ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជម្រុញអោយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក ត្រៀមលក្ខណៈ ឱ្យបានគ្រប់គ្រាន់ក្នុងការ ជួយសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋ ដោយទឹកជំនន់

73

 

ភ្នំពេញ៖ ស្របពេលដែលទឹកជំនន់ទន្លេ នៅតែជាបញ្ហាប្រឈមនូវឡើយនោះ អភិបាលនៃគណៈអភិរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជម្រុញអោយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែកត្រូវ ត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ក្នុងការជួយសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតាមដងទន្លេ។

ការជម្រុញបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែសីហា នេះនៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញបានឱ្យដឹង នៅក្រោយកិច្ចប្រជុំនេះថា ក្នុងកិច្ចប្រជុំនោះ អភិបាលរាជធានីលោក ឃួង ស្រេង បានមានប្រសាសន៍ថា បញ្ហាទឹកជំនន់ទន្លេ គឺជាកង្វល់មួយ របស់រដ្ឋបាលរាជធានីភ្នំពេញ  ដែលទាមទារឱ្យមាន ការយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់ផ្នែក ពិសេសបញ្ហាបាក់ច្រាំងទន្លេ ដោយត្រូវត្រៀមលក្ខណៈ ឱ្យបានល្អ សម្រាប់ចាត់វិធានការបន្ទាន់ នៅពេលមានករណីណាមួយ កើតឡើង ត្រូវធានាបានក្នុងការសង្រ្គោះ អាយុជីវិត ឬ បង្ការមិនឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិត របស់ប្រជាពលរដ្ឋនោះឡើយ គឺត្រូវចុះតាមដាន នូវស្ថានភាពទឹកជាប្រចាំ ពិសេសខណ្ ឌដែលនៅតាមដងទន្លេ។

ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរាជធានីបានស្នើ ឱ្យមន្ត្រីជំនាញពាក់ព័ន្ធផ្តល់សេវា តាមច្រកចេញចូលតែមួយ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការផ្តល់សេវាកម្ម ជូនប្រជាពលរដ្ឋ តាមគោលការណ៍ណែនាំ នៅគ្រប់សង្កាត់ ដោយមិនឱ្យមានការរាំងស្ទះណាមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់នោះទេ។ បន្ថែមពីនេះ លោកអភិបាលក៏បានស្នើឱ្យ ស្នងការនគរបាល ចេញសេចក្តីជូនដំណឹង ឱ្យគ្រប់យានយន្តទាំងអស់ ជាពិសេសចំពោះម៉ូតូកង់បី ឱ្យទៅចុះបញ្ជីដោយទុក រយៈពេលសមស្របណាមួយ ដើម្បីគ្រប់គ្រងឱ្យបានគត់មុត នៅពេលមានករណីណាមួយកើតឡើង។

លោក អភិបាលរាជធានី ក៏បានបញ្ជាក់ផងដែរថា នៅពេលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញមោទនៈភាព ដែលកងកំលាំងសមត្ថកិច្ចរួមគ្នា ជាមួយអាជ្ញាធរដែនដី ខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ បានល្អប្រសើរជូនប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង