បេសកកម្ម រត់សប្បុរសធម៌ របស់លោក សាយ ដើម្បីការថែរក្សាការពារវប្បធម៌ជាតិ
ភ្នំពេញ៖ បេសកកម្មដ៏ធំសម្បើមគឺកម្មវិធីរត់ដើម្បីសប្បុរសធម៌ ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាស
ថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គររបស់លោក សាយ ដែលមានឈ្មោះដើមថា អួន បឋម បាន បញ្ចប់ទៅដោយជោគជ័យ។ ថ្មីៗនេះលោកបានបង្ហើប ពីការត្រៀមធ្វើបេសកកម្មថ្មីមួយទៀតហើយ ដើម្បីបំផុសស្មារតីយុវជនគ្រប់រូប ឲ្យចេះស្រលាញ់ និងថែរក្សាវប្បធម៌ជាតិ។
លោក សាយ បានរៀបរាប់នៅថ្ងៃនេះថា៖ ការ ស្រលាញ់វប្បធម៌ មិនមែនស្រលាញ់គ្រាន់តែនិយាយឲ្យរួចពីមាត់នោះទេ ការរក្សាវប្បធម៌ក៏មិនមែនគ្រាន់តែរក្សានៅតែក្នុងចិត្តនោះដែរ គឺត្រូវបង្ហាញការគោរព ការស្រលាញ់ ដោយការអនុវត្ត ការបង្ហាញការចូលរួមគាំទ្រ ការលើកតម្កើងវប្បធម៌ជាតិរបស់ខ្លួន ការជួយផ្សព្វផ្សាយ និងការថែរក្សានូវវប្បធម៌ជាតិ ឲ្យបានគង់វង្សស្គាល់ដល់យុវជនជំនាន់ក្រោយដោយ មោទកភាព ។ ជាមួយគ្នានោះ សិល្បករដែលទទួល បានការគោរព ស្រឡាញ់ និងចូលចិត្តខ្លាំងពីសំណាក់មហាជនតាមរយៈការធ្វើទង្វើសប្បុរសធម៌រួមចំ ណែកជួយដល់សង្គមរូបនេះ បានបន្តដោយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ និងយុវជន ឲ្យមានស្មារតីខ្ពស់ក្នុងការថែរក្សាវប្បធម៌ឲ្យបានគង់វង្សដូច្នេះ ខ្ញុំបាទ សាយ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបអោយស្រលាញ់វប្បធម៌ជាតិ បេតិកភណ្ឌជាតិ និងចូលរួមថែរក្សាវប្បធម៌ជាតិទាំងអស់គ្នា។ វប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន រត់ជាមួយសាយ រត់ដើម្បីទិវាវប្បធម៌ជាតិ ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ ។ ការបញ្ជាក់នេះទទួលបាន សារគាំទ្រលើកទឹកចិត្តច្រើនអមដោយក្តីរំភើបនៃការប្រកាសបំផុសឲ្យយុជនជខ្មែរងាកមកចាប់អារម្មណ៍នឹងវប្បធម៌ជាតិ។. មហាជនរំពឹងដែរថាការតាំងចិត្ត និងប្រកាសពីសិល្បករដ៏មានឥទ្ធិពលនេះនឹងក្លាយជាចលករជំរុញឲ្យមានការគិតគូរឡើងវិញពីសិល្បៈវប្បធម៌ជាតិ៕ សំរិត