រថយន្តម៉ាក ford បើកបុកម៉ូតូ របួសធ្ងន់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តfordបុកម៉ូតូឌ្រីមសង់បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ រង់ចាំដោះស្រាយជាមួយជនរងគ្រោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យទី២១ខែកុម្ភៈឆ្នាំ២០២១ស្ថិតតាមបណ្ដោយផ្លូវសលាដែក ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តសេរីទំនើបម៉ាកfordមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ2BM 7855 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូឌ្រីមសង់២០១៦ឡើងតែម២០១៩ ពណ៌ខ្មៅពាក់ផ្លាកលេខកំពត1L 1212 ជិះដោយយុវជនម្នាក់ក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ចំពីចំហៀងម៉ូតូខាងស្ដាំបណ្ដាលឲ្យប៉ើងម៉ូតូទៅជាប់នឹងបង្គោលធានាគាររងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕