ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីបង្ហាញមោទនភាពដែលកងកំលាំងសមត្ថកិច្ចទាំងអស់, រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អ

112


ភ្នំពេញ៖ក្នុងកិច្ចប្រជុំបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងកោតសរសើរ ដល់កងកម្លាំងទាំងអស់ដែលការពារសន្តិសុខសណ្ដាប់​ធ្នាប់សុវត្ថិភាពក្នុងដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញមោទនភាព​ដែលកងកំលាំងសមត្ថកិច្ចរួមមានកងនគរបាល​នៃស្នងការដ្ឋាននគរបាលរាជធានី​ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ និងកងកម្លាំងនៃកងពលតូចលេខ៧០បានរួមគ្នា ជាមួយអាជ្ញាធរដែនដីខណ្ឌទាំង១២ ដែលបានខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញបានល្អប្រសើរជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ២០១៨នេះ នៅសាលារាជធានីភ្នំពេញ។
ក្រោយកិច្ចប្រជុំលោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ក្រុមអ្នកយកព័ត៍មានថា៖ ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖សន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ ប្រជាពលរដ្ឋគ្រប់រូប មិនអាចខ្វះបាន អ្នកណាសុទ្ធតែត្រូវការសន្តិសុខទាំងអស់”។ លោកបានបញ្ជាក់ទៀតថា៖ពិសេសក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូន​ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ និងបាន ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ដោយសារតែរដ្ឋបាលរាជធានីរក្សាបានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ។អ្នកនាំពាក្យបន្តថា៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅបានបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោង លើ២៤ម៉ោងមិនមែនតែការបោះឆ្នោតនោះទេក្រោយបោះឆ្នោតក៏នៅបន្តរក្សាការងារនេះ ជូនប្រជាពលរដ្ឋឱ្យបានល្អជាប្រចាំ។
ក្នុងនោះលោក ម៉េត មាសភ័ក្ដី បានអះអាងទៀតថា៖ក្នុងកិច្ចប្រជុំនេះលោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត នៅរាជធានីភ្នំពេញទាំងមូលមិនមាន អំពើហឹង្សាណាកើតឡើងនោះទេហើយគណបក្សនយោបាយ ទាំង២០ដែលធ្វើសកម្មភាពនៅភ្នំពេញគឺមាន ភាពចាស់ទុំផ្នែកនយោបាយ គឺមិនបានប្រើពាក្យសំដី ដែលធ្វើឱ្យប៉ះពាល់ទៅដល់គណបក្សនិមួយៗនោះទេ”។ ទោះបីជាសន្តិសុខសណ្តាប់ធ្នាប់មានភាពរលូនយ៉ាងណាក៏ដោយ លោក ឃួង ស្រេង នៅតែណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១២ កម្លាំងនគរបាលស្នងដ្ឋាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ត្រូវតែបន្តពង្រឹកផ្នែកសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរជាប្រចាំ។ លោកអភិបាលខណ្ឌទាំង១២ ត្រូវធ្វើសេចក្តីរាយការមកគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។
ក្នុងកិច្ចប្រជុំនោះដែរពាក់ព័ន្ធបញ្ហា​ការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ​លោកអភិបាលរាជធានីបានឱ្យបន្តយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់ផ្លូវទាំង១១ខ្សែឱ្យម៉ឹងមាត់បន្ថែមទៀត ដាក់កងកម្លាំងនិងរថយន្តស្ទូចប្រចាំការដើម្បីស្ទូចរថយន្តណា ដែលមិនគោរពហើយ ចតអាណាធិបតេយ្យនៅតាមដងផ្លូវទាំង១១ខ្សែនេះ៕

អត្ថបទដែលជាប់ទាក់ទង