នៅ​ជំពាក់ $១,៣០០ អោយទៅ​ប្តី​ប្រពន្ធ​ទាំង​២​ថែម​ទៀតផង ព្រោះ​បានឃើញ​ពី​ស្ថានភាព​ជីវភាព​រស់នៅ​ដ៏​លំបាក​របស់​ប្តី​ប្រពន្ធ​ទាំង​២ ក្នុងការ​ចិញ្ចឹម​ថែរក្សា​ក្រុមគ្រួសារ​និង​កូន​២​នាក់​ក្នុងបន្ទុក​។ ទន្ទឹមនឹង​នេះដែរ ចំពោះ​ភាគី​ប្តី​ប្រពន្ធ យូ ធា​រា ក៏បាន​សុំទោស​ដល់​ភាគី លោក សាត គឹម​សាន និង​ភរិយា ចំពោះ​ការប្រើ​ពាក្យសំដី​មិន​សមរម្យ​កន្លងមក និង​កំហុសឆ្គង​រួមទាំង​ការ​មួលបង្កាច់ ជេរប្រមាថ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ លោក សាត គឹម​សាន និង​ភរិយា ហើយ​សន្យា​នឹង​រាប់អាន​គ្នា​រស់នៅ​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម​ដោយ​គ្មាន​ការតវ៉ា ទាមទារ និង​ចងគំនំ​នឹង​គ្នា​។ ការគោរព​ប្រតិបត្តិ​តាម​គោលការណ៍​ឈ្នះៗ​សម្តេច​តេ​ជោ របស់លោក​ស្នងការ​ខេត្តបាត់ដំបង​គឺជា​គំរូ​ល្អ​មួយ​សម្រាប់​មន្ត្រី​មានអំណាច​ដទៃទៀត ដែល​គួរ​ទទួលយក​ដំណោះស្រាយ​តាម​គោលការណ៍​ឈ្នះៗ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​។​

​លោក បាន​ថ្លែងថា ខ្ញុំ​អរគុណ​គ្រួសារ​ប្អូន យូ ធារ៉ា និង​អរគុណ​លោកស្នងការ​នគរបាល​ខេត្តបាត់ដំបង សាត គឹម​សាន និង​ភរិយា ដែល​បានជ្រើសរើស​ដំណោះស្រាយ​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ឈរលើ​គោល​ការ​ឈ្នះ​ឈ្នះ​សម្តេច ប្រកបដោយ​គុណធម៌​និង​មេត្តាធម៌​ដែល​បាន​ឈានដល់​ការបញ្ចប់​វិវាទ​ដ៏​ក្តៅ​មួយ​នេះ​បាន​ចប់​ជា​ស្ថាពរ​។ ខ្ញុំបាទ​ក៏​សូម​គោរព​អរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល​បានផ្តល់​ឱកាស​ដល់​ខ្ញុំបាទ បាន​ចូលរួម​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ជូន​ប្រជាពលរដ្ឋ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​។​

​ពិតណាស់ យើង​ចូលរួម​ដោះស្រាយ​បញ្ហា​វិវាទ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ មិន​អាង​ទៅលើ​តួនាទី​បុណ្យស័ក្តិ​តូចធំ ដើម្បី​សេចក្តីសុខ​របស់​យើងទាំងអស់គ្នា​នៅក្រោម​ម្លប់​សន្តិភាព ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕

អត្ថបទដែលជាប់ទាក់ទង