ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​សាធារណការ កំពុង​ត្រៀម​រៀបចំ​ពិធី​បើក​បវេសនកាល​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៅ​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន

40

 

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ឯកឧត្តម យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​បើក​បវេសនកាល​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៅ​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ទទួលបន្ទុក និង​មន្ត្រី​ជំនាញ​ដោយផ្ទាល់​នៅក្នុង​សាលប្រជុំ និង​ការអញ្ជើញ​ចូលរួម​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ផងដែរ​។

​កិច្ចប្រជុំ​នេះ​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​រួមមាន​៖ ការប្រកាស​សមាសភាព​សមាជិក​សមាជិកា​គណៈ កម្ម​ការ​សម្រាប់​ដឹកនាំ​គ្រប់គ្រង ចាត់ចែង និង​សម្របសម្រួល​ក្នុងការ​រៀបចំ​ពិធី​បើក​បវេសនកាល​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៅ​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន​។​

​ជាមួយគ្នា​នោះ អង្គ​ប្រជុំបាន​ពិភាក្សា​ផងដែរ​លើ​នីតិវិធី​នៃ​ការត្រៀម​រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស និស្សិត​ចូលរៀន​ដោយ​តម្លាភាព លទ្ធភាព​នៃ​ការប្រឡង​ជ្រើសរើស​តាម​អន​ឡាញ ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ការដាក់​ពាក្យ​ប្រឡង កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ប្រឡង និង​ការប្រកាស​លទ្ធផល​ប្រឡង​ផងដែរ​។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​ស្នើឱ្យ​សមាជិក​សមាជិកា​គណៈកម្មកា​រ​សម្រាប់​ដឹកនាំ គ្រប់គ្រង ចាត់ចែង និង​សម្របសម្រួល​ក្នុងការ​រៀបចំ​ពិធី ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់ខ្លួន​ទៅតាម​ការបែងចែក​ភារកិច្ច និង​ការទទួលខុសត្រូវ​ឱ្យបាន​ម៉ត់ចត់ ដើម្បី​ត្រៀម​រៀបចំ​ពិធី​នេះ​ឱ្យ​ដំណើរការ​ទៅដោយ​រលូន​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។

​សូម​ជម្រាបជូន​ថា​៖ វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។

​វិទ្យាស្ថាន​នេះ ទទួលបាន​ការអនុញ្ញាត​ពី ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​ផ្តល់​ការបណ្តុះបណ្តាល​គ្រប់​កម្រិត ចាប់ពី​កម្រិត​ជំនាញ​បច្ចេកទេស (​វគ្គ​ខ្លីៗ​រយៈពេល​សិក្សា​ក្រោម​១​ឆ្នាំ ឬ​១​ឆ្នាំកន្លះ​) កម្រិត​មធ្យម​បច្ចេកទេស​ជាន់ខ្ពស់ បរិញ្ញាបត្រ (​វិស្វករ បញ្ញា​ប​ត្រ​+១) និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដោយមាន​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុង​គោលដៅ​រួមគ្នា​ជំរុញ​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ធ្វើការ​ចែករំលែក​ចំណេះដឹង​ប្រកបដោយ​ចីរភាព​ដល់​សិស្ស និស្សិត និង​បញ្ញវន្ត​។

​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គឺជា​ស្ថាប័នរដ្ឋ មាន​តួនាទី​បណ្តុះបណ្តាល ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស​ឱ្យមាន​ចំណេះដឹង សមត្ថភាព គុណធម៌ និង​ប្រកាន់ខ្ជាប់​វិជ្ជាជីវៈ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង