ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ យុទ្ធសាស្ត្រ នយោបាយ របស់ សម រង្ស៊ី ជាង ២០ឆ្នាំ ដល់ទីបញ្ចប់ហើយ

196

ភ្នំពេញ៖ បន្ទាប់ពីវិលត្រឡប់មកពីប្រទេសបារាំង លោកសមរង្ស៊ី បានចេញធ្វើនយោបាយ ក្នុងគណបក្សហ៊្វុនស៊ិនប៉ិច។ នៅឆ្នាំ១៩៩៣ លោកសមរង្ស៊ី បានជាប់ឆ្នោតជាតំណាងរាស្ត្រ និងបានធ្វើជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក៏ប៉ុន្តែអាណត្តិជាតំណាងរាស្ត្រ និងជារដ្ឋមន្ត្រី ក្នុងអាណត្តិទី១ មិនបាន ២ឆ្នាំស្រួលបួលផង ដោយសារតែមហិច្ឆតា កែទម្រង់តាមទំនើងចិត្ត និងបត់លឿនពេក របស់លោក សម រង្ស៊ី ដែលជាកូនអភិជន មកពីស្រុកបារាំងនោះ ក៏នាំឲ្យលោក ត្រូវបានរាជរដ្ឋាភិបាល ដកតំណែង ហើយក៏ត្រូវបាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តេញចេញពី គណបក្សហ៊្វុនស៊ិនប៉ិច ថែមទៀត។

ចេញពីហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩៥ លោកសមរង្ស៊ី បានដឹកនាំអ្នកនយោបាយ ក្នុងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សរបស់លោកតាសឺនសាន ចេញបង្កើតគណបក្សថ្មី និងដាក់ឈ្មោះខ្លួនឯង ហើយចូលរួមប្រកួតប្រជែង ការបោះឆ្នោតជាតិ នៅឆ្នាំ១៩៩៨។ រាប់ចាប់ពីឆ្នាំ១៩៩៨ គណបក្សរបស់លោកសមរង្ស៊ី ទទួលបានសំឡេងឆ្នោត ភាគតិចនៅរដ្ឋសភា។ ពី ១៥ កៅអី នៅឆ្នាំ១៩៩៨ មក ២៤ កៅអី នៅឆ្នាំ២០០៣ និងឡើងដល់ ២៦ កៅអី នៅឆ្នាំ២០០៨ និងនៅពេលចាប់ដៃជាមួយលោកកឹមសុខា បង្កើតគណបក្សសង្គ្រោះជាតិ ក៏កើនបានដល់ ៥៥ កៅអី។

ដូច្នេះ រាល់ការបោះឆ្នោតកន្លងមក គឺលោកសមរង្ស៊ី ដឹកនាំគណបក្សប្រឆាំង ជួបតែបរាជ័យជាង ២០ឆ្នាំមកនេះ។ ជាងនេះទៅទៀត ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ថ្មីៗនេះ បានឆ្លុះបញ្ចាំងពីនយោបាយ របស់លោកសមរង្ស៊ី ជាង ២០ឆ្នាំ ដល់ទីបញ្ចប់ ទោះបីជាគាត់ ខំតស៊ូតាមវិធីណា ក៏ត្រូវចប់ដែរ។ ការខិតខំរបស់លោកសមរង្ស៊ី ជាការខិតខំមួយដែលបរាជ័យ គឺបរាជ័យយុទ្ធសាស្ត្រធ្ងន់ធ្ងរ។ កំហុសរបស់លោកសមរង្ស៊ី នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ គឺទី១-កំហុសដាក់ចេញនូវយុទ្ធសាស្ត្រ មិនឲ្យបក្សដទៃទៀត ចូលរួមការប្រកួត។ ដល់អីចឹង វាធ្វើឲ្យសំឡេងឆ្នោត បានមកលើគណបក្ស ប្រជាជនកម្ពុជាទាំងអស់។ នេះជាការខុសឆ្គងធ្ងន់ធ្ងរធំណាស់ ដែលខ្លួនឯងមិនធ្វើ ក៏មិនឲ្យអ្នកដទៃធ្វើ។ ទី២-ការធ្វើប្រជាមតិ ដោយមិនឲ្យប្រជាជនកម្ពុជា ទៅបោះឆ្នោត ឬហៅគេថា “ដេកផ្ទះ ឈ្នះស្អាត” ស្អីគេនោះ!។ អានឹងក៏ខុសដែរ ពីព្រោះលទ្ធផល មានតែ ១៦,០៨% ដែលមិនទៅបោះឆ្នោត។ អីចឹង មានន័យថា ប្រជាមតិរបស់សមរង្ស៊ី គឺចាញ់ធ្ងន់ណាស់។

សមរង្ស៊ី កន្លងមក លើកឡើងអាក្រក់ច្រើន តែពីគណបក្សប្រជាជនកម្ពុជា ថាពុករលួយ ឬក៏ផ្តាច់ការ បក្សពួកនិយមអីជាដើម។ ប៉ុន្តែដល់ពេលប្រកួតបោះឆ្នោត តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣ សមរង្ស៊ី មិនដែលឈ្នះសម្តេចតេជោ ហ៊ុនសែន របស់គណបក្សប្រជាជនកម្ពុជា។ បន្តដល់ឆ្នាំ២០១៨ ដែលសមរង្ស៊ី មិនបានប្រកួតក្នុងសៃវៀន ក៏សមរង្ស៊ី ប្រកួតក្រៅសៃវៀន នៅក្រៅប្រទេស ហើយ សម រង្ស៊ី នៅតែចាញ់គណបក្សប្រជាជនកម្ពុជាទៀត។ ដូច្នេះ សម រង្ស៊ី ខ្សោយ ប្រកួតមិនឈ្នះសម្តេចហ៊ុនសែន របស់គណបក្ស ប្រជាជនកម្ពុជា ៤-៥អាណត្តិហើយ គឺបរទេសលែងរាប់រក ហើយត្រូវបណ្តេញចេញ ដោយគេលែងឲ្យតម្លៃតទៅទៀត ហើយផ្ទៃក្នុងគណបក្សខ្លួនឯង ក៏មិនឲ្យតម្លៃដែរ។

នៅពេលនេះ ក្រុមប្រឆាំង ចាប់ផ្តើមរកតួថ្មី ដើម្បីបន្តវេន ដោយប្តូរទង់មេបក្សប្រឆាំង ទៅឲ្យអ្នកផ្សេង លែងជា សម រង្ស៊ី ហើយ ពីព្រោះ សម រង្ស៊ី បើសម្រាប់បរទេស កាលណា មេបក្សបរាជ័យអីចឹង គឺគេឈប់ឲ្យតម្លៃ។ យើងឃើញហើយថា ចំពោះ សម រង្ស៊ី គឺបាត់ទំនាក់ទំនងជាមួយបរទេសភ្លាម នៅក្រោយការបោះឆ្នោត។ សម រង្ស៊ី មិនអាចទៅជួបបរទេសណាមួយបានទេ។ បរទេស គេឈប់និយាយរកសមរង្ស៊ីទៀតហើយ។ នេះជាភាពជាក់ស្តែង ទោះបីជានយោបាយរបស់ សម រង្ស៊ី ខំបន្លំ ឬក៏ខំធ្វើឫក អីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែជាភាពជាក់ស្តែង របស់បរទេស វាមិនដែលឲ្យតម្លៃនរណាមួយ ដែលបរាជ័យនោះទេ។ អាហ្នឹងគឺច្បាស់តែម្តង។ បើជីវិតនេះ បរាជ័យហើយ គេឈប់រាប់រកហើយ។ នយោបាយរបស់ សម រង្ស៊ី គឺបរាជ័យខ្លួនឯង។ ជាការតស៊ូមួយ ដែលខុសយុទ្ធសាស្ត្រ ហើយបរាជ័យ។

ទី២-កម្លាំងប្រឆាំង ពេលនេះ ចាប់ផ្តើមងាកទៅរកកូនស្រី របស់ កឹម សុខា ឬក៏លោកស្រី មូរសុខហួរ ដើម្បីឲ្យបន្ត ស្នងដឹកនាំគណបក្សប្រឆាំង នៅឆ្នាំ២០២៣។ តែអាចជាកូនស្រី របស់លោក កឹម សុខា ច្រើនជាង ដើម្បីបោះទង់ចលនាប្រឆាំង ទៅឲ្យ កឹម មនោវិទ្យា ដែលជាកូនស្រីច្បង របស់លោក កឹម សុខា ដើរតួប្រឆាំងបន្ត។

ចលនាប្រឆាំងសមរង្ស៊ី ចាប់ផ្តើមមុនគេ នៅប្រទេសអូស្ត្រាលី ដឹកនាំដោយលោក ហុង លីម អ្នកតំណាងរាស្ត្រ នៅរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលី។ លោកហុងលីម បានហៅលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ថាជាមេដឹកនាំ ចលនាតស៊ូបរាជ័យមួយរូប ដែលលោក សម រង្ស៊ី គួរតែហ៊ាន ចុះចេញពីតំណែង ហើយប្រគល់ ទង់ចលនាតស៊ូ ទៅឲ្យកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ជំនួសវិញ។

ការលើកឡើងរបស់លោក ហុង លីម ដែលជាអ្នកកំពុងធ្វើសកម្ម ជួយជ្រោមជ្រែង ចលនាតស៊ូមតិរបស់កញ្ញា កឹម មនោវិទ្យា នៅក្នុងប្រទេសអូស្ត្រាលី បានធ្វើឡើង ក្នុងបទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី លើប្រធានបទនៃដំណើរតស៊ូមតិ ស្វែងរកការគាំទ្រ ពីបរទេស មិនឲ្យគាំទ្រការបោះឆ្នោតនៅកម្ពុជា ដែលបានចាក់ផ្សាយ កាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨។

ដូច្នេះសរុបទៅ សម រង្ស៊ី អស់ផ្លូវមែនទែនហើយ។ លោក សម រង្ស៊ី ក្រោយពីបានលាលែង ពីប្រធានគណបក្សសង្គ្រោះជាតិ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ហើយនៅពេលនេះទៀត ក្រោយការបោះឆ្នោត សម រង្ស៊ី ក៏លែងមានបរទេសរាប់រក ខណៈផ្ទៃក្នុងបក្ស ក៏អស់ជំនឿ ឈប់ឲ្យតម្លៃទៀតដែរ។ ពួកគេបានងាករកឈាមថ្មី ជាអ្នកបន្តវេន ដើរតួជាអ្នកប្រឆាំង ដើម្បីត្រៀមខ្លួន ចូលប្រជែងនយោបាយនៅកម្ពុជា នាការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣ ខាងមុខវិញម្តង៕

អត្ថបទដែលជាប់ទាក់ទង